កូនប្រសាលោក ហ៊ុន សែន ត្រូវបានអគ្គស្នងការនគរបាលជាតិ សម្រេចឱ្យដឹកនាំក្រុមការងារស៊ើបអង្កេត និងស្រាវជ្រាវអ្នកញុះញង់ឱ្យពលរដ្ឋតវ៉ារឿងដីធ្លី ប៉ុន្តែអ្នកវិភាគថា ការតែងតាំងនេះ គឺដើម្បីបង្កើនអំណាចសម្លុតពលរដ្ឋរងគ្រោះ និងការពារកំហុសគ្រួសារ ហ៊ុន ប៉ុណ្ណោះ។
លោក ឌី វិជ្ជា ដែលត្រូវជាស្វាមីរបស់លោកស្រី ហ៊ុន ម៉ាណា កូនស្រីលោក ហ៊ុន សែន ត្រូវបានអគ្គស្នងការនគរបាលជាតិសម្រេចឱ្យដឹកនាំក្រុមការងារប្រមូលព័ត៌មាន ស្រាវជ្រាវ និងស៊ើបអង្កេតលើករណីជម្លោះដីធ្លី និងការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់នៅតាមបណ្ដារាជធានី-ខេត្ត។
សេចក្ដីសម្រេចអំពីការកែសម្រួលសមាសភាពរបស់អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ឱ្យដឹងថា លោក នេត សាវឿន ដែលជាអគ្គស្នងការនគរបាលជាតិ និងក៏ជាក្មួយប្រសាលោក ហ៊ុន សែន បានសម្រេចឱ្យលោក ឌី វិជ្ជា ដឹកនាំប្រមូលព័ត៌មាន ក្រុមការងារស្រាវជ្រាវ និងស៊ើបអង្កេតលើករណីជម្លោះដីធ្លី និងការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់។
សេចក្ដីសម្រេចដដែលថា ក្រុមការងារនេះមានសមាសភាពចំនួន ១៦នាក់ដែលមានលោក ឌី វិជ្ជា ជាអ្នកដឹកនាំ។ ក្រុមការងារនេះមានសិទ្ធិ និងភារកិច្ច ដូចជាប្រើប្រាស់កម្លាំងនៃនាយកដ្ឋានជំនាញក្រោមផែនការសន្តិសុខលើការងារនីតិវិធី និងអន្តរាគមន៍ក្នុងករណីចាំបាច់ និងប្រើប្រាស់កម្លាំងផែនការសន្តិសុខនៃអគ្គស្នងការដ្ឋាននគរបាលជាតិរាជធានី-ខេត្តលើការប្រមូលព័ត៌មាន ស្រាវជ្រាវ ស៊ើបអង្កេត និងនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការក្នុងដែនសមត្ថកិច្ចខេត្តពីរឬច្រើន។

លើសពីនេះ ក្រុមការងារនេះក៏មានសិទ្ធិកសាងសំណុំរឿងលើករណីជម្លោះដី និងការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់បញ្ជូនទៅតុលាការ ជាដើម។
ក្រៅពីមានសិទ្ធិប្រើប្រាស់កម្លាំង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ ក្រុមការងារនេះក៏មានភារកិច្ចក្នុងការប្រមូលព័ត៌មានអំពីសកម្មភាពញុះញង់ គាំទ្រ ឧបត្ថម្ភដល់ការបង្កើតឱ្យមានការតវ៉ាទាមទារ ឬរៀបចំឱ្យមានជម្លោះដីធ្លី និងសកម្មភាពទន្ទ្រានកាន់កាប់ដីធ្លីរបស់រដ្ឋដោយខុសច្បាប់ដែលបង្កឱ្យមានចលាចលនៅតាមបណ្ដាលរាជធានី-ខេត្ត។
ជាងនេះទៀត ត្រូវដំឡើងបញ្ជីករណីរឿង ដើម្បីកំណត់ការទប់ស្កាត់ និងបង្ក្រាប ហើយនិងវាយតម្លៃករណីរឿង និងស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបើកការស៊ើបអង្កេត និងកសាងសំណុំរឿងទៅតុលាការ រួមទាំងស្រាវជ្រាវប្រមូលភស្តុតាង និងកសាងបញ្ជីមុខសញ្ញាឈានដល់ការអនុវត្តនីតិវិធីជាដើម។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (SMD) លោក គឹម សុខ លើកជាសំណួរថា តើលោក ឌី វិជ្ជា ជាកូនប្រសាលោក ហ៊ុន សែន គួរស័ក្ដិសមត្រូវតែងតាំងជាអ្នកដឹកនាំក្រុមការងារស៊ើបអង្កេតលើករណីជម្លោះដីធ្លីដែរឬទេ ពីព្រោះលោក ឌី វិជ្ជា ជាប់ពាក់ព័ន្ធនឹងការប្លន់ដីពីពលរដ្ឋ និងគប់គិតប្រមូលយកដីរដ្ឋ ដីព្រៃឈើរបស់រដ្ឋ បឹងរបស់រដ្ឋ និងភ្នំរដ្ឋស្ទើរតែគ្រប់ខេត្ត-រាជធានីនៅទូទាំងប្រទេស ខណៈភរិយារបស់លោក គឺអ្នកស្រី ហ៊ុន ម៉ាណា និងលោក ហ៊ុន សែន ធ្វើការសហការគ្នាយ៉ាងល្អក្នុងការប្លន់ដីរាស្ត្រ និងរំលោភយកដីរដ្ឋ។
លោកយល់ថា ការតែងតាំងលោក ឌី វិជ្ជា មិនមែនទៅប្រមូលព័ត៌មាន និងដោះស្រាយបញ្ហានោះទេ ប៉ុន្តែដើម្បីទៅបង្កើនការសម្លុតគំរាមកំហែងពលរដ្ឋរងគ្រោះកុំឱ្យហ៊ានតវ៉ារកយុត្តិធម៌។ លោកបន្តថា ករណីជម្លោះដីធ្លីស្ទើរពេញប្រទេស បើពិតជាចង់រកយុត្តិធម៌ ទាល់តែហ៊ានចាប់សមាជិកគ្រួសារ ហ៊ុន ជាពិសេសកូនៗរបស់លោក ហ៊ុន សែន និងលោក ហ៊ុន សែន ផ្ទាល់ កាត់ទោសដាក់គុកតែម្តង។
ម្យ៉ាងទៀត លោកកត់សម្គាល់ថា បើគេចង់រកយុត្តិធម៌ឱ្យពលរដ្ឋមែននោះ មិនចាំបាច់តែងតាំងលោក ឌី វិជ្ជា ឱ្យតែរវល់នឹងការងារនេះទេ គឺគ្រាន់តែប្រគល់ភារកិច្ចទៅក្រសួងដែនដី ធ្វើការស៊ើបអង្កេត និងដោះស្រាយដោយកុំប្រកាន់បក្ខពួក ហើយប្រសិនបើករណីនោះធ្ងន់ធ្ងរ សម្រួលមិនបាន និងមានការប្ដឹងផ្ដល់ទៅតុលាការ គឺគ្រាន់តែតម្រូវឱ្យតុលាការកាត់សេចក្ដីតាមផ្លូវច្បាប់ និងអង្គហេតុត្រឹមត្រូវ គឺលែងមានបញ្ហាច្របូកច្របល់ហើយ។
លោក គឹម សុខ បន្តថា ស្ថាប័នដែលដោះស្រាយវិវាទដីធ្លីមានស្រាប់ លោក ហ៊ុន សែន មិនប្រើ ហើយចេះតែតែងតាំងឱ្យគរជើងជាន់ភារកិច្ចគ្នា។ នេះមានន័យថា មិនមែនជារដ្ឋាភិបាលជាតិខ្មែរដើម្បីការពារប្រយោជន៍ពលរដ្ឋខ្មែរនោះទេ ប៉ុន្តែគឺជារដ្ឋាភិបាលគ្រួសារ ហ៊ុន តែងតាំងសមាជិកគ្រួសារ ហ៊ុន ឲ្យចាត់ការគ្រប់សាច់រឿងដើម្បីការពារប្រយោជន៍គ្រួសារ ហ៊ុន សុទ្ធសាធ។
អ្នកវិភាគនយោបាយនិងសង្គមរូបនេះថាការតែងតាំងលោក ឌី វិជ្ជា ឱ្យស៊ើបអង្កេតជម្លោះដីធ្លី ទំនងជាលោក ហ៊ុន សែន បញ្ជាឱ្យលោក ឌី វិជ្ជា ចេញមុខការពារអ្នកស្រី ហ៊ុន ម៉ាណា ជាប្រពន្ធ ព្រោះនៅស្រុកខ្មែរគ្មានអ្នកណាល្បីខាងរំលោភដីធ្លីខុសច្បាប់ជាងអ្នកស្រី ហ៊ុន ម៉ាណា នោះទេ។ លើសពីនេះទៅទៀត ទំនងជាករណីជម្លោះដីធ្លីខ្លះរបស់អ្នកស្រី ហ៊ុន ម៉ាណា ត្រូវប៉ះនឹងពួកឧកញ៉ាធំៗ និងខ្សែបក្ខពួកផ្សេងទៀតនៃគណបក្សប្រជាជនកម្ពុជា ហើយបើមិនប្រើលោក ឌី វិជ្ជា ជាស្វាមីឲ្យទៅសម្លុតពួកគេទេ អាចមានការតឹងតែងខ្លាំងធ្លាយចេញក្រៅកាន់តែធំ។
លោក ឌី វិជ្ជា គឺជាកូនរបស់លោក ហុក ឡង់ឌី ដែលជាអតីតអគ្គស្នងការនគរបាលជាតិ ហើយសព្វថ្ងៃលោកជាកូនប្រសារបស់លោក ហ៊ុន សែន។
បច្ចុប្បន្ន លោក ឌី វិជ្ជា មានតួនាទីជាអគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ ហើយជាប្រធានអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩៕