ក្រុមអ្នកតស៊ូមតិជំរុញឲ្យរដ្ឋសភាកម្ពុជា លុបចោលមាត្រា៤៩៤ និង ៤៩៥ នៃច្បាប់ក្រមព្រហ្មទណ្ឌ ព្រោះថាមាត្រានៃច្បាប់នេះគឺផ្ទុយពីខ្លឹមសារនៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ និងផ្ទុយពីកតិកាសញ្ញាអន្តរជាតិផងដែរ។
ការទាមទាររបស់ក្រុមបញ្ញវន្តខ្មែរនៅក្រៅស្រុកនេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលឯកបក្សដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានចោទសកម្មជនបរិស្ថាន និងសកម្មជនផ្សេងទៀតដាក់ពន្ធនាគារ ដោយប្រើមាត្រាដែលមិនត្រឹមត្រូវនៃច្បាប់ក្រមព្រហ្មទណ្ឌនេះរហូតមក។
ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានសរសេរលើគណនី Facebook របស់លោក នៅថ្ងៃទី២៤ ខែសីហា ថា រដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់អំពីសិទ្ធិ និងករណីយកិច្ចរបស់ពលរដ្ឋខ្មែរ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបង្កើតច្បាប់ក្រមព្រហ្មទណ្ឌស្ដីពីការញុះញង់ឱ្យប្រព្រឹត្តបទល្មើសមាត្រា៤៩៤ និង ៤៩៥ គឺក្នុងចេតនាដើម្បីបំបិទសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរទាំងស្រុងដែលជាច្បាប់រំលោភលើរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ។
លោកអះអាងថា រាល់ការទាមទារឲ្យដោះលែងសកម្មជនសង្គម ឬការចរចារកដំណោះស្រាយនយោបាយណាមួយ គួរតែភ្ជាប់នូវការទាមទារឱ្យលុបចោលមាត្រា៤៩៤ និង ៤៩៥ ដែលផ្ទុយពីខ្លឹមសាររដ្ឋធម្មនុញ្ញនេះផងដែរ ព្រោះថាបើមិនទាមទារឱ្យលុបចោលមាត្រាទាំងពីរនេះទេ រដ្ឋាភិបាលលោក ហ៊ុន សែន នៅតែប្រើច្បាប់នេះដើម្បីចាប់សកម្មជននានាបន្តទៀតជាមិនខាន។
លោក ទូច វិបុល បញ្ជាក់ថា មាត្រា៤៩៤ និង ៤៩៥ នេះ មិនត្រឹមតែផ្ទុយពីខ្លឹមសាររដ្ឋធម្មនុញ្ញប៉ុណ្ណោះទេ ថែមទាំងមានលក្ខណៈផ្ទុយទៅនឹងបទប្បញ្ញត្តិនៃលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិ ជាពិសេសកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋក្នុងការសម្ដែងមតិ ដែលកម្ពុជាជារដ្ឋភាគីបានផ្តល់សច្ចាប័នលើច្បាប់នោះថែមទៀត។
រដ្ឋធម្មនុញ្ញកម្ពុជា ជំពូក៣ ស្ដីពីសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរមាត្រា៣១ ចែងថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និងករណីយកិច្ចដូចៗគ្នាទាំងអស់ដែលកម្ពុជាទទួលស្គាល់ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស ប៉ុន្តែការប្រើសិទ្ធិនេះត្រូវប្រព្រឹត្តតាមលក្ខខណ្ឌដែលកំណត់ក្នុងច្បាប់។
រីឯមាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ ហើយសេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
ចំណែកមាត្រា១៩ នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ បានចែងថា មនុស្សគ្រប់រូបត្រូវមានសិទ្ធិសេរីភាពនៃការសម្ដែងមតិ ហើយសិទ្ធិនេះត្រូវរាប់បញ្ចូលទាំងសេរីភាពក្នុងការស្វែងរកព័ត៌មាន ទទួល និងផ្សព្វផ្សាយព័ត៌មាន និងគំនិតយោបល់សព្វបែបយ៉ាង ដោយគ្មានកំណត់ព្រំដែនអ្វីទាំងអស់ ទោះទាំងតាមផ្ទាល់មាត់ក្តី ទាំងតាមការសរសេរ ឬបោះពុម្ពក្តី ក្នុងទម្រង់នៃសិល្បៈ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយដទៃទៀតក្តី។
ដោយឡែកច្បាប់ក្រមព្រហ្មទណ្ឌផ្នែកទី៣ ស្ដីពីការញុះញង់ឲ្យប្រព្រឹត្តបទល្មើស មាត្រា៤៩៤ ចែងថា ដើម្បីអនុវត្តច្បាប់នេះ ការញុះញង់អាចត្រូវផ្ដន្ទាទោស កាលបើអំពើទាំងឡាយត្រូវបានប្រព្រឹត្ត ដូចជាការប្រើសម្ដីគ្រប់ប្រភេទប្រកាសនៅក្នុងកន្លែងសាធារណៈ ឬនៅពេលប្រជុំជាសាធារណៈ បន្ថែមពីនេះ ការប្រើសំណេរ និងគំនូរគ្រប់ប្រភេទដែលបានផ្សព្វផ្សាយក្នុងចំណោមសាធារណជនជាដើម។
ក្រុមអ្នកសង្កេតការណ៍ បានឲ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននេះអាជ្ញាធរក្រុងភ្នំពេញកំពុងឃុំខ្លួនសកម្មជននយោបាយ សកម្មជនការពារព្រៃឈើ សកម្មជនបរិស្ថាន និងសកម្មជនសិទ្ធិមនុស្សប្រមាណជាង ៥០នាក់ហើយ ដោយចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយប្រើមាត្រា៤៩៤ និង ៤៩៥ នៃច្បាប់ក្រមព្រហ្មទណ្ឌនេះតែម្តង។
ពួកគេរិះគន់ថា ការចាប់ខ្លួនសកម្មជនបរិស្ថាន សកម្មជនការពារសិទ្ធិមនុស្ស និងសកម្មជនដីធ្លីកន្លងមកនេះ គឺខុសនឹងនីតិវិធីច្បាប់ ខុសនឹងរដ្ឋធម្មនុញ្ញកម្ពុជា និងមានចរិតជានយោបាយ ព្រោះថាការចាប់ខ្លួនអ្នកទាំងនោះ គឺធ្វើឡើងក្នុងចេតនាបំបិទសំឡេងប្រឆាំង និងបំបាត់ការរិះគន់លើរដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន ដោយប្រើច្បាប់មិនត្រឹមត្រូវនេះ ដើម្បីបិទបាំងតែប៉ុណ្ណោះ។
ជុំវិញបញ្ហានេះ កាលពីអំឡុងឆ្នាំ២០២០ របាយការណ៍មួយរបស់គម្រោងយុត្តិធម៌ពិភពលោក (World Justice Project) ស្ដីពីនីតិរដ្ឋនៅកម្ពុជា បានផ្តល់ពិន្ទុឲ្យកម្ពុជាជាប់លេខរៀងទី១២៧ ក្នុងចំណោមប្រទេសចំនួន១២៨ នៅជុំវិញពិភពលោក ដោយបង្ហាញថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាអាក្រក់បំផុតនៅក្នុងលោក ប៉ុន្តែល្អជាងតែប្រទេសវេណេហ្ស៊ុយអេឡា តែមួយប៉ុណ្ណោះ៕