មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិ អះអាងថា វ៉ាក់សាំងជាទំនិញយុទ្ធសាស្ត្រគន្លឹះក្នុងការប្រយុទ្ធប្រឆាំងជំងឺ Covid-19 ជាពិសេសគឺការទប់ស្កាត់មេរោគដែលកំពុងបំប្លែងថ្មីនៅពេលនេះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានអះអាងក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងប្រភេទស៊ីណូហ្វាម ចំនួន ៥០ម៉ឺនដូសជាជំនួយរបស់ប្រទេសចិន នៅថ្ងៃទី២៣ ខែសីហា ថា បច្ចុប្បន្ននេះ កម្ពុជាកំពុងផ្ដោតលើការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនដែលជាដំណោះស្រាយដ៏សមស្របបំផុតក្នុងការប្រយុទ្ធ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺ Covid-19 រួមទាំងមេរោគបំប្លែងថ្មីប្រភេទដែលតា (DELTA) ផងដែរ។
លោកអះអាងថា ដើម្បីយកឈ្នះលើរោគឆ្លងរាតត្បាតនេះ រដ្ឋាភិបាលកម្ពុជាបានស្វះស្វែងរកវ៉ាក់សាំងប្រឆាំងវីរុសសកលមួយនេះតាមរយៈទ្វេភាគី ពហុភាគី ជំនួយមនុស្សធម៌ និងការបញ្ជាទិញជាដើម ដើម្បីធានាបាននូវការចាក់ថ្នាំបង្ការនេះឲ្យបានគ្រប់គ្រាន់សម្រាប់ពលរដ្ឋខ្មែរ ដើម្បីបង្កើនភាពស៊ាំទូទាំងប្រទេស។
លោក ទៀ បាញ់ បញ្ជាក់ថា បើទោះបីជាពលរដ្ឋអាចទទួលបានវ៉ាក់សាំងគ្រប់ចំនួនដូសហើយក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជាណែនាំឲ្យពួកគេអនុវត្តវិធានការសុខាភិបាលគ្រប់ពេលវេលា និងដោយហ្មត់ចត់ជាទីបំផុត ដើម្បីធានាបានការទប់ស្កាត់ការចម្លងនូវវីរុសនេះឲ្យមានប្រសិទ្ធភាពខ្ពស់។

ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន ថ្លែងក្នុងពិធីប្រគល់វ៉ាក់សាំងនេះថា ដរាបណាជំងឺ Covid-19 នៅកម្ពុជាមិនទាន់បញ្ចប់ នោះជំនួយរបស់ចិនមកកម្ពុជាក៏មិនអាចឈប់បានដែរ ដើម្បីជួយរដ្ឋាភិបាលកម្ពុជាក្នុងការបញ្ឈប់ការឆ្លងរាលដាលវីរុស Covid-19 នេះ។
លោកបញ្ជាក់ថា ក្នុងនាមជាមិត្តដែកថែបជាមួយកម្ពុជា គឺចិននៅតែបន្តជួយដល់កម្ពុជាតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីសេចក្តីសុខរបស់ប្រជាជនកម្ពុជា។ បន្ថែមពីនេះ ចិននឹងព្យាយាមដើរតួនាទីបញ្ឈប់ការរីករាលដាលរបស់វីរុសនេះយ៉ាងម៉ឺងម៉ាត់ ដើម្បីសុខភាពរបស់មនុស្សជាតិ ដោយមិនដេញដោលរកប្រភពដើមនៃរោគឆ្លងនេះដើម្បីជាឈ្នាន់នយោបាយដូចប្រទេសខ្លះនោះទេ។
មកទល់នឹងពេលនេះ កម្ពុជាមានវ៉ាក់សាំង ៤ប្រភេទហើយដែលរដ្ឋាភិបាលបានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ក្នុងនោះរួមមាន ប្រភេទវ៉ាក់សាំងស៊ីណូវ៉ាក់ ស៊ីណូហ្វាម អាស្ត្រាសេណេកា និង ចនសុន អែន ចនសុន ដែលមានចំនួនសរុបប្រមាណជាង ២០លានដូសទាំងវ៉ាក់សាំងដែលជាជំនួយទ្វេភាគី ជំនួយតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ និងការបញ្ជាទិញរបស់រដ្ឋាភិបាលកម្ពុជា។
ជុំវិញវ៉ាក់សាំងប្រឆាំងវីរុសនេះ ក្រសួងសុខាភិបាលបានអះអាងកាលពីថ្ងៃទី២២ ខែសីហា ថា ខ្លួនបានបង្កើនល្បឿនចាក់វ៉ាក់សាំងប្រឆាំងវីរុសជូនពលរដ្ឋដូសទី១ បានចំនួនជាង ៩លាន ៧សែននាក់ហើយ រីឯដូសទី២ មានចំនួនជាង ៧លាន ៨សែននាក់ ដោយឡែកអ្នកចាក់ដូសទី៣ មានចំនួនជាង ៤សែន ៨ម៉ឺននាក់ ខណៈកុមារចាក់បាន ៥០,៣៩ភាគរយផងដែរ។
ទាក់ទងនឹងការទប់ស្កាត់ការឆ្លងវីរុសនេះ ក្រសួងសុខាភិបាលក៏បានបង្ហាញរបាយការណ៍អំពីអ្នកឆ្លងវីរុសនៅថ្ងៃទី២៣ ខែសីហា ផងដែរថា ក្រសួងបានរកឃើញអ្នកឆ្លងវីរុសថ្មីចំនួន ៤១០នាក់ និងអ្នកជាសះស្បើយថ្មីចំនួន ៥៣៧នាក់ ខណៈអ្នកស្លាប់ថ្មីមានចំនួន ១៦នាក់។
ក្រសួងបញ្ជាក់ថា មកទល់នឹងពេលនេះ អ្នកឆ្លងវីរុសសរុបបានកើនឡើងដល់ជិត ៩ម៉ឺននាក់ និងអ្នកដែលជាសះស្បើយសរុបមានចំនួនជាង ៨ម៉ឺន ៥ពាន់នាក់ ដោយឡែកអ្នកស្លាប់សរុបបានកើនឡើងជាង ១៨០០នាក់ហើយគិតត្រឹមថ្ងៃចន្ទ សប្តាហ៍នេះ ខណៈអ្នកឆ្លងវីរុសបំប្លែងថ្មីប្រភេទដែលតា (DELTA) មានចំនួន ៩៩៩នាក់គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១៕