អ្នកការពាររដ្ឋធម្មនុញ្ញខ្មែរ ព្រមានថា ការបន្តនីតិវិធីឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដោយមិនកំណត់ថ្ងៃបើកសវនាការដូចបច្ចុប្បន្ននេះ គឺបង្ហាញឱ្យឃើញកាន់តែច្បាស់នូវភាពអយុត្តិធម៌ក្នុងប្រព័ន្ធតុលាការនៅកម្ពុជាយ៉ាងធ្ងន់ធ្ងរ។
អ្នកវិភាគនយោបាយឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ បានចោទជាសំណួរនៅលើគណនី Facebook របស់លោក នៅថ្ងៃទី៣ ខែកញ្ញា ថា ហេតុអ្វីមេដឹកនាំនយោបាយធំៗរបស់ខ្មែរប្រព្រឹត្តទង្វើអសីលធម៌រហូតដល់ថ្នាក់យកសេរីភាព និងអាយុជីវិតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ធ្វើជាល្បែងភ្នាល់ចាញ់ឈ្នះសម្រាប់ផលប្រយោជន៍របស់ខ្លួនបែបនេះ។
លោកលើកឡើងថា ប្រសិនបើសំណុំរឿងលោក កឹម សុខា ជាសំណុំរឿងស្ថិតក្នុងការចាត់ចែងរបស់តុលាការ នោះករណីនេះនឹងត្រូវបានជំនុំជម្រះកាត់សេចក្តីរួចស្រេចទៅហើយ ពីព្រោះតុលាការអាចឃុំខ្លួនជនសង្ស័យយ៉ាងយូរបានតែ ១៨ខែប៉ុណ្ណោះ។ ប៉ុន្តែករណីរបស់លោក កឹម សុខា បានអូសបន្លាយពេលជំនុំជម្រះក្តីជាបន្តបន្ទាប់ នៅតែមិនទាន់បើកសវនាការបាននៅឡើយ ដូច្នេះសំណុំរឿងនេះត្រូវគេមើលឃើញថាជារឿងនយោបាយសុទ្ធសាធ។
បណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គឺជាកម្លាំងនយោបាយធំមួយតំណាងឱ្យលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែកម្លាំងមេដឹកនាំប្រឆាំងរូបនេះ គឺជាសត្រូវធំណាស់របស់លទ្ធិកុម្មុយនីស្ដផ្ដាច់ការ ហើយភស្តុតាងដែលបញ្ជាក់យ៉ាងច្បាស់នៅពេលនេះ គឺការប្រើល្បិចឃុំខ្លួនលោកដោយរំលោភនីតិវិធីច្បាប់។
ការលើកឡើងរបស់បណ្ឌិត ឡៅ ម៉ុងហៃ ចំថ្ងៃគម្រប់ខួប ៤ឆ្នាំរបស់មេដឹកនាំបក្សប្រឆាំងដែលត្រូវអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនដាក់ពន្ធនាគារទាំងអយុត្តិធម៌តាំងពីឆ្នាំ២០១៧ មក។
មន្ត្រីបក្សប្រឆាំងដែលជិតស្និទ្ធនឹងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសរសេរលើគណនី Facebook របស់លោកកាលពីម្សិលមិញថា នៅយប់ថ្ងៃទី២ ខែកញ្ញា កាលពី ៤ឆ្នាំមុនជាយប់ដែលសមាជិក និងមន្ត្រីគណបក្សសង្គ្រោះជាតិមានក្ដីរន្ធត់យ៉ាងខ្លាំង ក្រោយទទួលដំណឹងថា កម្លាំងរបស់លោក ហ៊ុន សែន បានចាប់លោក កឹម សុខា ទាំងយប់កណ្តាលអាធ្រាត្រ ដោយបំពានលើអភ័យឯកសិទ្ធិជាអ្នកតំណាងរាស្ត្រ និងបំពានច្បាប់ទាំងស្រុង។
ចំណែកតំណាងរាស្ត្របក្សប្រឆាំង លោក សួន រីដា រិះគន់ថា អ្នកប្រឌិតបទចោទពីបទក្បត់ជាតិលើប្រធានគណបក្សសង្គ្រោះជាតិ គឺជាមនុស្សអគុណធម៌បំផុត ព្រោះថាលោក កឹម សុខា មិនដែលចុះហត្ថលេខាកាត់ទឹកដីឱ្យបរទេស មិនធ្លាប់មានប្រវត្តិបាតដៃប្រឡាក់ឈាម ហើយក៏មិនបានបំផ្លាញទ្រព្យសម្បត្តិជាតិដោយការលក់ធនធានធម្មជាតិដូចពួកអ្នកមានអំណាចដែលគេធ្លាប់បានធ្វើនោះដែរ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនកាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ពីបទឃុបឃិតជាមួយរដ្ឋបរទេស។ ក្រោយការចាប់ខ្លួន លោកត្រូវបាននាំខ្លួនទៅឃុំឃាំងនៅគុកត្រពាំងផ្លុង អស់រយៈពេល ១ឆ្នាំ។ នៅដើមខែកញ្ញា ឆ្នាំ២០១៨ លោកត្រូវបានអាជ្ញាធរដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ប៉ុន្តែមិនត្រូវបានអនុញ្ញាតឲ្យជួបអ្នកដទៃ ឬចាកចេញពីគេហដ្ឋានរបស់ខ្លួនឡើយ។

រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ទើបលោក កឹម សុខា ត្រូវបានផ្តល់សិទ្ធិសេរីភាពមួយកម្រិតទៀត គឺអាចធ្វើដំណើរក្នុងប្រទេស ប៉ុន្តែត្រូវហាមប្រាមការនិយាយពាក់ព័ន្ធនឹងរឿងនយោបាយ និងចេញក្រៅប្រទេសជាដាច់ខាត។
ទោះជាយ៉ាងណាក៏ដោយ រហូតមកទល់នឹងពេលនេះ លោកនៅតែមានភាពស្អាតស្អំ ព្រោះថាលោក កឹម សុខា មិនទាន់ត្រូវបានតុលាការកាត់ទោសពីបទល្មើសណាមួយនៅឡើយទេ ខណៈតុលាការកម្ពុជាប្រកាសផ្អាកសវនាការរបស់លោកជាបន្តបន្ទាប់ ចាប់តាំងពីខែមីនា ឆ្នាំ២០២០ មកម្ល៉េះ ក្រោមលេសទប់ស្កាត់ការឆ្លងវីរុស Covid-19។
ជុំវិញបញ្ហានេះ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព លោក ហ៊ុន សែន បានអះអាងថា ករណីលោក កឹម សុខា អាចនឹងត្រូវពន្យារពេល ៤ឆ្នាំទៀត គឺត្រូវពន្យាររហូតដល់ក្រោយការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងក្រោយការបោះឆ្នោតជាតិក្នុងឆ្នាំ២០២៣ ឯណោះ។
របាយការណ៍មួយរបស់គម្រោងយុត្តិធម៌ពិភពលោក (World Justice Project) ស្ដីពីនីតិរដ្ឋនៅកម្ពុជា កាលពីអំឡុងឆ្នាំ២០២០ បានផ្តល់ពិន្ទុឲ្យកម្ពុជាជាប់លេខរៀងទី១២៧ ក្នុងចំណោមប្រទេសចំនួន ១២៨ នៅជុំវិញពិភពលោក ដោយបង្ហាញថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាអាក្រក់បំផុតនៅក្នុងលោក ប៉ុន្តែល្អជាងតែប្រទេសវេណេហ្ស៊ុយអេឡា តែមួយប៉ុណ្ណោះ៕