មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ច្រានចោលលិខិតថ្កោលទោសរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ពាក់ព័ន្ធករណីផ្ដន្ទាទោសមេដឹកនាំសហជីព និងការបង្ក្រាបជាប្រព័ន្ធលើអ្នកការពារសិទ្ធិមនុស្ស ថាគ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនដែលពុំបានផ្តល់ការយកចិត្តទុកដាក់ចំពោះសារសំខាន់នៃការអនុវត្តច្បាប់ និងការប្រព្រឹត្តដោយស្មើភាពគ្នាចំពោះពលរដ្ឋទាំងអស់នៅកម្ពុជានោះទេ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ថា ការធ្វើអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេសមួយក្រុមតូចនេះ គឺបង្កឲ្យមានការភ័ន្តច្រឡំ និងជាការលើកឡើងតែមួយជ្រុងប៉ុណ្ណោះ។
ប្រភពដដែលអះអាងថា ការទាមទារឲ្យលុបចោលនូវបទប្បញ្ញត្តិមួយចំនួននៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា គឺស្មើនឹងជំរុញឲ្យកម្ពុជាធ្លាក់ទៅក្នុងភាពអនាធិបតេយ្យ និងបំផ្លិចបំផ្លាញដល់នីតិរដ្ឋរបស់ប្រទេស ហើយការចាត់ទុកការអនុវត្តច្បាប់ថាជាការគាបសង្កត់សេរីភាព គឺជាការប្រមាថចំពោះនីតិរដ្ឋរបស់កម្ពុជាដែលធានាដោយរដ្ឋធម្មនុញ្ញផងដែរ។
ច្បាប់ក្រមព្រហ្មទណ្ឌផ្នែកទី៣ ស្ដីពីការញុះញង់ឲ្យប្រព្រឹត្តបទល្មើស មាត្រា៤៩៤ ចែងថា ដើម្បីអនុវត្តច្បាប់នេះ ការញុះញង់អាចត្រូវផ្ដន្ទាទោស កាលបើអំពើទាំងឡាយត្រូវបានប្រព្រឹត្ត ដូចជាការប្រើសម្ដីគ្រប់ប្រភេទប្រកាសនៅក្នុងកន្លែងសាធារណៈ ឬនៅពេលប្រជុំជាសាធារណៈ បន្ថែមពីនេះ ការប្រើសំណេរ និងគំនូរគ្រប់ប្រភេទដែលបានផ្សព្វផ្សាយក្នុងចំណោមសាធារណជន ជាដើម។
មាត្រា១៩ នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយបានចែងថា មនុស្សគ្រប់រូបត្រូវមានសិទ្ធិសេរីភាពនៃការសម្ដែងមតិ ហើយសិទ្ធិនេះត្រូវរាប់បញ្ចូលទាំងសេរីភាពក្នុងការស្វែងរកព័ត៌មាន ទទួល និងផ្សព្វផ្សាយព័ត៌មាន និងគំនិតយោបល់សព្វបែបយ៉ាងដោយគ្មានកំណត់ព្រំដែនអ្វីទាំងអស់ ទោះទាំងតាមផ្ទាល់មាត់ក្តី ទាំងតាមការសរសេរ ឬបោះពុម្ពក្តី ក្នុងទម្រង់នៃសិល្បៈ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយដទៃទៀតក្តី។
រីឯមាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ ហើយសេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានចេញលិខិតរិះគន់អាជ្ញាធរកម្ពុជា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ថា ជុំវិញការផ្ដន្ទាទោសអ្នកការពារសិទ្ធិមនុស្សដ៏លេចធ្លោមួយរូប គឺលោក រ៉ុង ឈុន ដែលត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារកាលពីសប្តាហ៍មុន គឺជាការសម្រេចមិនសមហេតុផល។

ក្រុមអ្នកជំនាញសិទ្ធិមនុស្សទាំងនោះរិះគន់ថា អ្នកការពារសិទ្ធិមនុស្សមិនគួរត្រូវបានចាប់ខ្លួន ឃុំខ្លួន ឬផ្ដន្ទាទោសចំពោះកិច្ចខំប្រឹងប្រែងដើម្បីការពារសិទ្ធិរបស់អ្នកដទៃឡើយ ព្រោះថាកម្ពុជាធ្លាប់បានប្ដេជ្ញាចិត្តរួចហើយក្នុងសម័យប្រជុំពិនិត្យរបាយការណ៍ជាសកលកាលពីឆ្នាំ២០១៩ ថាខ្លួននឹងបញ្ចប់ការយាយី ការរំខាន និងការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សដោយបំពានតទៅទៀត។
ក្រុមអ្នកជំនាញទាំងនោះបានសម្ដែងនូវកង្វល់យ៉ាងខ្លាំងចំពោះការប្រើមាត្រានៃច្បាប់ក្រមព្រហ្មទណ្ឌ៤៩៤ និង ៤៩៥ ស្ដីពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ថាជាការប្រើពាក្យស្រពិចស្រពិលដើម្បីបង្ក្រាបមតិជំទាស់ និងបំបិទមាត់ការបញ្ចេញមតិដោយសេរី ដូច្នេះរដ្ឋាភិបាលកម្ពុជាមិនគួរប្រើច្បាប់នេះដើម្បីគាបសង្កត់លើអ្នកធ្វើការក្នុងវិស័យសិទ្ធិមនុស្សតទៅទៀតនោះទេ។
ក្រុមអ្នកសង្កេតការណ៍រិះគន់ថា រដ្ឋាភិបាលកម្ពុជាបង្កើតច្បាប់ក្រមព្រហ្មទណ្ឌស្ដីពីការញុះញង់ឱ្យប្រព្រឹត្តបទល្មើសមាត្រា៤៩៤ និង ៤៩៥ ដើម្បីបិទបាំងអំពើទុច្ចរិតរបស់ខ្លួន និងមានគោលបំណងបំបិទសិទ្ធិមូលដ្ឋាន និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរដែលជាការរំលោភលើរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយយ៉ាងធ្ងន់ធ្ងរ។
ជាងនេះទៅទៀត ពួកគេទាមទារឲ្យរដ្ឋាភិបាលលប់មាត្រាទាំងនេះចោល ដើម្បីចូលរួមក្នុងលំហសេរីភាព និងសិទ្ធិមនុស្សនៅកម្ពុជា៕