32.9 C
Phnom Penh

ពលរដ្ឋ​ក្រុង​ព្រះសីហនុ​ថា​ជំនន់​ទឹកភ្លៀង​ដោយសារ​ក្រុមហ៊ុន​អានកូ​បិទ​ទំនប់​ទឹក ហើយ​អភិបាល​ក្រុង-ខេត្ត​មិន​យកចិត្ត​ទុកដាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន​ត្រូវ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង បាន​អះអាង​ថា ជំនន់​ទឹកភ្លៀង​ជន់​លិច​ផ្ទះ​ពួកគាត់​ជាប់ៗ​គ្នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ជាបន្តបន្ទាប់​មក​នេះ គឺ​បណ្តាល​មកពី​ក្រុមហ៊ុន​អានកូ ដែល​ទទួល​សិទ្ធិ​វិនិយោគ​ពី​រាជរដ្ឋាភិបាល​ផលិត​ទឹកស្អាត​នៅ​ខេត្ត​ព្រះសីហនុ បាន​បិទ​ទំនប់​ទឹក​មិន​ឲ្យ​ទឹក​ហូរ​ចេញពី​មូលដ្ឋាន​ពួកគាត់​រស់នៅ។

ពលរដ្ឋ​បាន​បន្ថែម​ថា បញ្ហា​នេះ​ក៏​គួបផ្សំ​នឹង​ការ​ព្រងើយ​កន្តើយ​របស់​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ហាក់​មិន​សូវ​រវល់​អើពើ​លើ​ពី​កង្វល់​របស់​ប្រជាពលរដ្ឋ​ផង។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​១ បាន​អះអាង​ថា ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​ទាក់ទង​នឹង​បញ្ហា​ជំនន់​ទឹកភ្លៀង​ជន់​លិច​ផ្ទះ​នៅ​រដូវវស្សា​នេះ គឺ​ពួកគាត់​ធ្លាប់​ដាក់​ពាក្យ​បណ្តឹង​ស្នើសុំ​កិច្ច​អន្តរាគមន៍​ទៅកាន់​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ជួយ​ដោះស្រាយ​តាំងពី​ឆ្នាំ​២០២០ មក​ម្ល៉េះ ប៉ុន្តែ​អភិបាល​ខេត្ត​រូប​នេះ​មិន​បាន​ជួយ​ដោះស្រាយ​ជូន​ពួកគាត់​ទេ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម បាន​ឲ្យ​ដឹង​ដែរ​ថា ជំនន់​ទឹកភ្លៀង​ពិតជា​បាន​ជន់​លិច​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​១ សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ ធ្ងន់ធ្ងរ​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ការ​លិចលង់​នេះ​បណ្តាល​មកពី​ក្រុមហ៊ុន​ផលិត​ទឹក​ស្អាត​អានកូ បិទ​ទំនប់​ទឹក​មិន​ឲ្យ​ទឹកភ្លៀង​ហូរ​ចេញ​ពី​មូលដ្ឋាន​ភូមិ​១ ផង និង​គួបផ្សំ​ថ្នាក់​ដឹកនាំ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ថ្នាក់​ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ ហាក់​មិន​ខ្វល់​នឹង​កង្វល់​ពលរដ្ឋ​ផង ទើប​ក្រុមហ៊ុន​អានកូ ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​តាម​តែ​អំពើ​ចិត្ត។

យ៉ាងណាក៏ដោយ​ចុះ តាម​ការ​សង្កេត​ឃើញ​ថា កន្លងមក​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​អភិវឌ្ឍ​ស្ដារ​អូរ ប្រឡាយ និង​លូ​សម្រាប់​បង្ហូរ ឬ​រំដោះ​ទឹក​ចេញពី​ក្រុង​បាន​ជាច្រើន​ខ្សែ ប៉ុន្តែ​នៅ​ពេល​រដូវវស្សា​ចូល​មកដល់ បែរជា​មូលដ្ឋាន​សង្កាត់​មួយ​ចំនួន​នៅតែ​មាន​ជំនន់​ទឹកភ្លៀង​ជន់​លិច​ផ្នែក​ខ្លះ​ទៅវិញ។

សារព័ត៌មាន The Cambodia Daily មិនទាន់​អាច​ទាក់ទង​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ដើម្បី​បំភ្លឺ​លើ​ករណី​ក្រុមហ៊ុន​អានកូ របស់​អ្នក​ឧកញ៉ា កុក អាន ដែល​បាន​បិទ​ទំនប់​ទឹក​នាំ​ឲ្យ​ជំនន់​ទឹកភ្លៀង​ជន់​លិច​ផ្ទះសម្បែង​របស់​ពលរដ្ឋ​រស់នៅ​ក្រុម​ទី​១០-១១ ស្ថិត​ភូមិ​១ សង្កាត់​លេខ១ នៅឡើយ​ទេ។ ចំណែក​ឯ​តំណាង​ក្រុមហ៊ុន​អានកូ ក៏​មិនទាន់​អាច​ទាក់ទង​ដើម្បី​បំភ្លឺ​បាន​នៅឡើយ​ដែរ​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១។

ទាក់ទិន​បញ្ហា​នេះ យោង​តាម​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម Facebook ផ្ទាល់ខ្លួន​របស់​លោក អ៊ី សុខឡេង អភិបាល​ក្រុង​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​០៩ ខែ​កញ្ញា បញ្ជាក់​ថា ដើម្បី​រំដោះ​ទឹក​លិច​ផ្ទះ​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្រុម​ទី​១០-១១ ភូមិ​១ សង្កាត់​១ ក្រុង​ព្រះសីហនុ លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ផលិត​ទឹក​ស្អាត​អានកូ ត្រូវ​កាយ​ទំនប់ទឹក​បើក​ទំហំ​ផ្លូវទឹក​ឲ្យ​ធំ ដើម្បី​សម្រួល​ចរន្ត​ទឹក​ឲ្យ​ហូរ​ឲ្យ​បាន​លឿន ប្រយោជន៍​កុំ​ឲ្យ​ជំនន់​ទឹកភ្លៀង​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន​នេះ​ទៀត។

លោក អ៊ី សុខឡេង បញ្ជាក់​ថា បន្ទាប់ពី​ក្រុម​ការងារ​បាន​កាយ​ទំនប់​ពង្រីក​ផ្លូវទឹក​ឲ្យ​ធំ​រួច​មក ទឹក​ដែល​ជន់​លិច​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​១ ក៏​បាន​ហូរ និង​ស្រក​ចុះ​យ៉ាង​លឿន​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស