28 C
Phnom Penh

គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ថា​អាជ្ញាធរ​នៅ​តែ​ធ្វើ​ទុក្ខបុកម្នេញ​លើ​មន្ត្រី​និង​សកម្មជន​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​បាន​លើកឡើង​ថា អាជ្ញាធរ​មូលដ្ឋាន​របស់​រដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន ក្រោម​រូបភាព​ថ្មី​មួយ​ទៀត ក្នុង​ចេតនា​បំភិតបំភ័យ និង​គំរាមកំហែង​លើ​មន្ត្រី​គណបក្ស និង​សកម្មជន​នយោបាយ​របស់​ខ្លួន​ជា​បន្តបន្ទាប់។

អគ្គហេរញ្ញិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ថា សកម្មជន​ការពារ​បរិស្ថាន និង​ជា​មន្ត្រី​របស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក ជុំ ហួត ត្រូវ​បាន​អាជ្ញាធរ​គំរាមកំហែង​ដោយ​ការ​ដកហូត​ទូរស័ព្ទ​របស់​លោក ក្រោម​លេស​ថា ដោយសារតែ​លោក​បាន​ថត​សកម្មភាព​សមត្ថកិច្ច​ចុះ​បង្ក្រាប​បទល្មើស​ក្បែរ​ទីតាំង​ដែល​លោក​រស់នៅ​នោះ។

លោក​រិះគន់​ថា ការ​ដកហូត​ទូរស័ព្ទ​នេះ ដោយសារតែ​សមត្ថកិច្ច​អះអាង​ថា លោក ជុំ ហួត បាន​ថត​សកម្មភាព​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​របស់​ពួកគេ​ដោយ​គ្មាន​ការ​អនុញ្ញាត។ ប៉ុន្តែ​មន្ត្រី​គណបក្ស​រូប​នេះ​ប្រតិកម្ម​ថា ចុះ​ហេតុ​អ្វី​បាន​ជា​សមត្ថកិច្ច​ដក​តែ​ទូរស័ព្ទ​របស់​លោក ជុំ ហួត ចំណែក​អ្នក​ផ្សេង​ទៀត​ដែល​បាន​ថត​សកម្មភាព​នោះ​ដែរ ហេតុ​ដូចម្តេច​បាន​ជា​សមត្ថកិច្ច​មិន​ដកហូត​ទូរស័ព្ទ​របស់​ពួកគេ​ដូច​គ្នា?

លោក សៀវ វិសុទ្ធ បញ្ជាក់​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​មន្ត្រី និង​សកម្មជន​នយោបាយ​នេះ មិន​មែន​ទើប​តែ​លើក​ទី​មួយ​ទេ គឺ​តែង​កើតមាន​ជាហូរហែ​រហូត​មក ទាំង​ការ​រំខាន​ការ​លើក​ស្លាក​សញ្ញា​គណបក្ស ការ​ហៅ​សកម្មជន​នៅ​មូលដ្ឋាន​ទៅ​សាកសួរ ជាដើម ដែល​បង្ហាញ​ពី​ការ​បំភិតបំភ័យ​សកម្មជន​នៅ​មូលដ្ឋាន​យ៉ាង​ធ្ងន់ធ្ងរ។

មន្ត្រី​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​រូប​នេះ​អះអាង​ថា សកម្មភាព​អាជ្ញាធរ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​តែង​ប្រព្រឹត្ត​លើ​ក្រុម​របស់​លោក គឺ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​គាបសង្កត់​សិទ្ធិ​សេរីភាព​នយោបាយ និង​ការ​បំបិទ​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ ដែល​ផ្ទុយ​ទៅ​នឹង​ខ្លឹមសារ​របស់​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា​ទាំងស្រុង។

កាលពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២១ មន្ត្រី​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក ជុំ ហួត និង​លោក ជុំ ហួរ ដែល​ជា​បងប្អូន​ភ្លោះ ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​ប្រមាណ​ជា ១០​នាក់ ស្លៀកពាក់​ស៊ីវិល និង​ឯកសណ្ឋាន​ជា​សមត្ថកិច្ច ទៅ​គំរាមកំហែង​ចាប់​ខ្លួន​ដល់​បន្ទប់​ជួល​ក្នុង​ភូមិ​សន្សំកុសល សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ក្នុង​បំណង​បញ្ជូន​ទៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។

ក្នុង​ហេតុការណ៍​នោះ សមត្ថកិច្ច​បាន​សម្រុក​ចូល​ទៅ​ក្នុង​បន្ទប់​ជួល​ទាំង​អ្នក​ស្លៀកពាក់​ជា​ស៊ីវិល និង​ប៉ូលិស ក្នុង​បំណង​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ ក្នុង​នោះ​ពួកគេ​បាន​ឆក់​យក​ទូរស័ព្ទ និង​ឆែក​ទូរស័ព្ទ​នោះ​ដោយ​គំរាម​ថា​នឹង​ចាប់​ខ្លួន​ពួកគេ​យក​ទៅ​ស្នងការដ្ឋាន​នគរបាល​ជាតិ ខណៈ​មនុស្ស​មួយ​ក្រុម​ផ្សេង​ទៀត​បាន​ឈរ​ចាំ​នៅ​ផ្លូវ​ច្រក​ចូល​ផ្ទះ​ជួល​របស់​ពួកគាត់​ផង​ដែរ ប៉ុន្តែ​សកម្មភាព​នេះ​បាន​ផ្អាក​ទៅវិញ​ក្រោយ​ការ​តវ៉ា​គ្នា​អស់​មួយ​សន្ទុះ​ធំ។

ជុំវិញ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​មក​លើ​មន្ត្រី និង​សកម្មជន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​នេះ លោក ឆេង ឆែម ដែល​ជា​សកម្មជន​មូលដ្ឋាន​បក្ស​នេះ ត្រូវ​បាន​មេឃុំ​ស្អាងភ្នំ លោក ស វិចិត្រ ធ្វើ​លិខិត​អញ្ជើញ​ទៅ​សាកសួរ​នៅ​សាលាឃុំ​ស្អាងភ្នំ ស្ថិត​ក្នុង​ខេត្ត​កណ្តាល ផង​ដែរ ស្ដីពី​ការ​លើក​ស្លាក​សញ្ញា​គណបក្ស​របស់​ពួកគេ។

ការសាកសួរ​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ឆេង ឆែម បាន​លើក​ស្លាក​សញ្ញា​គណបក្ស​នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២១ បើ​ទោះបីជា​សកម្មជន​រូប​នេះ​បាន​ធ្វើ​លិខិត​ជូនដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​ស្ដីពី​ការ​លើក​ស្លាក​សញ្ញា​គណបក្ស​តាំងពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០២០ ទៅ​ហើយ​ក្តី។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ ប៉ុន្តែ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន ត្រូវ​គេ​មើលឃើញ​ថា​បាន​អនុវត្ត​ផ្ទុយពី​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ទាំងស្រុង ខណៈ​សកម្មជន​នយោបាយ​ត្រូវ​រង​ការ​ចាប់​ខ្លួន​ជាបន្តបន្ទាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស