27 C
Phnom Penh

ក្រសួង​សុខាភិបាល​ថា​ជំងឺ​កូវីដ​បំប្លែង​ថ្មី​ប្រភេទ DELTA បាន​ឆ្លង​ជាង ១​ពាន់​ករណី​ហើយ​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​សុខាភិបាល​កម្ពុជា អះអាង​ថា ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA បាន​កើន​ឡើង​ដល់ ១៤០០​នាក់​ហើយ ហើយ​មេរោគ​នេះ​កំពុងតែ​វាយលុក​ចូល​ក្នុង​សហគមន៍​នៅ​ស្ទើរតែ​ទូទាំង​ប្រទេស លើកលែងតែ​ខេត្ត​ពីរ​ប៉ុណ្ណោះ​ដែល​មិនទាន់​រក​ឃើញ​មាន​អ្នក​ឆ្លង​មេរោគ​បំប្លែង​ថ្មី​នេះ។

ក្រសួង​សុខាភិបាល បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២១ ថា អ្នក​ឆ្លង​ជំងឺ Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA ត្រូវ​បាន​រក​ឃើញ​ក្នុង​សហគមន៍​លើ​អ្នក​ដំណើរ​មកពី​បរទេស ពលករ​ខ្មែរ​ឆ្លង​មកពី​ប្រទេស​ថៃ ប្រទេស​វៀតណាម បុគ្គលិក​រោងចក្រ​កាត់ដេរ ដូនជី សិស្ស​សាលា បុគ្គលិក​សាធារណៈ​របស់​រដ្ឋ និង​តាម​ក្រុមហ៊ុន​ឯកជន​ផង​ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា ជំងឺ Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA នេះ​បាន​វាយលុក​ចូល​ក្នុង​សហគមន៍​តាម​បណ្តា​ខេត្ត​ចំនួន ២៣​រាជធានី-ខេត្ត​ហើយ ក្នុង​នោះ​ខេត្ត​ដែល​ឆ្លង​ច្រើន​គួរ​ឲ្យ​ព្រួយបារម្ភ ហើយ​មាន​ចំនួន​អ្នក​ឆ្លង​ចាប់ពី​ជាង ១០០​នាក់​រហូត​ដល់​ជាង ៤០០​នាក់ ដូចជា​ខេត្ត​ឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប និង​ទីក្រុង​ភ្នំពេញ ខណៈ​ខេត្ត​កែប និង​ខេត្ត​ក្រចេះ មិនទាន់​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​ប្រភេទ​ថ្មី​នេះ​នៅឡើយ​ទេ។

ក្រសួង​សុខាភិបាល អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ការប្រុងប្រយ័ត្ន និង​ការពារ​ខ្លួន​ជានិច្ច​ដោយ​ត្រូវ​ចេះ​ផ្លាស់ប្ដូរ​ទម្លាប់​រស់នៅ​ធម្មតា​ជាមួយ Covid-19 តាម​បែប​ថ្មី​ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ Covid-19 ជាពិសេស​ជំងឺ​បំប្លែង​ខ្លួន​ថ្មី​ដែល​កំពុងតែ​ឆ្លង​រាលដាល​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ។

ការ​អំពាវនាវ​នេះ ធ្វើឡើង​ក្រោយ​ក្រសួង​សុខាភិបាល​បាន​បន្ត​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA កាន់តែ​ច្រើន​ឡើងៗ ខណៈ​ជំងឺ​នេះ​ត្រូវ​រក​ឃើញ​ថា​មាន​សមត្ថភាព​អាច​បន្ថយ​ប្រសិទ្ធភាព​វ៉ាក់សាំង​ថែមទៀត។

ជុំវិញ​ការ​ចម្លង​វីរុស​បំប្លែង​ថ្មី​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​កាលពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២១ ថា មេរោគ​បំប្លែង​ថ្មី​ប្រភេទ DELTA ជា​ប្រភេទ​វីរុស​ឆ្លង​លឿន​ជាង​មុន មាន​កម្រិត​ធ្ងន់ធ្ងរ​ជាង​មុន ព្រមទាំង​អាច​កាត់បន្ថយ​ប្រសិទ្ធភាព​វ៉ាក់សាំង​បាន​ថែមទៀត។ ទោះ​ជា​យ៉ាងនេះ​ក្តី លោក​បញ្ជាក់​ថា ការ​ប្រើ​វ៉ាក់សាំង​ដូស​ជំរុញ គឺជា​រឿង​ចាំបាច់​ត្រូវតែ​ចាក់​ជូន​ប្រជាពលរដ្ឋ​ជាដាច់ខាត។

ទាក់ទិន​នឹង​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 នេះ ក្រសួង​សុខាភិបាល បាន​អះអាង​កាលពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១ ថា ខ្លួន​បាន​បង្កើន​ល្បឿន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ជូន​ពលរដ្ឋ​ដូស​ទី​១ បាន​ចំនួន​ជាង ១០​លាន ១​សែន​នាក់​ហើយ រីឯ​ដូស​ទី​២ មាន​ចំនួន​ជាង ៨​លាន ២​សែន​នាក់ ដោយឡែក​អ្នក​ចាក់​ដូស​ទី​៣ មាន​ចំនួន​ជាង ៥​សែន ៦​ម៉ឺន​នាក់ ខណៈ​កុមារ​ចាក់​បាន​ជាង ៦៦% (៦៦,២១​ភាគរយ) ផង​ដែរ។

ជុំវិញ​ការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 នេះ ក្រសួង​សុខាភិបាល ក៏​បាន​បង្ហាញ​របាយការណ៍​អំពី​អ្នក​ឆ្លង​វីរុស Covid-19 នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២១ នេះ​ផង​ដែរ​ថា ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន ៤១១​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ៣០៦​នាក់ ខណៈ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ១៧​នាក់។

ក្រសួង​បញ្ជាក់​ថា មក​ទល់នឹង​ពេល​នេះ អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ជាង ៩​ម៉ឺន ១​ពាន់​នាក់​ហើយ និង​អ្នក​ដែល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ៨​ម៉ឺន ៧​ពាន់​នាក់ ដោយឡែក​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង​ជាង ១៨០០​នាក់​ហើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស