38 C
Phnom Penh

ក្រុម​អាជ្ញាធរ​សន្តិសុខ​ខណ្ឌ​ដូនពេញ​រារាំង​ក្រុម «ស្ត្រី​ថ្ងៃ​សុក្រ» តវ៉ា​នៅ​មុខ​ស្ថានទូត​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អាជ្ញាធរ​សន្តិសុខ​របស់​ខណ្ឌ​ដូនពេញ បាន​រារាំង​ក្រុម «ស្ត្រី​ថ្ងៃ​សុក្រ» តវ៉ា​នៅ​មុខ​ស្ថានទូត​អាមេរិក នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​លើក​ហេតុផល​ថា សម័យ Covid-19 អាជ្ញាធរ​ហាម​ការ​ជួបជុំ​គ្នា។

ក្រុម «ស្ត្រី​ថ្ងៃ​សុក្រ» ជា​ក្រុម​ដែល​ភាគច្រើន​ជា​ភរិយា និង​កូន​របស់​អតីត​មន្ត្រី និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន និង​កំពុង​ជាប់​ពន្ធនាគារ។

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ទាំងនោះ​មាន​គ្នា​ប្រមាណ ១០​នាក់ បាន​ស្រែក​ទាមទារ​ឲ្យ​រដ្ឋាភិបាល «ដោះលែង» សមាជិក​គ្រួសារ​របស់​គាត់ និង​ស្នើសុំ​រក​អន្តរាគមន៍​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ក្នុង​ករណី​នេះ។ ស្រប​ពេល​ដែល​ក្រុម​ស្ត្រី​ទាំងនោះ​កំពុង​ស្រែក​ទាមទារ កង​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ បាន​ព្យាយាម​រារាំង និង​កញ្ឆក់​យក​បដា និង​រូបភាព​ដែល​ស្ត្រី​ទាំងនោះ​បាន​កាន់។

កាលពី​អំឡុង​ឆ្នាំ​២០២០ អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ក្រោម​បទ​ចោទ «ញុះញង់ និង​រួម​គំនិត​ក្បត់» ព្រមទាំង​ចោទ​ប្រកាន់​ពី​បទ «ញុះញង់​បង្ក​ចលាចល​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ក្រោម​ផែនការ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី» កាលពី​ឆ្នាំ​២០១៩ កន្លងទៅ​នោះ។

ទិន្នន័យ​សង្គម​ស៊ីវិល​កាលពី​ចុង​ឆ្នាំ​២០២០ បាន​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើ​យុទ្ធសាស្ត្រ​បណ្តឹង​ផ្លូវច្បាប់​ដើម្បី​រាំង​ខ្ទប់ និង​បំបាក់​ស្មារតី​សំឡេង​ប្រឆាំង និង​បំបាក់​ស្មារតី​ក្រុម​អ្នក​តស៊ូ​មតិ​ប្រមាណ​ជាង ១០០​ករណី។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​សកម្មជន​នយោបាយ សកម្មជន​ដីធ្លី សកម្មជន​បរិស្ថាន និង​សកម្មជន​សិទ្ធិមនុស្ស​ជាច្រើន​នាក់​រង​ការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជាបន្តបន្ទាប់។

លោក ហ៊ុន សែន ធ្លាប់​បាន​គំរាម​កាលពី​ខែ​សីហា ឆ្នាំ​២០២០ ថា លោក​នឹង​មិន​លើកលែង​ឲ្យ​អ្នក​រិះគន់​រដ្ឋាភិបាល​របស់​លោក​ជាដាច់ខាត ព្រោះ​លោក​មាន​តួនាទី​ការពារ​សន្តិភាព​ឲ្យ​បាន ទោះ​ត្រូវ​លះបង់​ក្នុង​តម្លៃ​ណា​ក៏ដោយ។

អាជ្ញាធរ​តែងតែ​តាម​ធ្វើ​ទុក្ខបុកម្នេញ​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​នេះ និង​ហាមឃាត់​រាល់​ការ​ជួបជុំ ឬ​ការ​តវ៉ា​តាម​ទី​សាធារណៈ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស ធ្លាប់​លើកឡើង​ថា មាន​តែ​ការ​ចរចា​ផ្នែក​នយោបាយ​ប៉ុណ្ណោះ ទើប​ស្ថានភាព​របស់​ពួកគាត់​បាន​ប្រសើរ​ឡើង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស