31 C
Phnom Penh

សាធារណជន​រិះគន់​រដ្ឋាភិបាល​និង​តុលាការ​ករណី​ឃុំ​ខ្លួន​យុវជន​ម្នាក់​ដែល​ត្អូញត្អែរ​បញ្ហា​មៀន​ដែល​បេះ​រួច តែ​រដ្ឋាភិបាល​មិន​ទិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាធារណជន​រិះគន់​រដ្ឋាភិបាល និង​តុលាការ​នៅ​ខេត្ត​បាត់ដំបង ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន និង​ចោទ​ប្រកាន់​យុវជន​ម្នាក់​ពី​បទ «ញុះញង់» ដោយ​គ្រាន់តែ​ត្អូញត្អែរ​ពី​បញ្ហា​មៀន​ដែល​កសិករ​បេះ​ហើយ បែរជា​រដ្ឋាភិបាល​មិន​ទិញ​ពី​ពួកគាត់។

ការ​រិះគន់​នេះ ធ្វើឡើង​បន្ទាប់ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​ឃាត់ និង​បញ្ជូន​ខ្លួន​យុវជន​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង ហើយ​បច្ចុប្បន្ន​យុវជន​រូប​នោះ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ដោយ​ចោទប្រកាន់​ពី​បទ «ញុះញង់»។

បើ​តាម​ហ្វេសប៊ុក​ឈ្មោះ Storytellers បាន​សរសេរ​ដោយ​ភ្ជាប់​ជាមួយ​រូបថត​យុវជន និង​កសិករ​ម្នាក់​ទៀត​ថា «និយាយ​ការពិត​សោះ ត្រូវ​គេ​ចោទ​ថា​បំពុល​សង្គម​វិញ»

ក្រៅពី​ហ្វេសប៊ុក​ឈ្មោះ Storytellers ក៏​មាន​ហ្វេសប៊ុក​ឈ្មោះ Mono Tep សរសេរ​ដែរ​ថា ម្ចាស់​ចម្ការ​មៀន​ត្អូញត្អែរ​ពី​បញ្ហា​គ្មាន​ទីផ្សារ​សម្រាប់​ផ្លែ​មៀន​ដែល​ខ្លួន​បាន​ទទួល​ផល គេ​បែរជា​ចោទ​គាត់​ថា​បំពុល​សង្គម ហើយ​ដឹក​ដៃ​គាត់​ចូល​ប៉ុស្តិ៍​ប៉ូលិស​ឱ្យ​ចុះ​កិច្ចសន្យា និង​សុំទោស​ជា​សាធារណៈ។ មួយ​វិញ​ទៀត កសិករ​រងគ្រោះ​គ្មាន​ទីផ្សារ ខាតបង់​ក្ស័យ​ធន​ហើយ ត្រូវ​មក​រងគ្រោះ​ដោយ​អាជ្ញាធរ​ចោទ​ថា​ញុះញង់​បំពុល​សង្គម​ថែមទៀត។

បើ​តាម​ហ្វេសប៊ុក​យុវជន​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ និង​ត្រូវ​តុលាការ​ឃុំ​ខ្លួន​នោះ បាន​បង្ហោះ​វីដេអូ​ឃ្លីប​កាលពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២១ លើ​គណនី​ឈ្មោះ Accou Nt ថា «កាល​ពីមុន​ដំបូង លោក ហ៊ុន សែន បាន​ជួយ​ទិញ​មៀន ដោយ​ឱ្យ​ខាង​ស្រុកឃុំ​ចុះ​មក​ជួយ​កត់​ថា មៀន​មាន​ចំនួន​ប៉ុន្មាន​តោន ដោយ​ឱ្យ​ប្រជាពលរដ្ឋ​កាច់ និង​ដាក់​ថង់ ប៉ុន្តែ​នៅ​ពេល​ដាក់​ថង់​ហើយ គេ​មិន​យក ដោយ​ឱ្យ​ដាក់​ឡាំ​វិញ។ អ៊ីចឹង​ជ្រុល​បើ​មិន​ទិញ​ហើយ កុំ​ឱ្យ​គាត់​កាច់​អស់​លុយ​ថ្លៃ​កម្មករ គ្រាន់តែ​ថ្លៃ​កម្មករ ថ្លៃ​ជួល​ឡាន​ដឹក​ទៅវិញ​ទៅមក​អស់​លុយ ហើយ​ថ្លៃ​កម្មករ​កាច់​មួយ​គីឡូ ៥០០​រៀល​ទៀត ហើយ​ទិញ​កេះ​ផង ជួល​ឡាន​ដឹក​ផង ហើយ​អត់​ទិញ​របស់​គាត់​ផង​ហ្នឹង ទុក​ចោល​ដដែល»

យុវជន​រូប​នេះ​ក៏​បាន​លើកឡើង​ទៀត​ថា «គ្រាន់តែ​ជួល​កម្មករ​កាច់​អស់​លុយ​ច្រើន ហើយ​ខាត​លុយ​ថ្នាំ​ហើយ អត់​យក​មៀន​យើង​ដែល​កាច់​ហើយ​ទៀត ចុះ​វា​មិន​ទុក​ឱ្យ​ស្អុយ​ទៅ​មិន​បាច់​ទិញ​អី។ អ៊ីចឹង​មិន​បាច់​លក់​ទេ ច្រក​ទុក​ចាក់​ចោល​ទៅ! មើល​ឱ្យ​ហើយ​បងប្អូន ឥឡូវ​រក​លុយ​ឱ្យ​ថ្លៃ​កម្មករ​មិន​បាន​ផង»។

ក្រោយ​បង្ហោះ​សារ​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បាន​ហៅ​កសិករ​ចំនួន ២​នាក់​ទៅ​បំភ្លឺ និង​ឱ្យ​ពួកគាត់​សុំទោស​រដ្ឋាភិបាល និង​មន្ត្រី​ធំៗ​បាន​និង​កំពុង​ប្រមូល​ទិញ​ផ្លែ​មៀន និង​តាង៉ែន​ប្រជា​កសិករ​ដោយ​គ្មាន​ទីផ្សារ​សម្រាប់​លក់ ក្រោយ​ពី​ថៃ មិន​ទទួល​ទិញ​ផ្លែ​មៀន និង​តាង៉ែន​ពី​កសិករ។

យ៉ាងណាក៏ដោយ បញ្ហា​កសិករ​ដាំ​ដំណាំ​ហើយ​គ្មាន​ទីផ្សារ​សម្រាប់​លក់​កសិផល​របស់​ខ្លួន មិន​មែន​ទើប​តែ​នឹង​កើតឡើង​ឡើយ។ បញ្ហា​នេះ បាន​កើតឡើង​យូរ​ឆ្នាំ​ហើយ​ដោយ​ពេល​ខ្លះ​រហូត​ដល់​កសិករ​ចាក់​ស្រូវ បន្លែ ផ្លែឈើ​របស់​ខ្លួន​ចោល ដោយសារ​គ្មាន​ទីផ្សារ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​គ្មាន​ដំណោះស្រាយ​សម្រាប់​កសិករ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស