មន្ត្រីព័ត៌មាននៃរដ្ឋបាលខេត្តព្រះសីហនុ ឲ្យដឹងថា យ៉ាងហោចណាស់មានបុរសម្នាក់បានស្លាប់ និងទ្រព្យសម្បត្តិរបស់ពលរដ្ឋមួយចំនួនបានខូចខាតបណ្តាលមកពីជំនន់ទឹកភ្លៀងជន់លិចក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ខណៈទឹកភ្លៀងបានបន្តធ្លាក់មកឥតឈប់ឈរមកដល់ល្ងាចថ្ងៃពុធ ទី២៥ ខែសីហា។
ជំនន់ទឹកភ្លៀងបណ្ដាលមកពីឥទ្ធិពលពីជ្រលងសម្ពាធទាប ITCZ កាលពីថ្ងៃទី២៤ ខែសីហា បណ្តាលឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋភាគច្រើនរស់នៅក្រុងព្រះសីហនុ ត្រូវលិចទឹកជាច្រើនម៉ោង និងនាំឲ្យខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ ហើយអាជ្ញាធរនៃរដ្ឋបាលខេត្តនេះមិនមានលទ្ធភាពជួយពលរដ្ឋរងគ្រោះទេ។
គ្រោះទឹកជំនន់ដោយសារទឹកភ្លៀងនេះ ក៏បានជន់លិចផ្លូវធ្វើដំណើរមិនអាចឲ្យយានជំនិះគ្រប់ប្រភេទធ្វើចរាចរបានឡើយ។ ដោយឡែកអូរ ប្រឡាយ និងលូសម្រាប់រំដោះទឹកចេញពីក្រុងទេសចរណ៍មួយនេះត្រូវកកស្ទះ ព្រោះបឹងធម្មជាតិ ឬអាងសម្រាប់ស្តុកទឹក ឬរំដោះទឹកភ្លៀងចេញពីក្រុងព្រះសីហនុ បានក្លាយជាកម្មសិទ្ធិឯកជន និងចាក់ដីលុបអស់គ្មានសល់។
ទោះយ៉ាងណា ក្រុមអ្នកជំនាញបាននិយាយថា ការស្ថាបនាផ្លូវ និងប្រព័ន្ធលូ អូរ ប្រឡាយរបស់ក្រុមការងារស្ថាបនាផ្លូវថ្នាក់ជាតិទាំង ៣៤ខ្សែនៅក្រុងព្រះសីហនុ កន្លងមក គឺមិនបានសិក្សាលម្អិតតាមលក្ខណៈបច្ចេកទេសនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មិនមានអាងសម្រាប់ស្តុកទឹក ឬរំដោះទឹកឲ្យបានធំទូលាយនោះដែរ។
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២៥-៣១ ខែសីហា ឆ្នាំ២០២១ ឲ្យដឹងថា កម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំង នឹងអាចកើតមាននៅជ្រលងសម្ពាធទាប ITCZ សាជាថ្មីទៀត។ ស្ថានភាពបែបនេះ នឹងបណ្តាលឲ្យបណ្តាខេត្តនៅតំបន់ទំនាបកណ្តាល បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខេត្តជាប់មាត់សមុទ្រជាដើម នឹងមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីមធ្យមទៅខ្លាំង និងមានលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់បោកបក់ខ្លាំង។
ក្រសួងធនធានទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមប្រុងប្រយ័ត្នអំពីសុវត្ថិភាពនៃបាតុភូតភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រធំៗដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។
ទាក់ទងនឹងករណីនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែសីហា ក៏បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងបញ្ជូនគ្រឿងចក្រទៅកាយ ឬស្ដារ និងកាយសំរាមដែលកកស្ទះនៅតាមផ្លូវ តាមអូរ និងប្រឡាយសំខាន់ៗក្នុងក្រុងព្រះសីហនុ ក្រោយមានជំនន់ទឹកភ្លៀងកាលពីម្សិលមិញដើម្បីរំដោះជំនន់ទឹកភ្លៀង។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បញ្ជាក់ថា ជំនន់ទឹកភ្លៀងលិចក្រុងព្រះសីហនុ កាលពីម្សិលមិញ គឺបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងបុរសម្នាក់ទៀតបានជួយសង្គ្រោះទាន់ពេល។ លោកបន្តថា ជនរងគ្រោះករណីទី១ បានកើតឡើងលើបុរសម្នាក់ទៀតអាយុប្រមាណ ៥០ឆ្នាំដែលបាំងឆត្រដើរកាត់ផ្លូវពេលកំពុងមានជំនន់ទឹកភ្លៀងខ្លាំងក្នុងតំបន់អូរ៥ សង្កាត់លេខ៤ ក៏ត្រូវបានទឹកហូរកួចធ្លាក់ចូលក្នុងប្រឡាយបាត់ខ្លួន។ ចំណែកករណីទី២ បានកើតឡើងទៅលើបុរសម្នាក់ដែលជិះម៉ូតូកាត់ទឹក ហើយត្រូវទឹកហូរកួចធ្លាក់ចូលក្នុងប្រឡាយទាំងម៉ូតូ និងមនុស្សនៅសង្កាត់លេខ១ ប៉ុន្តែត្រូវជួយសង្គ្រោះទាន់ពេល។
យ៉ាងនេះក្តី សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណសាកសពរបស់បុរសរងគ្រោះខាងលើនេះទេ ព្រោះមិនមានឯកសារនៅជាប់ខ្លួនឡើយ។ សមត្ថកិច្ចបានសង្ស័យថា បុរសរងគ្រោះរូបនេះទំនងជាជនជាតិចិន៕