38 C
Phnom Penh

មេដឹកនាំ​តៃវ៉ាន់​ចំអក​ឱ្យ​ចិន​ថា​កុំ​ច្រឡំ​ថា​តៃវ៉ាន់​អាច​ដូច​គ្នា​ទៅ​នឹង​អាហ្វហ្គានីស្ថាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​នៅ​អាហ្វហ្គានីស្ថាន គាំទ្រ​ដោយ​លោក​ខាងលិច​ដួល​រលំ​ដោយ​ការ​វាយ​រុញច្រាន​ពី​កងកម្លាំង​ឧទ្ទាម​តាលីបង់​ដោយ​ងាយ​បំផុត ហើយ​ចំ​ពេល​ដែល​កងទ័ព​នៃ​ប្រទេស​នេះ​បោះបង់​ការ​ប្រយុទ្ធ​មុន​មក​ដល់ គឺ​កាសែត​របស់​បក្ស​កុម្មុយនីស្ត​ចិន Global Times បាន​ធ្វើ​អត្ថាធិប្បាយ​ដោយ​ចំអក​ឡកឡឺយ​ដាក់​ដែន​កោះ​តៃវ៉ាន់​ថា ឱ្យ​មើល​មេរៀន​នៅ​អាហ្វហ្គានីស្ថាន​ទៅ​ដែល​កងទ័ព​អាមេរិក និង​សម្ពន្ធមិត្ត​អាមេរិក​រត់​ចោល​រដ្ឋាភិបាល​ក្រុង​កាប៊ុល ដោយ​ទុក​ឱ្យ​ក្រឡាប់​យ៉ាង​ងាយ​បំផុត។

ដោយ​មើលទៅ​ចង់​វាយបក​ឱ្យ​កាសែត​របស់​ចិន​មួយ​នេះ មេដឹកនាំ​តៃវ៉ាន់​លំដាប់​ទី​ពីរ​បន្ទាប់ពី​ប្រធានាធិបតី គឺ​នាយករដ្ឋមន្ត្រី Su Tseng-chang បាន​ឆ្លើយតប​យ៉ាង​រហ័ស​ថា តៃវ៉ាន់​នឹង​មិន​ដួល​រលំ​ដូច​អាហ្វហ្គានីស្ថាន​ឡើយ ទោះ​សង្គ្រាម​ឈ្លានពាន​ទ្រង់ទ្រាយ​ធំ​យ៉ាងណាក៏ដោយ។

នាយករដ្ឋមន្ត្រី​តៃវ៉ាន់​រូប​នេះ​បន្ត​ចំអក​ដាក់​កាសែត​ចិន​មួយ​នេះ​វិញ​ថា ទោះបីជា​សត្រូវ​មកដល់​ច្រក​ទ្វារ​ទីក្រុង​តៃប៉ិ ដូច​ក្រុម​តាលីបង់​ចូល​មកដល់​ច្រក​ទ្វារ​ទីក្រុង​កាប៊ុល​ក៏ដោយ គឺ​កងទ័ព​តៃវ៉ាន់​មិន​ទម្លាក់​អាវុធ ឬ​ឈរ​ឱប​កាំភ្លើង​មើល​សត្រូវ​បាញ់​ប្រជាជន ឬ​វាយប្រហារ​នោះ​ទេ គឺ​ពិត​ណាស់​ត្រូវតែ​វាយបក​ហើយ ចំពោះ​មេដឹកនាំ​តៃវ៉ាន់​គឺ​ទាំង​ប្រធានាធិបតី ទាំង​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារ​ជាតិ និង​ប្រជាជន​តៃវ៉ាន់ នឹង​មិន​រត់​ចោល​ដែន​កោះ​មួយ​នេះ​ដាច់ខាត។

លោក Su Tseng-chang បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ថា តៃវ៉ាន់​ត្រូវតែ​ការពារ​ខ្លួន និង​កុំ​ធ្វើ​ដូច​ក្រុម​ប្រទេស​ខ្លះ​ដែល​តែងតែ​លើកឡើង​អំពី​សមត្ថភាព និង​អំណាច​របស់​សត្រូវ ហើយ​បន្លាច​កងទ័ព​ខ្លួនឯង​នោះ​ទេ។ លោក​ថា​មាន​ប្រទេស​មហាអំណាច​មួយ​ចង់​លេប​ត្របាក់​កោះ​តៃវ៉ាន់ ដោយ​ប្រើ​កម្លាំង​យោធា ប៉ុន្តែ​កងទ័ព​តៃវ៉ាន់​ខុស​នឹង​កងទ័ព​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ដែល​ទម្លាក់​អាវុធ​មុន​ការ​ប្រយុទ្ធ។

នាយករដ្ឋមន្ត្រី​តៃវ៉ាន់​រូប​នេះ​យល់ថា ការ​ដួល​រលំ​យ៉ាង​ងាយ​បំផុត​របស់​រដ្ឋាភិបាល​ក្រុង​កាប៊ុល គឺ​មកពី​កត្តា​ផ្ទៃក្នុង​របស់​រដ្ឋាភិបាល​នោះ​បែកបាក់​គ្នា នាំ​ឱ្យ​កងទ័ព​អស់​ស្មារតី​ប្រយុទ្ធ និង​កាន់​អាវុធ ប៉ុន្តែ​តៃវ៉ាន់​មិនមែន​ដូច្នោះ​ទេ។ លោក​ពន្យល់​ថា បើ​ប្រទេស​មួយ​មាន​ភាព​ច្របូកច្របល់​ផ្ទៃក្នុង​ទៅ​ហើយ នោះ​បើ​ទោះ​មាន​ជំនួយ​ពី​ខាងក្រៅ​ក៏​មិន​អាច​ជួយ​អន្តរាគមន៍​បាន​ឡើយ។

លោក Su Tseng-chang បន្ត​ចំអក​ឱ្យ​កាសែត​ចិន​មួយ​នេះ​ថា កុំ​ចាត់ទុក​តៃវ៉ាន់​ទៅ​នឹង​រដ្ឋាភិបាល​ក្រុង​កាប៊ុល​ដែល​រត់​ចោល​សមរភូមិ គឺ​ច្រឡំ​ធំ​ហើយ។

ចិន​មាន​ផែនការ​លេប​តៃវ៉ាន់ តាំងពី​ដែន​កោះ​មួយ​នេះ​បំបែក​ខ្លួន​ដោយសារ​សង្គ្រាម​ឆ្នាំ​១៩៤៩ បើ​គិត​មកដល់​ពេលនេះ គឺ ៧២​ឆ្នាំ​ហើយ​ដែល​ក្រុង​ប៉េកាំង ចេះតែ​រក​ឱកាស​លើក​ទ័ព​លុកលុយ​ដែន​កោះ​ដ៏​តូច​មួយ​នេះ​ពុំ​បាន។

អ្វី​ដែល​នាំ​ឱ្យ​ចិន​រួញរា​ដូចនេះ គឺ​យ៉ាងហោចណាស់​ក៏​ប្រទេស​មហាយក្ស​មួយ​នេះ​ខ្លាច​ញញើត​បន្តិច​ដែរ មើល​ទៅ​គឺ​ខ្លាច​កងកម្លាំង​អន្តរាគមន៍​របស់​កងទ័ព​អាមេរិក និង​សម្ពន្ធមិត្ត​ដែល​ប្រឆាំង​ផែនការ​របស់​ចិន ចង់​លើក​ទ័ព​លុកលុយ​ដែន​កោះ​មួយ​នេះ ហើយ​បើ​គិត​អំពី​ទីតាំង​ភូមិសាស្ត្រ​នយោបាយ​វិញ គឺ​មិន​ត្រូវ​យក​កោះ​តៃវ៉ាន់​ទៅ​ប្រដូច​នឹង​អាហ្វហ្គានីស្ថាន​នោះ​ទេ។

ត្រង​ចំណុច​នេះ សម្រាប់​សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត​ច្បាស់​ណាស់​កាន់តែ​ងាក​មក​ជួយ​តៃវ៉ាន់​កាន់​តែ​ខ្លាំង​ថែមទៀត ហើយ​ការពិត​ការ​ដក​កងទ័ព​អាមេរិក​ចេញពី​អាហ្វហ្គានីស្ថាន គឺ​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្ដូរ​យុទ្ធសាស្ត្រ​ងាក​មក​ផ្ដោត​សំខាន់​លើ​តំបន់​អាស៊ី ជាពិសេស​គឺ​ការ​ខ្ទប់​ការ​កើន​ឡើង​ឥទ្ធិពល​ចិន​ក្នុង​តំបន់​នេះ។

យុទ្ធសាស្ត្រ​ខ្ទប់​ឥទ្ធិពល​ចិន ត្រូវ​បាន​មើលឃើញ​ថា​មាន​សន្ទុះ​ខ្លាំង​នៅ​រយៈពេល​ចុងក្រោយ​នេះ គឺ​ស្រប​ពេល​សមាជិក​សន្តិសុខ​ចតុភាគី​ហៅថា Quad រួម​មាន​អាមេរិក ជប៉ុន អូស្ត្រាលី និង​ឥណ្ឌា រួម​ទាំង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​អឺរ៉ុប មាន​ដូចជា​អង់គ្លេស បារាំង អាល្លឺម៉ង់ កាណាដា ហុល្លង់ កំពុង​ពង្រឹង​តួនាទី និង​សមត្ថភាព​កងទ័ព​កាន់តែ​ខ្លាំង​និង​សកម្ម​នៅ​ក្នុង​តំបន់​អាស៊ី ដោយ​ការ​ដាក់​ពង្រាយ​នាវា​ចម្បាំង យន្តហោះ​ចម្បាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង សមុទ្រ​ចិន​ខាងកើត មហាសមុទ្រ​ឥណ្ឌា និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

ជាមួយ​គ្នា​នេះ​ទៀត អាមេរិក​អូសទាញ​បាន​ប្រទេស​វៀតណាម សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី និង​កូរ៉េ​ខាងត្បូង ដែល​អាច​ជួយ​ពង្រឹង​ឥទ្ធិពល​អាមេរិក​នៅ​ក្នុង​តំបន់​មួយ​នេះ​ដើម្បី​ប្រឈម​នឹង​ចិន។

យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​នេះ​ហើយ​មើល​ទៅ​ដែល​នាយករដ្ឋមន្ត្រី​តៃវ៉ាន់ លោក Su Tseng-chang ហ៊ាន​ចំអក​ឱ្យ​ក្រុង​ប៉េកាំង ថា​កុំ​មើលស្រាល​ឱ្យ​សោះ​ស្មារតី​ជាតិ​និយម​របស់​ប្រជាជន កងទ័ព និង​មេដឹកនាំ​តៃវ៉ាន់ ដោយ​មិន​ត្រូវ​ប្រៀប​ប្រដូច​រដ្ឋាភិបាល​តៃវ៉ាន់ ទៅ​នឹង​រដ្ឋាភិបាល​ក្រុង​កាប៊ុល​របស់​ប្រធានាធិបតី អាស្រាហ្វ ហ្កានី ដែល​ទម្លាក់​អាវុធ និង​រត់​ចោល​សមរភូមិ​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស