34 C
Phnom Penh

ពលរដ្ឋ​ពីរ​ភូមិ​នៅ​សង្កាត់​វាលស្បូវ​ស្នើ​អាជ្ញាធរ​បញ្ឈប់​អាជីវកម្ម​ខ្សាច់​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​មូលដ្ឋាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ចំនួន​ពីរ​ភូមិ​ដែល​មាន​លំនៅឋាន​អម​សងខាង​ផ្លូវ​បេតុង​មួយ​ខ្សែ​ស្ថិត​ក្នុង​ភូមិ​ស្វាយតាអុក១ និង​ភូមិ​ព្រែកជាងព្រំ នៃ​សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បាន​នាំគ្នា​រអ៊ូរទាំ​ថា​មាន​ក្រុមហ៊ុន​លក់​ខ្សាច់​មួយ​កន្លែង​បាន​យក​ផ្លូវ​សាធារណៈ​ធ្វើ​អាជីវកម្ម​ដឹក​ខ្សាច់​តាំង​ពី​ព្រលឹម​ទល់​ព្រលប់ នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន បំផ្លាញ​ផ្លូវ ប៉ះពាល់​ដល់​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត និង​ការរស់នៅ​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​យ៉ាង​ធ្ងន់ធ្ងរ។

ក្រុម​ពលរដ្ឋ​បញ្ជាក់​ថា ករណី​នេះ​ពួកគាត់​ធ្លាប់​បាន​ប្តឹង​ទៅ​មេភូមិ និង​ចៅសង្កាត់​ម្តង​ជា​ពីរ​ដង​រួច​មក​ហើយ ដើម្បី​ស្នើ​ឲ្យ​ជួយ​រក​ដំណោះស្រាយ​អំពី​ផល​ប៉ះពាល់​ពី​ការ​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ដឹក​ខ្សាច់​មួយ​នេះ ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២១ នេះ នៅតែ​គ្មាន​ដំណោះស្រាយ។ ចំណែក​ឯ​រថយន្ត​ដឹក​ខ្សាច់​របស់​ក្រុមហ៊ុន​នេះ នៅតែ​បន្ត​ធ្វើ​សកម្មភាព​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ការ​ប្រកប​របរ និង​ការរស់នៅ​របស់​ពលរដ្ឋ​ដដែល។

ទោះ​យ៉ាងណា ពលរដ្ឋ​បន្ត​ថា កង្វល់​នេះ អ្នកស្រី​ចៅសង្កាត់​វាលស្បូវ ក៏​ធ្លាប់​បាន​ចុះ​មក​សម្របសម្រួល​ម្តង​ដែរ​កាល​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២១ ប៉ុន្តែ​ពលរដ្ឋ​មិនព្រម​ទទួល​យក​នោះ​ទេ។

ពលរដ្ឋ​បញ្ជាក់​ថា រាល់​ថ្ងៃ​នេះ​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​វាលស្បូវ មាន​ក្រុមហ៊ុន​អាជីវកម្ម​ខ្សាច់​ជាច្រើន​កន្លែង ប៉ុន្តែ​ក្រុមហ៊ុន​ខ្លះ​មិន​បាន​រំខាន​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​ឡើយ ព្រោះ​ក្រុមហ៊ុន​ទាំងនោះ​មាន​ផ្លូវ​ឯកជន​សម្រាប់​ដឹកជញ្ជូន​ខ្សាច់​ចេញពី​បរិវេណ​ក្រុមហ៊ុន​របស់​គេ។ ប៉ុន្តែ​លើកលែងតែ​ក្រុមហ៊ុន​ខ្សាច់​ដែល​ទើប​មក​បើក​ធ្វើ​អាជីវកម្ម​ថ្មី​កាលពី​ពី​ខែ​ឧសភា ឆ្នាំ​២០២១ នេះ​ទេ ដែល​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​នោះ។

ពលរដ្ឋ​ចោទ​ទៀត​ថា អ្នក​បើកបរ​រថយន្ត​ដឹក​ខ្សាច់​របស់​ក្រុមហ៊ុន​នេះ​វិញ គឺ​មាន​ចរិត​មិន​សមរម្យ ដោយ​បើកបរ​ក្នុង​ល្បឿន​លឿន ឬ​បើកបរ​វ៉ា​ជែង​ដោយ​មិន​ខ្វល់​ពី​អ្នក​ធ្វើ​ដំណើរ ឬ​អ្នក​រស់នៅ​អម​សងខាង​ផ្លូវ​ខាងលើ​នេះ​ឡើយ។

ពលរដ្ឋ​សំណូមពរ​ដល់​លោក​អភិបាល​ខណ្ឌ​ច្បារអំពៅ ជាពិសេស​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​អាជីវកម្ម​ខ្សាច់​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់​ផង។

ទោះ​ជា​បែប​នេះ​ក្តី សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​អភិបាល​ខណ្ឌ​ច្បារអំពៅ និង​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​បំភ្លឺ​ជុំវិញ​កង្វល់​របស់​ពលរដ្ឋ​លើ​ករណី​មាន​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​ខ្សាច់​បង្ក​ផល​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២១។

ក្រុម​ប្រជាពលរដ្ឋ​ព្រមាន​ថា ប្រសិនបើ​អាជ្ញាធរ​គ្មាន​ការ​ដោះស្រាយ​ករណី​ក្រុមហ៊ុន​លក់​ខ្សាច់​ដែល​កំពុង​បំផ្លាញ​ផ្លូវ​របស់​ពួកគេ​នេះ​ទេ នោះ​ពួកគេ​នឹង​នាំគ្នា​ធ្វើ​បាតុកម្ម​ជា​ទ្រង់ទ្រាយ​ធំ​ដោយ​មាន​ការ​លើក​បដា​តវ៉ា​តែម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស