លោក ហ៊ុន សែន ធ្លាប់បានសន្យាចំពោះប្រជាពលរដ្ឋខ្មែរថា លោកទទួលយកវ៉ាក់សាំងការពារកូវីដ-១៩ តែពីប្រទេសណាដែលមានការសម្រេចដោយអង្គការសុខភាពពិភពលោក ប៉ុន្តែនៅពេលដែលវ៉ាក់សាំងនៃប្រទេសចិន កំពុងស្ថិតក្នុងដំណាក់កាលពិសោធន៍ និងមិនទាន់មានការសម្រេចពីអង្គការសុខភាពពិភពលោកនៅឡើយ លោក ហ៊ុន សែន បានស្ម័គ្រចិត្តទទួលយកជំនួយវ៉ាក់សាំងពីប្រទេសចិន មកចាក់ឱ្យប្រជាពលរដ្ឋខ្មែរ។
បន្ទាប់ពីនោះមក លោក ហ៊ុន សែន បញ្ជាទិញតែវ៉ាក់សាំងចិនតែប៉ុណ្ណោះ។ រីឯវ៉ាក់សាំងនៃប្រទេសលោកសេរី លោក ហ៊ុន សែន ទទួលនៅពេលណាដែលប្រទេសទាំងនោះផ្តល់ជាអំណោយ តែគាត់មិនទាន់បានបញ្ជាទិញវ៉ាក់សាំងទាំងនោះនៅឡើយ។ ដូច្នេះ តើគេអាចទុកចិត្តនូវអ្វីដែលលោក ហ៊ុន សែន និយាយឬសន្យានោះដែរឬទេ?

នៅពេលមិនទាន់មានការផ្ទុះឡើងនៃការឆ្លងមេរោគកូវីដ-១៩ លោក ហ៊ុន សែន បានអួតអាងថា កម្ពុជាគ្មានអ្នកឆ្លងមេរោគនេះទេ។ ដល់ពេលមានចំនួនអ្នកឆ្លងបន្តិចបន្តួច លោក ហ៊ុន សែន ប្រកាសថាកម្ពុជានឹងគ្មានអ្នកស្លាប់ដោយការឆ្លងមេរោគនេះដែរ។ ការអួតអាងម្តងហើយម្តងទៀតរបស់លោក ហ៊ុន សែន គឺសុទ្ធតែផ្ទុយពីអ្វីដែលបានកើតឡើងក្នុងពេលបច្ចុប្បន្ននេះ។
មជ្ឈដ្ឋានជាច្រើនអះអាងថា លោក ហ៊ុន សែន ជាមនុស្សដែលពូកែខាងអួតអាង គ្មានសមត្ថភាព ឬឆន្ទៈពិតក្នុងការជួយពលរដ្ឋដោយចិត្តស្មោះនោះទេ ប៉ុន្តែបានត្រឹមយកមុខប៉ុណ្ណោះ។ ជាក់ស្តែងលោកធ្លាប់អះអាងថា ពលរដ្ឋខ្មែរ និងប្រទេសកម្ពុជាមានការរីកចម្រើនគ្រប់វិស័យនៅក្រោមការដឹកនាំរបស់លោក។ តែលទ្ធផលជាក់ស្តែង ពលរដ្ឋខ្មែររាប់លាននាក់រស់ក្នុងភាពក្រីក្រ ជំពាក់បំណុលគេវ័ណ្ឌក ព្រាត់ប្រាសគ្រួសារទៅធ្វើការជាពលករចំណាកស្រុកនៅក្រៅប្រទេស។
នាយកមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោកប៉ា ងួនទៀង ធ្លាប់បានថ្លែងនៅក្នុងកម្មវិធី Idea Talk របស់ The Cambodia Daily ថា “ដើម្បីបញ្ជាក់ថាអ្វីដែលលោក ហ៊ុន សែន និយាយនោះពិតឬអត់ គេត្រូវធ្វើវិធីផ្ទុយ។ ឧបមាថា លោក ហ៊ុន សែន អះអាងថាលោកនឹងមិនអនុញ្ញាតឱ្យមានការកាប់បំផ្លាញព្រៃឈើ ដូច្នេះមានន័យថា លោកអនុញ្ញាតឲ្យគេកាប់បំផ្លាញព្រៃឈើ”។
លោក ប៉ា ងួនទៀង អះអាងថា លោកតែងឃើញមន្ត្រីរបស់លោក ហ៊ុន សែន រៀបចំបដា ឬសារ “អរគុណសន្តិភាព ឬអរគុណសម្តេចតេជោ” នៅពេលដែលពួកគេបានទទួលអំណោយ ឬវ៉ាក់សាំងពីប្រទេសលោកសេរី។

អ្នកណាក៏ដឹងដែរថា វ៉ាក់សាំងការពារកូវីដ-១៩ ពីប្រទេសលោកសេរីភាគច្រើនគឺសុទ្ធសឹងតែជាអំណោយសប្បុរសធម៌របស់ប្រទេសទាំងនោះ លើកលែងតែវ៉ាក់សាំងចិនខ្លះដែលលោក ហ៊ុន សែន បានចំណាយលុយជាតិ ឬលុយសប្បុរសជនទិញប៉ុណ្ណោះ។
ប៉ុន្តែ តើលោក ហ៊ុន សែន ពិតជាមានសមត្ថភាព ឬឆន្ទៈពិតប្រាកដក្នុងការជួយប្រជាពលរដ្ឋខ្មែរដែរឬទេ?
មុននឹងវិភាគអំពីការជួយពលរដ្ឋខ្មែរក្នុងរឿងកូវីដ-១៩ នេះ គេអាចលើកឧទាហរណ៍អំពីចេតនារបស់បុរសខ្លាំងរូបនេះក្នុងការជួយកសិករ ដោយការទិញផ្លែតាង៉ែន និងផ្លែមៀនរបស់កសិករនៅប៉ៃលិន។
ការប្រកាសរបស់លោកក្នុងការជួយទិញភោគផលទាំងនេះ គឺជារឿងល្អ ព្រោះកសិករទាល់ច្រកដោយមិនអាចបញ្ជូនទៅលក់នៅប្រទេសថៃ បានក្នុងពេលនេះ។ ប៉ុន្តែសំណួរសួរថា តើលោក ហ៊ុន សែន ជួយទិញផ្លែមៀននៅពេលនេះ គឺជាចេតនាពិតប្រាកដក្នុងការជួយដោះស្រាយបញ្ហាកសិករដ៏មានប្រសិទ្ធភាពដែរឬយ៉ាងណា?
ចុះចំណែកបញ្ហាផលិតផលកសិកម្មខ្មែរដទៃទៀតដែលគ្មានទីផ្សារដែរនោះ?
បើគេពិនិត្យមើលចំណុចនេះ គេអាចគិតថា អ្វីដែលលោក ហ៊ុន សែន ប្រកាសជួយទិញផ្លែឈើរបស់ប្រជាកសិករខ្មែរនៅពេលនេះ គឺគ្រាន់តែជាការបង្ហាញអំនួតដោយអារម្មណ៍មួយគ្រាៗរបស់លោក ដែលលោកប្រាប់ពិភពលោកថា លោកជាមេដឹកនាំដែលតែងតែគិតគូរ និងជួយពលរដ្ឋ។
ស្រដៀងគ្នាទៅនឹងបញ្ហាកសិកម្មនេះដែរ លោក ហ៊ុន សែន តែងតែឆ្លៀតកេងចំណេញយកមុខមាត់លើទុក្ខវេទនារបស់ពលរដ្ឋ ដូចជារឿងកូវីដនេះជាដើម។ ពេលមានការឆ្លងកូវីដ-១៩ ចាប់ផ្តើមដំបូងៗ លោក ហ៊ុន សែន បានសម្ញែងសាច់ដុំប្រើអំណាចកណ្ដាប់ដៃដែករបស់លោក ក្នុងការបិទតំបន់នេះ ឬតំបន់នោះស្រេចតែនឹងចិត្ត ដោយគ្មានខ្វល់អំពីផលប៉ះពាល់អ្វីលើពលរដ្ឋនោះឡើយ។
លោកសម្ដែងបែបនេះ គឺចង់ឱ្យមហាជនមើលឃើញថា លោកជាមនុស្សគិតគូរ និងប្រឹងប្រែងសម្បើមណាស់ដើម្បីប្រជាពលរដ្ឋ។ ដល់ពេលការបិទនោះប៉ះពាល់ពលរដ្ឋខ្លាំង លោក ហ៊ុន សែន ចាប់ផ្តើមជួយពលរដ្ឋដោយផ្តល់ជំនួយបន្តិចបន្តួចដែលជាការបង្ហាញសមានចិត្តថាមានតែលោកទេដែលមានចិត្តអាណិតអាសូរដល់រាស្រ្ត។
ប៉ុន្តែនៅពេលដែលមានការចោទជាសំណួរអំពីចេតនាពិតប្រាកដរបស់លោក ហ៊ុន សែន ក្នុងការការពារពលរដ្ឋពីបញ្ហាកូវីដ-១៩ គេនៅតែមានបញ្ហាមន្ទិលសង្ស័យនៅឡើយពាក់ព័ន្ធនឹងចេតនារបស់លោក ហ៊ុន សែន អំពីការប្រើប្រាស់វ៉ាក់សាំងចាក់ការពារពលរដ្ឋខ្មែរ។
កម្ពុជាបានទទួលជំនួយជាវ៉ាក់សាំងការពារមេរោគកូវីដ-១៩ ពីចិនកុម្មុយនីស្តផង និងពីបណ្តាប្រទេសលោកសេរីផង។ ប៉ុន្តែនៅពេលមានលុយ លោក ហ៊ុន សែន បញ្ជាទិញតែវ៉ាក់សាំងចិនប៉ុណ្ណោះ។
តើអ្វីដែលលោក ហ៊ុន សែន ធ្វើនេះដោយសារលោកមិនដឹងអំពីភាពខុសគ្នានៃប្រសិទ្ធភាពរវាងវ៉ាក់សាំងចិន និងវ៉ាក់សាំងពីប្រទេសលោកសេរី ឬយ៉ាងណា?
ជាការពិតជាក់ស្តែង លោក ហ៊ុន សែន ប្រាកដជាដឹងស៊ីជម្រៅអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ចិន។
គេអាចធ្វើការសន្និដ្ឋានបែបនេះដោយផ្អែកលើហេតុផលធំៗពីរយ៉ាង៖
- ហេតុផលទីមួយ គឺលោក ហ៊ុន សែន រកលេសសម្រាប់ខ្លួនលោក និងភរិយារបស់លោកមិនចាក់វ៉ាក់សាំងចិន ដោយយកលេសអំពីបញ្ហាអាយុ។ ប៉ុន្តែពលរដ្ឋខ្មែររាប់លាននាក់ដែលមានអាយុប្រហែល ឬច្រើនជាងលោក បែរត្រូវបានលើកទឹកចិត្ត និងជំរុញឲ្យចាក់វ៉ាក់សាំងចិនទៅវិញ។
- ហេតុផលទី២ គឺលោក ហ៊ុន សែន ប្រើប្រាស់វ៉ាក់សាំង AstraZeneca ជាដូសទី៣ ក្នុងការចាក់ជំរុញប្រសិទ្ធភាពវ៉ាក់សាំងចិន លើអ្នកណាដែលបានចាក់វ៉ាក់សាំងចិន ពីរដូសរួចមកហើយ។
ជាងនេះទៀត លោក ហ៊ុន សែន ក៏បានឃើញច្បាស់អំពីតួលេខនៃចំនួនអ្នកឆ្លង និងអ្នកស្លាប់ដោយមេរោគកូវីដកាន់តែកើនឡើង ស្របពេលដែលចំនួនអ្នកដែលបានចាក់វ៉ាក់សាំងចិនមានកំណើនខ្ពស់។

ទស្សនាវដី្តហិរញ្ញវត្ថុដ៏ល្បីល្បាញមួយរបស់ប្រទេសចិន បានផ្សាយកាលពីខែកក្កដា កន្លងទៅថា អាជ្ញាធរចិនកំពុងពិចារណាប្រើប្រាស់វ៉ាក់សាំងបរទេសជាដូសទី៣ ក្នុងការចាក់ជូនពលរដ្ឋចិនដែលបានចាក់វ៉ាក់សាំងចិនពីរដូសរួចមកហើយ។ វិធានការនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពការពារការឆ្លងមេរោគកូវីដ-១៩ ជូនពលរដ្ឋចិន។
ចំណែកវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) កាលពីចុងខែកក្កដា កន្លងទៅនេះ ក៏បានចុះផ្សាយដែរថា អាជ្ញាធរចិនបានពិចារណាបែបនេះ គឺចំពេលដែលឥណ្ឌូនេស៊ី និងថៃ ប្រកាសអំពីការពិចារណានូវលទ្ធភាពដែលអាចផ្លាស់ប្ដូរពីការប្រើវ៉ាក់សាំងចិន ទៅប្រើវ៉ាក់សាំងរបស់ប្រទេសលោកខាងលិចវិញម្តង។
បើយោងតាមការវិភាគដូចខាងលើ លោក ហ៊ុន សែន ប្រាកដជាដឹងថា វ៉ាក់សាំងចិនមានប្រសិទ្ធភាពទាប ហើយខ្លួនលោកផ្ទាល់ក៏មិនទុកចិត្តវ៉ាក់សាំងចិនដែរ។
ប៉ុន្តែបើដូច្នេះមែន តើហេតុអ្វីបានជាលោក ហ៊ុន សែន នៅតែជំរុញឱ្យកុមារខ្មែរទទួលយកការចាក់វ៉ាក់សាំងចិន ដើម្បីការពារមេរោគកូវីដនេះទៀត?
គេហទំព័រ MedicalXpress ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស បានផ្សាយថា រហូតមកដល់ពេលនេះ អង្គការសុខភាពពិភពលោក ពុំទាន់អនុម័តឱ្យប្រើប្រភេទវ៉ាក់សាំងណាមួយសម្រាប់ចាក់លើកុមារនៅឡើយទេ។ ប៉ុន្តែសហរដ្ឋអាមេរិក អង់គ្លេស សិង្ហបុរី និងបណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុប បានសម្រេចប្រើវ៉ាក់សាំង Pfizer សម្រាប់ចាក់លើកុមារក្នុងប្រទេសរបស់ពួកគេចាប់ពីអាយុ ១២ឆ្នាំឡើងទៅ។
ផ្ទុយទៅវិញ សារព័ត៌មាន ABC បានផ្សាយកាលពីពាក់កណ្តាលខែកក្កដា កន្លងទៅនេះថា អាជ្ញាធរនៃខេត្តជាច្រើនរបស់ប្រទេសចិន បានដាក់កំហិតឲ្យមាតាបិតាសិស្សនាំកូនទៅចាក់វ៉ាក់សាំងចិន ដើម្បីការពារការឆ្លងមេរោគកូវីដ-១៩។
បទបញ្ជានេះ បានកំហិតថា បើនរណាមិនបានចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ទេ នឹងមិនត្រូវអនុញ្ញាតឲ្យចូលសាលារៀនដែលនឹងត្រូវចាប់ផ្តើមក្នុងខែកញ្ញា ខាងមុខនេះឡើយ។ ចំណុចនេះអាចបញ្ជាក់ថា សូម្បីតែប្រជាជនចិនខ្លួនឯង ក៏មិនទុកចិត្តវ៉ាក់សាំងចិនដែរ ទើបនាំឲ្យអាជ្ញាធរចិនដាក់កំហិតចាប់បង្ខំបែបនេះ។
អាជ្ញាធរកម្ពុជាបានចេញសេចក្តីប្រកាសយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ លើកុមារចាប់ពីថ្ងៃទី១ ខែសីហា នេះតទៅ។ បើគេពិនិត្យមើលសេចក្តីប្រកាសនោះ អាជ្ញាធរបានផ្តល់ហេតុផលអំពីគម្រោងបើកសាលារៀនឡើងវិញក្នុងខែតុលា ឬវិច្ឆិកា ខាងមុខនេះ។

ប៉ុន្តែទោះបីជាមានការផ្តល់ហេតុផលបែបនេះក្តី ក៏គេនៅតែចោទជាសំណួរថា ដើម្បីសុវត្ថិភាពកុមារកម្ពុជា និងប្រសិទ្ធភាពនៃការទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ហេតុអ្វីរដ្ឋាភិបាលលោក ហ៊ុន សែន មិនបញ្ជាទិញវ៉ាក់សាំងពីប្រទេសលោកសេរីដែលមានទំនុកចិត្តជាងវ៉ាក់សាំងចិន សម្រាប់ចាក់លើកុមារកម្ពុជា?
ដូច្នេះគេអាចធ្វើការសន្និដ្ឋានលើហេតុផលមួយចំនួនដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន សម្រេចប្រើវ៉ាក់សាំងចិន ចាក់លើកុមារខ្មែរ៖
- ទី១៖ វាអាចដូចអ្វីដែលរដ្ឋាភិបាលនេះបានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានខាងលើនោះ គឺដើម្បីបើកសាលារៀនឡើងវិញ។
- ទី២៖ វាអាចជាការយកចិត្តចិន និងខំធ្វើឱ្យស្របតាមចិន ដើម្បីទទួលបានការទុកចិត្ត និងការគាំពារពីប្រទេសចិនកាន់តែខ្លាំង។
- ទី៣៖ វាអាចជាការចូលរួមពិសោធន៍ជាមួយប្រទេសចិន ដើម្បីពិនិត្យមើលចំណុចដែលត្រូវកែលំអវ៉ាក់សាំងចិនក្នុងពេលអនាគត៕
