លោក ហ៊ុន សែន អះអាងថា យុទ្ធនាការចាក់វ៉ាក់សាំង Covid-19 ជុំទីមួយអាចនឹងបញ្ចប់មុនផែនការដែលបានគ្រោងទុក ពោលគឺនៅចុងខែតុលា ឬដើមខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំស្ដីពីការពង្រឹងអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំង Covid-19 ជុំទីមួយកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ថា គិតមកទល់នឹងពេលនេះ កម្ពុជាបានចាក់វ៉ាក់សាំងជូនពលរដ្ឋចាប់ពីអាយុ ១២ឆ្នាំឡើងទៅបាន ៨៩% ហើយ បើធៀបនឹងប្រជាជនគោលដៅចំនួន ១២លាននាក់។
លោក ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរខេត្តទាំងអស់ត្រូវប្រមូលផ្តុំយកចិត្តទុកដាក់ខ្ពស់ ដោយចាត់ទុកការប្រយុទ្ធនឹងការឆ្លងរាលដាលជំងឺ Covid-19 ជាការងារស្នូលខ្ពស់បំផុតរបស់ខ្លួន ជាពិសេសត្រូវសម្រេចឱ្យបានឆាប់រហ័សការចាក់វ៉ាក់សាំងជូនប្រជាជននៅក្នុងមូលដ្ឋានក្រោមសមត្ថកិច្ចរបស់ខ្លួនដែលជាយុទ្ធសាស្ត្រគន្លឹះរបស់រដ្ឋាភិបាល។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង Covid-19 ទូទាំងប្រទេស ត្រូវតែសហការជាមួយអាជ្ញាធរខេត្តបន្តរៀបចំឱ្យមានទីតាំងសម្រាប់ចាក់វ៉ាក់សាំងជូនពលរដ្ឋដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យបង្អែកក្រុង ស្រុក ខណ្ឌ និងតាមមណ្ឌលសុខភាពនានា ដើម្បីចាក់ជូនពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដោយមូលហេតុផ្សេងៗ ឲ្យគាត់អាចទទួលបានវ៉ាក់សាំងប្រឆាំងវីរុស Covid-19 ទាំងនោះបានដូចធម្មតា។
សេចក្តីណែនាំនេះ ធ្វើឡើងដើម្បីជំរុញឲ្យអាជ្ញាធរមូលដ្ឋានបង្កើនល្បឿននៃការចាក់វ៉ាក់សាំងជូនពលរដ្ឋទូទាំងប្រទេសឲ្យបានឆាប់ ក្រោយរដ្ឋាភិបាលបានបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង Covid-19 តាំងពីដើមខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។

កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជា បានប្រកាសបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងប្រឆាំងជំងឺ Covid-19 ទូទាំងប្រទេសជូនពលរដ្ឋចំនួន ១០លាននាក់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស Covid-19 ផង និងដើម្បីធានាបានភាពស៊ាំទូទាំងប្រទេសឲ្យបានឆាប់ក្នុងការឈានទៅបើកប្រទេសជាប្រក្រតីឡើងវិញផងដែរ។
ទាក់ទិននឹងការចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 នេះ ក្រសួងសុខាភិបាល បានអះអាងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ថា ខ្លួនបានបង្កើនល្បឿនចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 ជូនពលរដ្ឋដូសទី១ បានចំនួនជាង ១០លាន ៥សែននាក់ហើយ រីឯដូសទី២ មានចំនួនជាង ៨លាន ៣សែននាក់ ដោយឡែកអ្នកចាក់ដូសទី៣ មានចំនួនជាង ៥សែន ៩ម៉ឺននាក់ ខណៈការចាក់វ៉ាក់សាំងដល់កុមារបានចំនួន ៧៤,៧៨% ផងដែរ។
ជុំវិញការទប់ស្កាត់ការឆ្លងវីរុស Covid-19 នេះ ក្រសួងសុខាភិបាល ក៏បានបង្ហាញរបាយការណ៍អំពីអ្នកឆ្លងវីរុស Covid-19 នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ដែរថា ក្រសួងបានរកឃើញអ្នកឆ្លងវីរុស Covid-19 ថ្មីចំនួន ៤០៨នាក់ និងអ្នកជាសះស្បើយថ្មីចំនួន ៣២៤នាក់ ខណៈអ្នកស្លាប់ថ្មីមានចំនួន ១១នាក់។
ក្រសួងបញ្ជាក់ថា មកទល់នឹងពេលនេះ អ្នកឆ្លងវីរុស Covid-19 សរុបបានកើនឡើងដល់ជាង ៩ម៉ឺន ២ពាន់នាក់ហើយ និងអ្នកដែលជាសះស្បើយសរុបមានចំនួនជាង ៨ម៉ឺន ៨ពាន់នាក់ ដោយឡែកអ្នកស្លាប់សរុបបានកើនឡើងជាង ១៨៩២នាក់ហើយ៕