អ្នកឃ្លាំមើលសង្គម លើកឡើងថា ដើម្បីឲ្យមានយុត្តិធម៌ក្នុងការរៀបចំបេក្ខជនរបស់ខ្លួន គណបក្សនយោបាយទាំងអស់ត្រូវតែជ្រើសរើស និងតែងតាំងបេក្ខជនក្រុមប្រឹក្សាទាំងនោះជាមនុស្សដែលមានសមត្ថភាពបរិបូណ៌អាចបម្រើពលរដ្ឋបានពេញលេញនៅមូលដ្ឋាន។
អ្នកវិភាគនយោបាយនិងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២០ ខែសីហា ថា បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់គ្រប់គណបក្សនយោបាយ ត្រូវតែស្គាល់សក្ដានុពលរបស់ពលរដ្ឋរស់នៅក្នុងឃុំ-សង្កាត់ និងសក្ដានុពលនៃតំបន់របស់ខ្លួនឲ្យបានច្បាស់លាស់ មុននឹងឈរឈ្មោះឲ្យពលរដ្ឋបោះឆ្នោតគាំទ្រ។
លោកអះអាងថា បេក្ខជនក្រុមប្រឹក្សាឃុំមកពីគ្រប់គណបក្សនីមួយៗ ត្រូវតែផ្សារភ្ជាប់ទំនាក់ទំនងឲ្យបានល្អជាមួយប្រជាជននៅក្នុងឃុំដែលខ្លួនឈរឈ្មោះឲ្យបានកាន់តែច្រើន ដើម្បីងាយស្រួលនៅពេលដែលខ្លួនជាប់ឆ្នោតជាមេឃុំ ឬក្រុមប្រឹក្សា ដែលនឹងត្រូវសហការជាមួយពលរដ្ឋក្នុងឃុំនោះក្នុងការដោះស្រាយបញ្ហានានា និងរៀបចំឃុំ-សង្កាត់ដែលខ្លួនត្រូវគ្រប់គ្រងនោះឲ្យបានល្អជូនប្រជាពលរដ្ឋរបស់ខ្លួន។
បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា បេក្ខជនទាំងអស់ត្រូវដឹងថា ខ្លួននឹងធ្វើកិច្ចការបម្រើប្រជាពលរដ្ឋដោយឈរលើមូលដ្ឋានក្របខ័ណ្ឌនៃរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ដែលខ្លួនត្រូវតែស្វែងយល់ឲ្យបានច្បាស់លាស់ ចៀសវាងការអនុវត្តក្នុងតួនាទីរបស់ខ្លួនរំលោភលើច្បាប់នានាក្នុងនាមជាអ្នកអនុវត្តច្បាប់ ដែលនាំឲ្យខូចប្រយោជន៍របស់ពលរដ្ឋម្ចាស់ឆ្នោត។

អគ្គហេរញ្ញិកគណបក្សខ្មែរស្រឡាញ់ជាតិ លោក សៀវ វិសុទ្ធ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២០ ខែសីហា ថា បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ត្រូវតែជាមនុស្សដែលមានឧត្តមគតិដើម្បីជាតិពិតប្រាកដ និងជាមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដឹកនាំអភិវឌ្ឍនៅមូលដ្ឋានដែលពលរដ្ឋបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។
លោកអះអាងថា គណបក្សរបស់លោកតែងគិតគូរផលប្រយោជន៍ពលរដ្ឋនៅមូលដ្ឋានជាចម្បង ដូច្នេះក្រុមការងារគណបក្សរបស់លោកបានរៀបចំ និងសម្រិតសម្រាំងបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ដែលពោរពេញទៅដោយសមត្ថភាព ដើម្បីចូលរួមប្រកួតប្រជែងបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅពេលខាងមុខ។
លោកថា ក្នុងនោះ គណបក្សខ្មែរស្រឡាញ់ជាតិ បានរៀបចំបញ្ជីបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់សម្រាប់ចូលរួមបោះឆ្នោតក្នុងឆ្នាំ២០២២ ខាងមុខនេះបានជាងពាក់កណ្តាលហើយនៅទូទាំងប្រទេស។
ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ មក កម្ពុជាបានទទួលយករបបប្រជាធិបតេយ្យសេរីពហុបក្ស ដោយការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងមន្ត្រីនៅមូលដ្ឋានរបស់ខ្លួន ដូចជាតំណាងរាស្ត្រ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំ ជាដើម ហើយក្នុងនោះកម្ពុជាបានបែងចែកឃុំ-សង្កាត់ដល់ទៅជាង ១៦០០ឃុំ-សង្កាត់ឯណោះក្នុងពេលបច្ចុប្បន្ននេះ ខណៈការបោះឆ្នោតឃុំ-សង្កាត់ក៏បានដំណើរការបាន ៤អាណត្តិមកហើយដែរ។
កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្ដីពីការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ក្នុងឆ្នាំ២០២២ ខាងមុខ ដោយកំណត់យកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃកំណត់។ ដូច្នេះ ថ្ងៃបោះឆ្នោតអាណត្តិទី៥ នៅមិនដល់ ១ឆ្នាំទៀតនោះទេ។
ក្រសួងមហាផ្ទៃ បានបញ្ចេញរបាយការណ៍របស់ខ្លួនកាលពីចុងឆ្នាំ២០២០ ថា គណបក្សនយោបាយដែលបានបំពេញលក្ខខណ្ឌផ្លូវច្បាប់ត្រឹមត្រូវដើម្បីត្រៀមចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ មានចំនួនជាង ៤០គណបក្ស៕