26 C
Phnom Penh

ក្រុម​ឃ្លាំមើល​ថា​លោក ស ខេង បង្ហាញ​ពី​គំរូ​ល្អ​ចំពោះ​ការ​ផ្ទេរ​ភារកិច្ច​ពេល​លោក​អវត្តមាន​ពី​ការងារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​ខ្មែរ​មួយ​ក្រុម​នៅ​ក្រៅ​ស្រុក លើកឡើង​ថា ការ​ផ្ទេរ​ភារកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ជា​ការ​បង្ហាញ​អំពី​គំរូ​ល្អ​សម្រាប់​ប្រទេស​ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​សេចក្តី​ជូនដំណឹង​ពី​ការ​ចាកចេញ​ពី​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​រយៈពេល​ប្រមាណ​ជិត​កន្លះ​ខែ ដោយ​មាន​ធុរៈ​ផ្ទាល់ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ថា របៀប​ផ្ទេរ​ភារកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ទៅកាន់​រដ្ឋលេខាធិការ​ប្រចាំការ​របស់​ខ្លួន គឺ​លោក សក់ សេដ្ឋា ឲ្យ​ទទួល​ភារកិច្ច​ជំនួស​ក្នុង​ពេល​លោក​អវត្តមាន​នៅ​ក្នុង​ស្រុក គឺ​បង្ហាញ​ពី​បែបផែន​នៃ​ការងារ​តាម​បែប​ប្រជាធិបតេយ្យ ជាជាង​ការ​ភ័យ​ព្រួយបារម្ភ​អំពី​ការ​ដណ្តើម​អំណាច​ដូច​លោក ហ៊ុន សែន។

លោក​រិះគន់​ថា រយៈពេល​ចុងក្រោយ​នេះ លោក ហ៊ុន សែន បាន​សម្ដែង​នូវ​ការ​មិន​ទុកចិត្ត​លើ​ឧបនាយករដ្ឋមន្ត្រី​របស់​ខ្លួន គឺ​លោក ស ខេង ហើយ​ក៏​ប្រហែលជា​មាន​ការ​ព្រួយបារម្ភ​អំពី​ប្រជាប្រិយភាព និង​ឥទ្ធិពល​លោក ស ខេង នៅ​ផ្ទៃក្នុង​គណបក្ស​របស់​ខ្លួន​ផង​ដែរ ដូច្នេះ​ហើយ​បាន​ជា​លោក ហ៊ុន សែន តែង​ព្យាយាម​គេច​មិន​ប្រគល់​ភារកិច្ច​ឲ្យ​លោក ស ខេង ទោះ​ខ្លួន​ត្រូវ​អវត្តមាន​ពី​ការងារ​ដូចជា​ការ​ធ្វើ​ចត្តាឡីស័ក​ជាដើម។

លោក ម៉ែន ណាត បញ្ជាក់​ថា សកម្មភាព​របស់​លោក ហ៊ុន សែន បាន​បង្ហាញ​អំពី​ការ​មិន​ចុះ​សម្រុង​នៅ​ផ្ទៃក្នុង​គណបក្ស ដែល​មាន​ការ​រិះគន់​ពី​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ខ្លួន​ផង​ដែរ​ថា សកម្មភាព​របស់​មេ​បក្ស​រូប​នេះ​គឺជា​ការ​ព្យាយាម​បន្ថយ​ឥទ្ធិពល​របស់​លោក ស ខេង ដើម្បី​លើកស្ទួយ​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​របស់​ខ្លួន​ឲ្យ​កាន់​ភារកិច្ច​សំខាន់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​កាន់តែ​ខ្ពស់ ដើម្បី​ឲ្យ​ផ្ទៃក្នុង​បក្ស​ទទួលស្គាល់​ក្នុង​ផែនការ​ឲ្យ​បន្ត​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក។

លោក ម៉ែន ណាត

កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២១ ខុទ្ទកាល័យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​សេចក្តី​ជូនដំណឹង​ថា លោក ស ខេង ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​បារាំង ចាប់ពី​ថ្ងៃ​ទី​២២ ខែ​សីហា រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​មាន​ធុរៈ​ផ្ទាល់ខ្លួន។

ប្រភព​ដដែល​បញ្ជាក់​ថា ក្នុង​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ​អវត្តមាន​នៅ​ក្នុង​ប្រទេស រដ្ឋលេខាធិការ​ប្រចាំការ នឹង​ត្រូវ​ទទួល​ភារកិច្ច​ជា​រដ្ឋមន្ត្រី​ស្តីទី​ដើម្បី​ដឹកនាំ​ការងារ​ទូទៅ​របស់​ក្រសួង​មហាផ្ទៃ​ទាំងមូល រហូត​ដល់​ថ្ងៃ​ដែល​លោក ស ខេង ត្រឡប់​ទៅ​ដល់​កម្ពុជា​វិញ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា កាលពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០២១ នៅ​ពេល​ដែល​លោក ហ៊ុន សែន ប្រកាស​ធ្វើ​ចត្តាឡីស័ក លោក​បាន​លុបចោល​កិច្ចប្រជុំ​ធំៗ​ក្នុង​ប្រទេស​មួយ​ចំនួន​ភ្លាមៗ ក្នុង​នោះ​ក៏​បាន​ប្រកាស​លុប​ទាំង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស លោក ដូមីនិក រ៉ាអាប់ (Dominic Raab) ផង​ដែរ ប៉ុន្តែ​បញ្ហា​នេះ​ត្រូវ​គេ​រិះគន់​ថា លោក ហ៊ុន សែន មិន​ហ៊ាន​ប្រគល់​ភារកិច្ច​នេះ​ឲ្យ​ទៅ​អ្នក​ផ្សេង​ជំនួស​ខ្លួន ជាពិសេស​គឺ​លោក ស ខេង តែម្តង។

ពួកគេ​បញ្ជាក់​ថា លោក ហ៊ុន សែន នឹង​ប្រគល់​ភារកិច្ច​សំខាន់ៗ​ក្នុង​ចំណែក​ខ្លះ​ពេល​គាត់​អវត្តមាន​ឲ្យ​ទៅ​មនុស្ស​ណា​ដែល​មាន​ឥទ្ធិពល​ក្រោម​បញ្ជា​គាត់ និង​ក្រោម​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ដូចជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ជាដើម។

កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២០ កន្លងទៅ លោក ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៧ ពេល​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤​ថ្ងៃ ខណៈ​លោក ស ខេង ដែល​ជា​មនុស្ស​ស័ក្តិសម​បំផុត​ក្នុង​កិច្ចប្រជុំ​នេះ មិន​ត្រូវ​បាន​លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​ជំនួស​នោះ​ទេ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស