33 C
Phnom Penh

លោក ហ៊ុន ម៉ាណែត យល់​ជំហរ​រឹងមាំ​របស់​អាមេរិក​ទើប​ផ្សាយ​ត្រឹម​ពាក្យ «ជួប​សម្ដែង​ការគួរសម» ក្រោយ​ជួប​ទូត​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគ​បញ្ហា​សង្គម បាន​លើកឡើង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ កញ្ញា ថា សារ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ដែល​រំលេច​ឡើង​ថា «សារសំខាន់​នៃ​អធិបតេយ្យភាព ឯករាជ្យ និង​លទ្ធិប្រជាធិបតេយ្យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា» គឺជា​សារ​រំឭក​ថា សហរដ្ឋ​អាមេរិក​នៅតែ​ឈរ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ប្រាថ្នា​របប​ប្រជាធិបតេយ្យ​សេរី។

សារ​របស់​ស្ថានទូត​អាមេរិក បាន​បង្ហោះ​សារ​នេះ​ឡើង​ក្រោយ​ជំនួប​មួយ​ជាមួយ​លោក ហ៊ុន ម៉ាណែត មេបញ្ជាការ​កងទ័ព​ជើងគោក​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២១ ដើម្បី​ណែនាំ​លោក​វរសេនីយ៍ឯក Jacky Ly អនុព័ន្ធ​យោធា​អាណត្តិ​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។

ទាំង​លោក ហ៊ុន ម៉ាណែត និង​ស្ថានទូត​អាមេរិក មិន​បាន​បង្ហោះ​ខ្លឹមសារ​នៃ​ជំនួប​នោះ​ទេ គឺ​គ្រាន់តែ​បង្ហោះ​សារ​មួយ​យ៉ាង​ខ្លី​ថា «ពួក​លោក​បាន​សម្ដែង​ការ​គួរសម​ពិភាក្សា​គ្នា​អំពី​ការ​ខិតខំ​រួមគ្នា ដើម្បី​ប្រឆាំង​នឹង​មេរោគ​រាតត្បាត និង​សារសំខាន់​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​មាន​អធិបតេយ្យភាព ឯករាជភាព និង​លទ្ធិប្រជាធិបតេយ្យ»

ប៉ុន្តែ​ខ្លឹមសារ​នេះ​ត្រូវ​អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ យល់ថា លោក​ឯកអគ្គរដ្ឋទូត Patrick Murphy ត្រូវ​ជួប​ជាមួយ​លោក ហ៊ុន ម៉ាណែត មេបញ្ជាការ​កងទ័ព​ជើងគោក​កម្ពុជា ណែនាំ​លោក​សេនានុព័ន្ធ​ក្រសួង​ការពារ​ជាតិ​អាមេរិក វរសេនីយ៍ឯក Jacky Ly ដែល​នេះ​ជា​ពិធីការ​ធម្មតា។ ជំនួប​នេះ​សម្រាប់​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជា​ឱកាស​នៃ​យុទ្ធនាការ​លើក​មុខ​កូនប្រុស​របស់​គាត់ ជាជាង​ការ​ស្វែងរក​អត្ថប្រយោជន៍​សម្រាប់​កម្ពុជា។

លោក គឹម សុខ បាន​រំឭក​ថា សម្រាប់​ឥរិយាបថ​របស់​សហរដ្ឋ​អាមេរិក​លើ​ករណី​កម្ពុជា​វិញ​នោះ គឺ​ដូច​ខ្លឹមសារ​ដែល​លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក បាន​បញ្ជាក់​នៅ​ពេល​មក​ប្រទេស​កម្ពុជា កាល​ខែ​មិថុនា កន្លងទៅ គឺ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បំភ្លឺ​អំពី​ការ​វាយកម្ទេច​អគារ​ចំនួន​ពីរ​ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​សហរដ្ឋ​អាមេរិក​នៅ​ឆ្នេរ​រាម និង​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ចំពោះ​មូលដ្ឋាន​យោធា​របស់​ចិន People’s Republic of China ឬ PRC military នៅ​កម្ពុជា​ផង។

លោក គឹម សុខ បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត មិនមែន​មិន​ដឹង​ពី​ជំហរ​ជាក់លាក់​របស់​អាមេរិក​នោះ​ទេ ទើប​មេទ័ព​ដែល​ឡើង​ដោយ​អំណាច​ឪពុក​រូប​នេះ​មិន​ហ៊ាន​និយាយ​អ្វី​ក្រៅតែ​ពី​ផ្សាយ​លើ​បណ្ដាញ​សង្គម Facebook របស់​ខ្លួន​ថា «ទទួល​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​ឯកឧត្តម W. Patrick Murphy អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា» នោះ។

ទោះ​យ៉ាងណា ទំនាក់ទំនង​ផ្នែក​យោធា​សហរដ្ឋ​អាមេរិក និង​កម្ពុជា ហាក់​រង្កៀស​ចិត្ត​នឹង​គ្នា​ខ្លះ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​វាយកម្ទេច​ចោល​អគារ​ចំនួន​ពីរ​ដែល​សហរដ្ឋ​អាមេរិក​សាងសង់​ឲ្យ​កងទ័ព​កម្ពុជា នៅ​មូលដ្ឋាន​ទ័ព​សមុទ្រ​រាម ក្នុង​ហេតុផល​ដើម្បី​យក​ទីតាំង​អភិវឌ្ឍ។

ប្រមុខ​ការទូត​សហរដ្ឋ​អាមេរិក អ្នកស្រី Wendy Sherman ធ្លាប់​បាន​លើកឡើង​ថា បើ​រដ្ឋាភិបាល​កម្ពុជា​មិន​បកស្រាយ​ពី​ការ​វាយកម្ទេច​អគារ​ចំនួន​ពីរ​ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​សហរដ្ឋ​អាមេរិក​នៅ​រាម និង​មូលដ្ឋាន​យោធា​របស់​ចិន​នៅ​កម្ពុជា​ឱ្យ​បាន​ច្បាស់លាស់​ទេ​នោះ គឺ​មានន័យ​ថា កម្ពុជា​កំពុង​មើលស្រាល​អធិបតេយ្យភាព​ខ្លួនឯង ហើយ​ក៏​ជា​ការ​បង្ក​ឱ្យ​មាន​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ក្នុង​តំបន់ និង​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ទំនាក់ទំនង​កម្ពុជា-អាមេរិក​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស