អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ

នយោបាយ

អ្នក​ឃ្លាំមើល៖ បក្ស​នយោបាយ​ទាំងអស់​ត្រូវ​ជ្រើសរើស​បេក្ខជន​មេឃុំ​ជា​មនុស្ស​មាន​សមត្ថភាព​អាច​បម្រើ​ពលរដ្ឋ​បាន

By ឌឹ ខេមបូឌា ដេលី

August 21, 2021

អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ដើម្បី​ឲ្យ​មាន​យុត្តិធម៌​ក្នុង​ការ​រៀបចំ​បេក្ខជន​របស់​ខ្លួន គណបក្ស​នយោបាយ​ទាំងអស់​ត្រូវតែ​ជ្រើសរើស និង​តែងតាំង​បេក្ខជន​ក្រុមប្រឹក្សា​ទាំងនោះ​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​បរិបូណ៌​អាច​បម្រើ​ពលរដ្ឋ​បាន​ពេញលេញ​នៅ​មូលដ្ឋាន។

អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ថា បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​គ្រប់​គណបក្ស​នយោបាយ ត្រូវតែ​ស្គាល់​សក្ដានុពល​របស់​ពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ-សង្កាត់ និង​សក្ដានុពល​នៃ​តំបន់​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់ មុន​នឹង​ឈរ​ឈ្មោះ​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ។

លោក​អះអាង​ថា បេក្ខជន​ក្រុមប្រឹក្សា​ឃុំ​មកពី​គ្រប់​គណបក្ស​នីមួយៗ ត្រូវតែ​ផ្សារភ្ជាប់​ទំនាក់ទំនង​ឲ្យ​បាន​ល្អ​ជាមួយ​ប្រជាជន​នៅ​ក្នុង​ឃុំ​ដែល​ខ្លួន​ឈរ​ឈ្មោះ​ឲ្យ​បាន​កាន់តែ​ច្រើន ដើម្បី​ងាយស្រួល​នៅ​ពេល​ដែល​ខ្លួន​ជាប់​ឆ្នោត​ជា​មេឃុំ ឬ​ក្រុមប្រឹក្សា ដែល​នឹង​ត្រូវ​សហការ​ជាមួយ​ពលរដ្ឋ​ក្នុង​ឃុំ​នោះ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា និង​រៀបចំ​ឃុំ-សង្កាត់​ដែល​ខ្លួន​ត្រូវ​គ្រប់គ្រង​នោះ​ឲ្យ​បាន​ល្អ​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន។

បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា បេក្ខជន​ទាំងអស់​ត្រូវ​ដឹង​ថា ខ្លួន​នឹង​ធ្វើ​កិច្ចការ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ឈរ​លើ​មូលដ្ឋាន​ក្របខ័ណ្ឌ​នៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ-សង្កាត់​ដែល​ខ្លួន​ត្រូវតែ​ស្វែងយល់​ឲ្យ​បាន​ច្បាស់លាស់ ចៀសវាង​ការ​អនុវត្ត​ក្នុង​តួនាទី​របស់​ខ្លួន​រំលោភ​លើ​ច្បាប់​នានា​ក្នុង​នាម​ជា​អ្នក​អនុវត្ត​ច្បាប់ ដែល​នាំ​ឲ្យ​ខូច​ប្រយោជន៍​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ

អគ្គហេរញ្ញិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ថា បេក្ខជន​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ត្រូវតែ​ជា​មនុស្ស​ដែល​មាន​ឧត្តមគតិ​ដើម្បី​ជាតិ​ពិតប្រាកដ និង​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ដឹកនាំ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ដែល​ពលរដ្ឋ​បាន​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត។

លោក​អះអាង​ថា គណបក្ស​របស់​លោក​តែង​គិតគូរ​ផលប្រយោជន៍​ពលរដ្ឋ​នៅ​មូលដ្ឋាន​ជា​ចម្បង ដូច្នេះ​ក្រុម​ការងារ​គណបក្ស​របស់​លោក​បាន​រៀបចំ និង​សម្រិតសម្រាំង​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ដែល​ពោរពេញ​ទៅ​ដោយ​សមត្ថភាព ដើម្បី​ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​ពេល​ខាងមុខ។

លោក​ថា ក្នុង​នោះ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​រៀបចំ​បញ្ជី​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​សម្រាប់​ចូលរួម​បោះឆ្នោត​ក្នុង​ឆ្នាំ​២០២២ ខាងមុខ​នេះ​បាន​ជាង​ពាក់កណ្តាល​ហើយ​នៅ​ទូទាំង​ប្រទេស។

ចាប់តាំង​ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ មក កម្ពុជា​បាន​ទទួល​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ដោយ​ការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ និង​មន្ត្រី​នៅ​មូលដ្ឋាន​របស់​ខ្លួន ដូចជា​តំណាងរាស្ត្រ ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ស្រុក និង​ក្រុមប្រឹក្សា​ឃុំ ជាដើម ហើយ​ក្នុង​នោះ​កម្ពុជា​បាន​បែងចែក​ឃុំ-សង្កាត់​ដល់​ទៅ​ជាង ១៦០០​ឃុំ-សង្កាត់​ឯណោះ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ខណៈ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ក៏​បាន​ដំណើរការ​បាន ៤​អាណត្តិ​មក​ហើយ​ដែរ។

កាលពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២១ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​សម្រេច​ស្ដីពី​ការ​កំណត់​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ក្នុង​ឆ្នាំ​២០២២ ខាងមុខ ដោយ​កំណត់​យក​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ជា​ថ្ងៃ​កំណត់។ ដូច្នេះ ថ្ងៃ​បោះឆ្នោត​អាណត្តិ​ទី​៥ នៅ​មិន​ដល់ ១​ឆ្នាំ​ទៀត​នោះ​ទេ។

ក្រសួង​មហាផ្ទៃ បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ចុង​ឆ្នាំ​២០២០ ថា គណបក្ស​នយោបាយ​ដែល​បាន​បំពេញ​លក្ខខណ្ឌ​ផ្លូវ​ច្បាប់​ត្រឹមត្រូវ​ដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ មាន​ចំនួន​ជាង ៤០​គណបក្ស៕