រដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានចំនួន ៤៧នាក់ ដើម្បីបំពេញក្របខ័ណ្ឌឲ្យកងឯកភាពសម្រាប់ក្រុងបូកគោ ខេត្តកំពត ដែលទើបបង្កើតថ្មី ស្របពេលដែលរដ្ឋាភិបាលប្រកាសថានឹងគ្មានការជ្រើសរើសបុគ្គលិកមន្ត្រីរាជការក្របខ័ណ្ឌថ្មីទេសម្រាប់ឆ្នាំ២០២១ នេះ។
សេចក្ដីសម្រេចរបស់ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ហើយដែលសារព័ត៌មាន The Cambodia Daily ទទួលបាននៅថ្ងៃទី២០ សីហា បានលើកឡើងថា ពលទាហានទាំង ៤៧នាក់ដែលនឹងត្រូវជ្រើសរើសថ្មីនេះ ត្រូវទៅបំពេញការងារនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងបូកគោ ចំណុះឲ្យកងរាជអាវុធហត្ថខេត្តកំពត ចំនួន ៣១នាក់ និងផ្នែកសឹករងបូកគោចំណុះតំបន់ប្រតិបត្តិការសឹករងកំពត ចំនួន ១៦នាក់។
ក្រុងបូកគោ នៃខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចបង្កើតកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដោយកាត់យកឃុំចំនួន០៣ ពីស្រុកទឹកឈូ គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត ដោយសារស្ថានភាពស្រុកទឹកឈូ មានភូមិសាស្ត្រផ្ទៃដីធំទូលាយ និងមានប្រជាពលរដ្ឋរស់នៅច្រើន ដែលធ្វើឱ្យអាជ្ញាធរស្រុកជួបការលំបាកក្នុងការគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ សេវារដ្ឋបាលនានា ការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ៕