30.7 C
Phnom Penh

សហរដ្ឋ​អាមេរិក​មិន​អាច​ខ្វះ​វៀតណាម ហើយ​វៀតណាម​មិន​អាច​ខ្វះ​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​ជា​សត្រូវ​នឹង​គ្នា ហើយ​ពេលនេះ​កំពុង​ក្លាយ​ជា​មិត្ត​ស្លាប់​រស់​នឹង​គ្នា​ទៅវិញ។ អាមេរិក​មិន​អាច​ខ្វះ​វៀតណាម ហើយ​វៀតណាម​ក៏​មិន​អាច​ខ្វះ​អាមេរិក គឺ​ទាំង​សេដ្ឋកិច្ច និង​សន្តិសុខ​តំបន់។

ចាប់តាំង​ពី​ស្ថាបនា​ឡើងវិញ​នូវ​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំ​១៩៩៥ មក​នេះ សេដ្ឋកិច្ច និង​ទំនាក់ទំនង​សហប្រតិបត្តិការ​ទ្វេភាគី​ហក់​ឡើង​ជា​ខ្លាំង។ ទំនាក់ទំនង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​នេះ​បាន​ហក់​ឡើង​ដល់​ទៅ ៩០​ពាន់ ៨០០​លាន​ដុល្លារ​អាមេរិក គឺ​ហក់​ឡើង ១៩,៨​ភាគរយ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​មក​នេះ ទោះ​ជា​ប្រទេស​ទាំង​ពីរ​រង​ផល​ប៉ះពាល់​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​ក៏ដោយ។ នេះ​បើ​តាម​ទិន្នន័យ​នៃ​ក្រសួង​ពាណិជ្ជកម្ម​វៀតណាម។

លើស​ពី​នេះ​ទៀត គឺ​ដើម្បី​អបអរ​សាទរ​ដំណើរ​ទស្សនកិច្ច​របស់​អនុប្រធានាធិបតី​អាមេរិក អ្នកស្រី Kamala Harris វៀតណាម​បាន​សម្រេច​បើក​ជើង​ហោះហើរ​ដោយ​ផ្ទាល់​ពី​ទីក្រុង​ហូជីមិញ ដែល​ខ្មែរ​ហៅថា​ទីក្រុង​ព្រៃនគរ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម VNA កាលពី​ថ្ងៃ​ទី​២៥ សីហា។

នៅ​ក្នុង​ជំនួប​ជាមួយ​អ្នកស្រី Kamala Harris នៅ​ទីក្រុង​ហាណូយ ប្រធានាធិបតី​វៀតណាម Nguyen Xuan Phuc បាន​លើក​សរសើរ​សហរដ្ឋ​អាមេរិក ដោយ​ចាត់ទុក​ក្រុង​វ៉ាស៊ីនតោន ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​សម្រាប់​វៀតណាម នៅ​ក្នុង​ស្ថានភាព​ពិភពលោក​ពេលនេះ និង​ទៅ​ថ្ងៃ​អនាគត។

តាម​លោក Nguyen Xuan Phuc វៀតណាម​មាន​បំណង​ខ្លាំង​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ក្នុង​គោលការណ៍​គោរព​គ្នា​ស្មើ​មុខ​ស្មើ​មាត់ សំដៅ​លើកស្ទួយ​ឯករាជភាព អធិបតេយ្យភាព បូរណភាព​ដែនដី និង​ជួយ​គ្នា​ដើម្បី​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​តំបន់។

សម្រាប់​វៀតណាម សូម​ស្វាគមន៍​ការ​សម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​នៃ​មេដឹកនាំ​ក្រុម​ប្រទេស​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក សម្រាប់​ឆ្នាំ​២០២៣។

ចំណែក​អ្នកស្រី​អនុប្រធានាធិបតី​អាមេរិក Kamala Harris បាន​ថ្លែង​អះអាង​ថា សហរដ្ឋ​អាមេរិក​គាំទ្រ​វៀតណាម ដែល​បើក​ចំហ​ទំនាក់ទំនង​ជាមួយ​អាមេរិក​កាន់តែ​ស៊ីជម្រៅ​ទាំង​ទំនាក់ទំនង​ទ្វេភាគី និង​ពហុភាគី ហើយ​គាំទ្រ​វៀតណាម ដែល​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​សមាគម​អាស៊ាន។

អ្នកស្រី Kamala Harris បាន​ទៅដល់​ទីក្រុង​ហាណូយ កាលពី​យប់​ថ្ងៃ​អង្គារ ទី​២៤ សីហា។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​កំពូលៗ​នៃ​រដ្ឋការ​លោក ចូ បៃដិន ដែល​បណ្ដាក់​គ្នា​មក​កាន់​អាស៊ី និង​ជាន់​ទឹកដី​វៀតណាម សិង្ហបុរី ត្រូវ​បាន​មើលឃើញ​ថា ក្រុង​វ៉ាស៊ីនតោន កំពុង​ស្រវា​ឱប​ប្រទេស​សមាគម​អាស៊ាន ដើម្បី​ដាក់​សម្ពាធ​ទៅលើ​ចិន​ឲ្យ​ខ្លាំង ហើយ​ក្នុង​គោលបំណង​ដើម្បី​ប្រាប់​ចិន​បញ្ឈប់​សកម្មភាព​រំលោភបំពាន​ដែនទឹក​ប្រទេស​ជិតខាង​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង។

ជំនួប​ជាមួយ​ប្រធានាធិបតី​វៀតណាម លោក Nguyen Xuan Phuc អ្នកស្រី Kamala Harris បាន​ប្រាប់​ទៅ​មេដឹកនាំ​វៀតណាម​ថា សមាគម​អាស៊ាន​ត្រូវតែ​រួម​គ្នា​រក​វិធី​ដាក់​សម្ពាធ​ឲ្យ​ខ្លាំង​ទៅលើ​ចិន។ អនុប្រធានាធិបតី​អាមេរិក​រូប​នេះ បាន​អះអាង​ថា កងទ័ព​ជើងទឹក​អាមេរិក​នឹង​បន្ត​មាន​វត្តមាន​ជា​ប្រចាំ​នៅ​ក្នុង​តំបន់​នេះ ហើយ​ព្រមទាំង​អាច​ចូលរួម​ជួយ​ពង្រឹង​សមត្ថភាព​ដល់​កងទ័ព​ជើងទឹក​វៀតណាម​តាម​គ្រប់​ស្ថានការណ៍​ទាំងអស់។ អ្នកស្រី Kamala Harris ក៏​បាន​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​លើ​បញ្ហា​សុខភាព​នៅ​ក្នុង​តំបន់​ផង​ដែរ។

អ្នកស្រី​បាន​សម្រេច​បើក​ការិយាល័យ​ថ្មី​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​ទីភ្នាក់ងារ​គ្រប់គ្រង និង​បង្ការ​ជំងឺ​ក្នុង​តំបន់។ ក្នុង​ពិធី​បើក​ការិយាល័យ​នេះ រួម​មាន​វត្តមាន​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​សុខុមាលភាព​ពលរដ្ឋ​អាមេរិក នាយក​ទីភ្នាក់ងារ​គ្រប់គ្រង និង​បង្ការ​ជំងឺ និង​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម។

ការិយាល័យ​ប្រចាំ​តំបន់​ថ្មី​នេះ សំដៅ​ពង្រឹង​សមត្ថភាព​ទីភ្នាក់ងារ​គ្រប់គ្រង និង​បង្ការ​ជំងឺ​ក្នុង​ការ​បំពេញ​បេសកកម្ម​ការពារ​ជនជាតិ​អាមេរិក និង​ប្រជាជន​ក្នុង​តំបន់ តាមរយៈ​ការ​ឆ្លើយតប​ឆាប់​រហ័ស​ទៅ​នឹង​ការ​គំរាមកំហែង​ផ្នែក​សុខភាព។

អ្នកស្រី​អនុប្រធានាធិបតី ក៏​បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​កិច្ចសហប្រតិបត្តិការ​សន្តិសុខ​សុខាភិបាល​ក្នុង​តំបន់ ដោយ​បាន​អំពាវនាវ​ឲ្យ​មាន​សកម្មភាព​ត្រៀម​បង្ការ និង​ឆ្លើយតប​ជំងឺ​រាតត្បាត​គ្រប់​ប្រភេទ​ទាំងអស់។

លោក Xavier Becerra ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​សុខុមាលភាព​ពលរដ្ឋ​អាមេរិក បាន​ថ្លែង​ថា តាមរយៈ​ការិយាល័យ​នេះ មន្ត្រី​ជំនាញ​របស់​អាមេរិក​នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​ក្នុង​តំបន់ ដើម្បី​ចែករំលែក​យុទ្ធសាស្ត្រ និង​ពង្រឹង​សមត្ថភាព​គ្នា​ក្នុង​ការ​ការពារ ស្វែងរក និង​ឆ្លើយតប​ការ​គំរាមកំហែង​នៃ​ជំងឺ​ឆ្លង​នា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត។

ដោយ​ឆ្លើយតប​នឹង​អាមេរិក​ដូចនេះ ប្រធានាធិបតី​វៀតណាម Nguyen Xuan Phuc បាន​សម្ដែង​ការ​សាទរ ការ​គាំទ្រ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​អាមេរិក​ដែល​បង្កើន​កញ្ចប់​ថវិកា​ដើម្បី​ជួយ​វិស័យ​សុខភាព​សាធារណៈ​សម្រាប់​តំបន់​អាស៊ាន។ លោក Nguyen Xuan Phuc បាន​ហៅ​កិច្ចសហការ និង​ជំនួយ​របស់​អាមេរិក​សម្រាប់​វៀតណាម និង​សមាគម​អាស៊ាន គឺជា​ការ​លើក​កម្ពស់​នៃ​ការ​រឹតចំណង​សាមគ្គីភាព មិត្តភាព​ទ្វេភាគី​ផង និង​ពហុភាគី​ផង។

សម្រាប់​ប្រធានាធិបតី​វៀតណាម ការ​បង្កើន​សហប្រតិបត្តិការ​រវាង​អាមេរិក និង​អាស៊ាន គឺជា​យុទ្ធសាស្ត្រ​ដ៏​គន្លឹះ​ដើម្បី​សន្តិសុខ​តំបន់ និង​សន្តិសុខ​ដង​ទន្លេមេគង្គ។

តាមរយៈ​ទស្សនកិច្ច​របស់​អ្នកស្រី​អនុប្រធានាធិបតី មេដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​ស្វាគមន៍​ការ​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ជួល​ដី​មួយ​កន្លែង​នៅ​ទីក្រុង​ហាណូយ ដើម្បី​សាងសង់​ស្ថានទូត​ថ្មី​របស់​អាមេរិក។

ក្នុង​រយៈពេល​មួយ​ខែ​មកនេះ សហរដ្ឋ​អាមេរិក បាន​ផ្ដល់​ជំនួយ​វ៉ាក់សាំង​របស់​អាមេរិក ដែល​ជា​វ៉ាក់សាំង​ប្រឆាំង​កូវីដ​មាន​ចំនួន ៥​លាន​ដូស​ទៅ​ឱ្យ​ប្រទេស​វៀតណាម។ តាមរយៈ​ទស្សនកិច្ច​របស់​អ្នកស្រី​អនុប្រធានាធិបតី ត្រូវ​គេ​រំពឹង​ថា វៀតណាម​នឹង​ទទួល​បាន​ជំនួយ​វ៉ាក់សាំង​ពី​សហរដ្ឋ​អាមេរិក​ច្រើន​លាន​ដូស​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស