ក្រុមអ្នកសង្កេតការណ៍ខ្មែរនៅឯនាយសមុទ្រ ទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពន្យល់រឿងតម្លៃធ្វើតេស្ដរកមេរោគ Covid-19 នៅមន្ទីរពេទ្យឯកជនឲ្យបានច្បាស់លាស់ បើមិនដូច្នោះទេ នឹងនាំឲ្យមានការសង្ស័យថា គ្រួសារត្រកូល ហ៊ុន កំពុងប្រព្រឹត្តអំពើពុករលួយកេងប្រវ័ញ្ចលើខ្នងរាស្រ្តខ្មែរក្រីក្រក្នុងពេលដែលប្រទេសកំពុងជួបគ្រោះអាសន្ន។
អ្នកវិភាគនយោបាយ និងសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី១៦ ខែសីហា ថា ការបំភ្លឺរបស់ប្រមុខរដ្ឋាភិបាលកម្ពុជានៅមានចំណុចគួរឲ្យសង្ស័យជាច្រើនអំពីការប្រព្រឹត្តអំពើពុករលួយទាក់ទងទៅនឹងការចោទសួររបស់ពលរដ្ឋ អំពីការធ្វើតេស្ដរកវីរុស Covid-19 យកតម្លៃខ្ពស់នៅមន្ទីរពេទ្យឯកជន។
លោកអះអាងថា ការបកស្រាយរបស់លោក ហ៊ុន សែន ចំពោះសំណួររបស់ប្រជាពលរដ្ឋ គឺត្រូវតែមួយករណីប៉ុណ្ណោះ គឺករណីសម្លៀកបំពាក់ពេទ្យមានតម្លៃខ្ពស់។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីត្រូវតែបកស្រាយឲ្យបានច្បាស់ជាងនេះថា តើឈុតការពារនោះក្រោយធ្វើតេស្ដរកឃើញថាវិជ្ជមាន ឬអវិជ្ជមានពីវីរុស Covid-19 នឹងត្រូវបោះចោលដូចឧបករណ៍យកសំណាកដែលគេប្រើតែមួយដងដែរឬយ៉ាងណា?
លោក គឹម សុខ បញ្ជាក់ថា តើសម្លៀកបំពាក់មួយឈុតមានតម្លៃប៉ុន្មាន? តើជាសម្លៀកបំពាក់មានគុណភាពស្តង់ដារវេជ្ជសាស្ត្រឬទេ ព្រោះកន្លងមកបានលេចធ្លាយមានព័ត៌មានថាសម្លៀកបំពាក់ដែលក្រុមគ្រូពេទ្យប្រើកន្លងមកនេះ គ្មានស្តង់ដារវេជ្ជសាស្ត្រត្រឹមត្រូវទេ ទោះបីបុគ្គលិកសុខាភិបាលអាចតស៊ូពាក់ការពារខ្លួនក្នុងរយៈពេលមួយក៏ដោយ។
ការរិះគន់របស់អ្នកវិភាគរូបនេះ ធ្វើឡើងបន្ទាប់ពីប្រមុខដឹកនាំកម្ពុជាបានឆ្លើយនឹងសំណួររបស់ពលរដ្ឋកាលពីពេលថ្មីៗនេះអំពីតម្លៃនៃការធ្វើតេស្ដនៅតាមកន្លែងព្យាបាលឯកជន ថាមានតម្លៃខ្ពស់ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីហាក់ផ្ដល់ចម្លើយនៅមានករណីស្រពេចស្រពឹលនៅឡើយ។
កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ប្រជាពលរដ្ឋបានចូលទៅសួរក្នុងប្រអប់បញ្ចេញមតិលើទំព័រ Facebook របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាហេតុអ្វីបានជាពេទ្យឯកជនធ្វើតេស្ដរកមេរោគ Covid-19 ថ្លៃម្ល៉េះ? ភ្លាមៗនោះ លោក ហ៊ុន សែន ក៏បានឆ្លើយក្នុងប្រអប់បញ្ចេញមតិនោះថា គាត់ក៏ធ្លាប់បានសួររឿងនេះដែរ។ លោក ហ៊ុន សែន បញ្ជាក់ថា ផ្នែកឯកជនមិនមែនគិតតម្លៃតែទៅលើឧបករណ៍ធ្វើតេស្ដតែមួយមុខនោះទេ គឺគិតទាំងសម្លៀកបំពាក់ដែលពាក់សម្រាប់ធ្វើតេស្ដផងដែរ។
លោក គឹម សុខ លើកឡើងថា ចម្លើយនេះគឺសមហេតុសមផល ព្រោះថាពេលធ្វើតេស្ដត្រូវពាក់ខោអាវពេទ្យដើម្បីការពារខ្លួនអ្នកធ្វើតេស្ដនោះ ដើម្បីការពារការចម្លងមេរោគ។ តែយ៉ាងនេះក្តី លោក ហ៊ុន សែន បញ្ជាក់ថា ប្រសិនយល់ថាពេទ្យឯកជនថ្លៃ សូមទៅយកសំណាកធ្វើតេស្ដនៅពេទ្យរដ្ឋដែលបានរៀបចំវិញចុះ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កន្លងទៅ ក្រសួងសុខាភិបាលបានចេញសារាចរណែនាំស្ដីពីវិធានការរួមចំណែកកាត់បន្ថយការរីករាលដាលនៃជំងឺ Covid-19 ដោយប្រើវិធានការមួយចំនួន ក្នុងនោះក្រសួងបានណែនាំឲ្យមន្ទីរពេទ្យឯកជន និងគ្លីនិកទាំងអស់ត្រូវផ្តល់សេវា និងធ្វើតេស្ដរហ័សដល់ប្រជាពលរដ្ឋក្នុងតម្លៃទាបសមរម្យដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល។
ជុំវិញបញ្ហានេះ ក្រសួងសុខាភិបាល កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បានចេញលិខិតណែនាំទៅដល់បណ្តាអង្គភាព និងបុគ្គលិកសុខាភិបាលក្រោមឱវាទ ស្ដីពីការមិនគិតថ្លៃសេវាលើការធ្វើតេស្ដរកមេរោគ Covid-19 ពីពលរដ្ឋដែលបានទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈរបស់ពួកគេ។
ជុំវិញការទប់ស្កាត់ការឆ្លងវីរុស Covid-19 នេះ ក្រសួងសុខាភិបាលក៏បានបង្ហាញរបាយការណ៍អំពីអ្នកឆ្លងវីរុស Covid-19 នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ផងដែរថា ក្រសួងបានរកឃើញអ្នកឆ្លងវីរុស Covid-19 ថ្មីចំនួន ៥៥៦នាក់ និងអ្នកជាសះស្បើយថ្មីចំនួន ៧១៦នាក់ ខណៈអ្នកស្លាប់ថ្មីមានចំនួន ១៤នាក់។
ក្រសួងបញ្ជាក់ថា មកទល់នឹងពេលនេះ អ្នកឆ្លងវីរុស Covid-19 សរុបបានកើនឡើងដល់ជាង ៨ម៉ឺន ៦ពាន់នាក់ហើយ និងអ្នកដែលជាសះស្បើយសរុបមានចំនួនជាង ៨ម៉ឺន ១ពាន់នាក់ ដោយឡែកអ្នកស្លាប់សរុបបានកើនឡើងជាង ១៧០០នាក់ហើយ៕