ក្រុមអ្នកតស៊ូមតិនៅឯនាយសមុទ្រលើកឡើងថា លោក ហ៊ុន សែន ទំនងជាប្រើក្រុមយុទ្ធសាស្ត្ររបស់ខ្លួនបោះនុយឲ្យក្រុមអតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី ដែលកំពុងរង់ចាំស្ដារជីវិតនយោបាយវិញ ដើម្បីយកមកធ្វើជាជន្ទល់ឲ្យបក្សកាន់អំណាចក្នុងពេលដែលស្ថានភាពនយោបាយនៅកម្ពុជាកំពុងហ៊ុមព័ទ្ធទៅដោយវិបត្តិគ្រប់បែបយ៉ាង និងទណ្ឌកម្មពីប្រទេសលោកសេរី។
ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (SMD) លោក ទូច វិបុល បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ថា តាមប្រវត្តិនៃការដោះស្រាយវិបត្តិនយោបាយរបស់លោក ហ៊ុន សែន កន្លងមក តែងតែមានការជួយជ្រោមជ្រែងពីភាគីលោក សម រង្ស៊ី ជានិច្ច ដូចជាការជួយកែប្រែរូបមន្តបោះឆ្នោតពី ២ភាគ៣ ទៅជា ៥០ភាគរយបូក១ ជាដើម ដែលបានជួយឲ្យលោក ហ៊ុន សែន បានកាន់អំណាចយ៉ាងណែនក្នុងដៃដូចសព្វថ្ងៃនេះ។
លោក ទូច វិបុល បញ្ជាក់ថា ដើម្បីដោះស្រាយវិបត្តិគ្រប់យ៉ាង និងដើម្បីឯករាជ្យរបស់កម្ពុជាពិតប្រាកដ លោក ហ៊ុន សែន ត្រូវតែងាកមកពង្រឹងសាមគ្គីភាពផ្ទៃក្នុងជាតិ លើកកម្ពស់នីតិរដ្ឋ និងអធិបតេយ្យភាពរបស់ខ្លួនដោយការរឹតចំណងការទូតដោយស្មើមុខជាមួយប្រទេសជិតខាង ក្នុងនាមជាប្រទេសឯករាជ្យទាំងមហាអំណាចកុម្មុយនីស្ត និងមហាអំណាចលោកសេរី ព្រមទាំងត្រូវដោះលែងអ្នកទោសមនសិការឲ្យមានសេរីភាពឡើងវិញទាំងអស់ផងដែរ។
ប្រធានប្រតិបត្តិ SMD រូបនេះបានលើកឡើងថា ចំពោះអតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី ត្រូវតែទម្លាក់ចោលនូវនយោបាយទុច្ចរិតរបស់ខ្លួន ហើយងាកមកពង្រឹងការគ្រប់គ្រងគណបក្សសង្គ្រោះជាតិ ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យជាក់ស្តែងជាមួយដៃគូនយោបាយរបស់ខ្លួនវិញ ហើយមិនត្រូវបន្តរំលោភបំពានលើគោលការណ៍គណបក្ស និងបង្កើតក្រុមជេរប្រមាថដូចដែលខ្លួនធ្លាប់បានធ្វើកន្លងមកទៀតនោះទេ។
លោក ទូច វិបុល បានលើកឡើងបែបនេះ គឺបន្ទាប់ពីមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងភាគីលោក សម រង្ស៊ី បានទម្លាយថា ពួកគេនឹងស្វាគមន៍ជានិច្ចក្នុងជំនួបក្រៅផ្លូវការណាមួយបើមានភ្លើងខៀវពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា។

ជុំវិញបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា លោក ហ៊ុន សែន ចូលចិត្តប្រើតែល្បិចដដែលៗប៉ុណ្ណោះ គឺទិញទឹកចិត្តក្រុមប្រឆាំង ចាប់ខ្លួន និងបើកផ្លូវឲ្យចូលក្នុងសង្វៀននយោបាយដើម្បីជួយសម្រេចផែនការក្តាប់អំណាចរបស់គាត់។ ប៉ុន្តែដោយសារក្រុមប្រឆាំងកន្លងមកគ្មានសមត្ថភាពដឹកនាំក្រុមរបស់ខ្លួនដើម្បីតទល់នឹងឧបាយកលដដែលៗនោះ ទើបពួកគេចេះតែចាញ់ និងបែកបាក់គ្នា។
ប្រភពដដែលបានអះអាងថា ដើម្បីឈ្នះបក្សកាន់អំណាច មានតែវិធីតែមួយគត់ គឺភាគីលោក កឹម សុខា និងភាគីលោក សម រង្ស៊ី ត្រូវតែសហការគ្នាជាធ្លុងមួយ ខណៈពលរដ្ឋខ្មែរជាងកន្លះនគរក៏ចង់ឃើញបែបនេះដែរ។ ប៉ុន្តែបើលោក សម រង្ស៊ី នៅតែបន្តចូលរួមលេងល្បែងនយោបាយរបស់លោក ហ៊ុន សែន ដូចពេលមុនទៀតនោះ គឺលោក ហ៊ុន សែន នៅតែបន្តកាន់អំណាច ហើយកាន់តែខ្លាំងក្លា និងរឹងមាំជាងពេលនេះទៀត។
កាលពីឆ្នាំ២០០៦ សមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន និងសមាជិកសភាគណបក្ស សម រង្ស៊ី ដែលដឹកនាំដោយលោក សម រង្ស៊ី បានសហការគ្នាកែប្រែរដ្ឋធម្មនុញ្ញពី ២ភាគ៣ មកជា ៥០ភាគរយបូក១ បានបើកផ្លូវនយោបាយដ៏ធំធេង និងជួយទម្លាយភាពទាល់ច្រករបស់គណបក្សកាន់អំណាចយ៉ាងមានប្រសិទ្ធភាពបំផុត ខណៈបក្សកាន់អំណាចនៅពេលនោះកំពុងជាប់គាំងនយោបាយបង្កើតរដ្ឋាភិបាលដោយឯកបក្សមិនចេញ ដោយសារតែច្បាប់ ២ភាគ៣ ជារូបមន្តមានចែងក្នុងរដ្ឋធម្មនុញ្ញកាលពីឆ្នាំ១៩៩៣ មកនោះ៕