មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងលើកឡើងថា ការផ្អឹបសំណុំរឿងក្តីរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ប៉ុន្តែបែរជាបន្តបើកសវនាការលើករណីផ្សេងជំនួសវិញនោះ បានបង្ហាញឲ្យឃើញនូវភាពអយុត្តិធម៌ដល់មេដឹកនាំបក្សប្រឆាំងផង និងបង្ហាញនូវការអនុវត្តច្បាប់ដែលមានស្តង់ដារពីរនៅកម្ពុជាផង។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សួន សុរីដា បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ថា វាជារឿងគួរឱ្យអស់សំណើច និងហួសចិត្តដោយសារតែរឿងក្តីនានាមានតែដើមបណ្តឹងទាមទារឱ្យជំនុំជម្រះក្តីដែលពួកគេបានប្តឹង ប៉ុន្តែសំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិ បែរជាកូនក្តីទាមទារឱ្យជំនុំជម្រះដោយខ្លួនឯងទៅវិញ ខណៈតុលាការនៅតែអូសបន្លាយការជំនុំជម្រះក្តីនេះជាបន្តបន្ទាប់រហូតមកទល់នឹងពេលនេះ។
លោកអះអាងថា បើលោក ហ៊ុន សែន យល់ថារឿងក្តីរបស់លោក កឹម សុខា មិនមែនរឿងនយោបាយ ចុះហេតុអ្វីបានជាផ្អឹបសំណុំរឿងនេះអស់រយៈពេល ៤ឆ្នាំហើយនៅតែមិនទាន់ជំនុំជម្រះក្តីនេះទៀត ចេះតែបន្តពន្យារពេលរហូត ខណៈតុលាការនៅតែបន្តតាមដាន និងរឹតត្បិតសេរីភាពរបស់ប្រធានគណបក្សសង្គ្រោះជាតិ ដោយមិនមានការកំណត់ពេលវេលាច្បាស់លាស់។
លោក សួន សុរីដា លើកឡើងទៀតថា នៅពេលដែលមតិជាតិ និងអន្តរជាតិពិនិត្យទៅលើដំណើរការក្តី និងមូលហេតុនៃការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងកន្លងមកថាគឺជារឿងនយោបាយ ប៉ុន្តែរដ្ឋាភិបាលរបស់លោក ហ៊ុន សែន តែងតែប្រកែកជំទាស់ជានិច្ចថាមិនមែនជារឿងនយោបាយដូចការលើកឡើងនោះទេ។
លោក សួន សុរីដា ប្រតិកម្មថា បើមិនមែនជារឿងនយោបាយមែននោះ គួរតែឆាប់បើកសវនាការលើសំណុំរឿងក្តីនេះឲ្យចប់ ជាជាងអូសបន្លាយពេលបន្តទៀត ព្រោះថាសំណុំរឿងនេះបានអូសបន្លាយអស់រយៈពេល ៤ឆ្នាំមកហើយ។
ទោះយ៉ាងណា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព លោក ហ៊ុន សែន បានអះអាងថា ករណីរបស់លោក កឹម សុខា អាចនឹងត្រូវពន្យារពេល ៤ឆ្នាំទៀត គឺត្រូវពន្យាររហូតដល់ក្រោយការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងក្រោយការបោះឆ្នោតជាតិក្នុងឆ្នាំ២០២៣ ឯណោះ។

កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ លោក កឹម សុខា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនដោយចោទប្រកាន់ពីបទឃុបឃិតជាមួយបរទេស ហើយត្រូវឃុំខ្លួននៅគុកត្រពាំងផ្លុង ជាង ១ឆ្នាំ។ រហូតដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ លោក កឹម សុខា ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែមិនត្រូវបានអនុញ្ញាតឲ្យជួបអ្នកដទៃ ឬចាកចេញពីគេហដ្ឋានរបស់ខ្លួននោះទេ។
យ៉ាងណាក៏ដោយ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក កឹម សុខា ត្រូវតុលាការក្រុងភ្នំពេញផ្តល់សិទ្ធិសេរីភាពមួយកម្រិតទៀត គឺអាចធ្វើដំណើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាបាន ប៉ុន្តែត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការជានិច្ច។ បន្ថែមពីនេះ លោកក៏ត្រូវបានហាមធ្វើសកម្មភាព ឬនិយាយពាក់ព័ន្ធនឹងរឿងនយោបាយ និងចេញក្រៅប្រទេសជាដាច់ខាត។
យ៉ាងនេះក្តី មកទល់នឹងពេលនេះ លោក កឹម សុខា នៅតែមានភាពស្អាតស្អំ ព្រោះលោកមិនទាន់ត្រូវបានតុលាការកាត់ទោសពីបទល្មើសណាមួយនៅឡើយទេ ខណៈតុលាការកម្ពុជាប្រកាសផ្អាកសវនាការរបស់លោកជាបន្តបន្ទាប់ចាប់តាំងពីខែមីនា ឆ្នាំ២០២០៕