មន្ត្រីជាន់ខ្ពស់គណបក្សក្រៅរដ្ឋាភិបាលមួយប្រតិកម្មចំពោះការកាត់ក្តីរបស់តុលាការខេត្តបាត់ដំបង ដែលបានសម្រេចឲ្យម្ចាស់ចម្ការផ្លែមៀនម្នាក់ជាប់ពន្ធនាគារ ១០ខែ ថាជាការកាត់ក្តីយ៉ាងអយុត្តិធម៌ និងមិនអាចទទួលយកបាន។
ការលើកឡើងរបស់មន្ត្រីបក្សក្រៅរដ្ឋាភិបាលរូបនេះ គឺបន្ទាប់ពីសាលាដំបូងខេត្តបាត់ដំបង បានសម្រេចកាត់ទោសម្ចាស់ចម្ការផ្លែមៀនម្នាក់ឱ្យជាប់ពន្ធនាគារ ក្រោយពីបុរសរូបនេះបានបង្ហោះសារលើបណ្ដាញសង្គម រិះគន់រដ្ឋាភិបាលកម្ពុជាទាក់ទងនឹងការទិញផ្លែមៀនកាលពីពេលថ្មីៗនេះ។
អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ លោក ខឺយ ស៊ីនឿន បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ថា ការកាត់សេចក្ដីរបស់តុលាការខេត្តបាត់ដំបង ពិតជាអយុត្តិធម៌ណាស់ គ្រាន់តែប្រជាពលរដ្ឋសម្ដែងមតិយោបល់ពីកង្វល់ចំពោះមុខរបរក៏ដូចជាកសិផលរបស់ពួកគាត់ដែលកំពុងជួបវិបត្តិគ្មានទីផ្សារ ស្របតាមសិទ្ធិពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក៏ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារដែរ។
លោកអះអាងថា តុលាការមិនគួរយកកង្វល់របស់កសិករដែលកំពុងជួបបញ្ហាលើកសិផលគ្មានទីផ្សារធ្វើជាហេតុផលកាត់ទោសឲ្យជាប់ពន្ធនាគារនោះទេ ព្រោះថានេះគឺជាសិទ្ធិសេរីភាពសម្ដែងមតិ និងជាកង្វល់របស់ពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញស្ដីពីសិទ្ធិចូលរួមក្នុងសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។
លោក ខឺយ ស៊ីនឿន បញ្ជាក់ថា ពលរដ្ឋដែលមានសិទ្ធិសេរីភាពពេញលេញ លុះត្រាតែពួកគេអាចអនុវត្តសិទ្ធិមូលដ្ឋានរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ ដោយគ្មានការគំរាមកំហែង ប៉ុន្តែប្រសិនបើមានការបង្ក្រាបពីសំណាក់អាជ្ញាធរនោះ មានន័យថាការប្រើប្រាស់សិទ្ធិនោះ គឺមិនអាចអនុវត្តបានទេ ហើយក៏បង្ហាញពីការរំលោភសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរដែរ។

សាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែសីហា បានសម្រេចឲ្យម្ចាស់ចម្ការផ្លែមៀនម្នាក់ដែលជាម្ចាស់គណនី Facebook ឈ្មោះ Accoun Nt ដែលមានឈ្មោះពិតថា ងួន លី រស់នៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ឲ្យជាប់ពន្ធនាគារ ១០ខែ ដោយចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីលោក ងួន លី បានឡាយលើបណ្ដាញសង្គម Facebook កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ កន្លងទៅថា មុនដំបូងខាងអាជ្ញាធរមូលដ្ឋានប្រាប់ឲ្យពួកគាត់បេះផ្លែមៀនពីចម្ការទាំងអស់មក ប៉ុន្តែក្រោយមកថាមិនមានការទិញទៅវិញ។
លោកថា បើមិនទិញ កុំឲ្យគាត់កាច់ផ្លែមៀនពីដើមនាំតែខាតលុយ ព្រោះត្រូវចំណាយលើថ្លៃកម្មករដែលត្រូវបេះផ្លែមៀនច្រើនណាស់ លើសពីនេះ ត្រូវចំណាយលើថ្លៃឈ្នួលឡានដឹកកម្មករទៅវិញទៅមកផងដែរ និងចំណាយថ្លៃទិញកេសសម្រាប់ដាក់ផ្លែមៀនថែមទៀត។

កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លោក ហ៊ុន សែន បានបញ្ជាឲ្យមេបញ្ជាការដ្ឋានកងអង្គរក្ស លោក ហ៊ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀនពីកសិករនៅតាមខេត្តជាប់ព្រំដែនថៃ យកទៅចែកជូនកងទ័ព នគរបាល គ្រូពេទ្យ អ្នកជំងឺ និងពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កព្យាបាលជំងឺ Covid-19។
លោក ហ៊ុន សែន បញ្ជាក់ថា លោកអាចបញ្ចាំផ្ទះយកលុយទៅទិញផ្លែមៀនទាំងនោះពីកសិករដែលកំពុងជួបការលំបាក តែលោកពុំមានលទ្ធភាពជួយដល់ម្ចាស់ដីដែលមានចម្ការផ្លែមៀនច្រើនបានទេ។ ប៉ុន្តែលោកថា នេះជាវិធីដោះទាល់មួយក្នុងកាលៈទេសៈដ៏លំបាកនេះ ដើម្បីកុំឱ្យកសិករខាតបង់ធ្ងន់ធ្ងរពេក។
ទោះជាបែបនេះក្តី ក្រុមអ្នកឃ្លាំមើលសង្គមរិះគន់ថា វិធានការរបស់លោក ហ៊ុន សែន ក្នុងការទិញផ្លែមៀននេះ គឺគ្រាន់តែធ្វើឲ្យតែល្អមើលតែប៉ុណ្ណោះ ព្រោះថាបញ្ជារបស់គាត់មិនមែនជាដំណោះស្រាយរកទីផ្សារកសិផលឲ្យកសិករនោះទេ ដំណោះស្រាយនេះគ្រាន់តែជាវិធីឆក់ឱកាសកេងចំណេញនយោបាយប៉ុណ្ណោះ ខណៈផ្លែមៀនរាប់ម៉ឺនតោននៅសល់ស្អេកស្កះលក់មិនចេញ បង្កការខាតបង់ដល់កសិករយ៉ាងធ្ងន់ធ្ងរនៅពេលនេះ។
ទាក់ទងនឹងការកាត់សេចក្ដីបុរសម្នាក់ជាម្ចាស់ចម្ការមៀន ដែលបង្ហោះសារសម្ដែងការព្រួយបារម្ភពីផលិតផលកសិកម្មនោះ គឺធ្វើឡើងផ្ទុយនឹងមាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ដែលបានចែងថា ពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ ហើយសេចក្តីស្នើទាំងឡាយរបស់ពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
កាលពីចុងឆ្នាំ២០២០ ក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លើកទី៤៥ មន្ត្រីជាន់ខ្ពស់អង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូបឺតសុន ធ្លាប់បានរិះគន់ថា ការចោទប្រកាន់របស់អាជ្ញាធរកម្ពុជាលើការបញ្ចេញមតិរបស់ពលរដ្ឋ គឺជាការប្រើប្រាស់បទបញ្ញត្តិនៃក្រមព្រហ្មទណ្ឌមិនត្រឹមត្រូវ ដើម្បីតែការពាររដ្ឋាភិបាល ជាជាងការធានាសិទ្ធិបញ្ចេញមតិដោយសន្តិវិធីរបស់ពលរដ្ឋ៕