បុគ្គលិកទូរទស្សន៍ ហង្សមាស និងទូរទស្សន៍ NICE TV ប្រចាំខេត្តព្រះវិហារ សម្រេចប្តឹងមន្ត្រីតុលាការខេត្តព្រះវិហារ ចំនួន ២រូប គឺព្រះរាជអាជ្ញា ទី សុវិនថាល់ និងព្រះរាជអាជ្ញារង វុធ សាវី ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយចោទប្រកាន់ថា អ្នកទាំងពីរបានប្រព្រឹត្តអំពើពុករលួយក្នុងប្រព័ន្ធយុត្តិធម៌របស់កម្ពុជា។
បុគ្គលិកទូរទស្សន៍ហង្សមាស លោក ទ្រី វិច្ឆិកា និងលោក ទ្រី សុផល ដែលជាបុគ្គលិកទូរទស្សន៍ NICE TV ប្រចាំខេត្តព្រះវិហារ បានដាក់ពាក្យបណ្តឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា ACU កាលពីពេលថ្មីៗនេះ ក្រោយពេលមន្ត្រីតុលាការខេត្តព្រះវិហារទាំងពីររូបនេះបានចោទប្រកាន់ពួកគេពីបទ «ធ្វើឱ្យប៉ះពាល់ដល់វិជ្ជាជីវៈ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្រោយពួកគេបានចុះផ្សាយពីភាពមិនប្រក្រតីរបស់លោក ទី សុវិនថាល់ និងលោក វុធ សាវី កន្លងមក។
ប្រភពដដែលអះអាងថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ព្រះរាជអាជ្ញារងខេត្តព្រះវិហារ លោក វុធ សាវី បានទូរស័ព្ទទៅពួកគេឱ្យទៅយកព័ត៌មានអំពីការបង្ក្រាបបទល្មើសឈូសឆាយដីព្រៃរបស់រដ្ឋក្នុងខេត្តព្រះវិហារ ដែលលោក វុធ សាវី ជាអ្នកដឹកនាំកម្លាំងដោយផ្ទាល់ ប៉ុន្តែក្រោយពេលទៅដល់កន្លែងកើតហេតុក៏បានផ្ទុះអំពើហិង្សាពីសំណាក់ក្រុមអ្នកឈូសឆាយដីព្រៃ រហូតមានការវាយតប់លើលោក វុធ សាវី និងលោក ទ្រី វិច្ឆិកា ដែលជាអ្នកសារព័ត៌មានថែមទៀតផង។
លោក ទ្រី វិច្ឆិកា បញ្ជាក់ថា ក្រោយថ្ងៃកើតហេតុបានមួយសប្តាហ៍ បក្ខពួកជនល្មើសដែលបានឈូសឆាយដីរដ្ឋចំនួន ៣នាក់ បានប្តឹងលោក វុធ សាវី និងរូបលោកដែលជាអ្នកសារព័ត៌មានទៅតុលាការខេត្តព្រះវិហារ ពីបទកំហែងយក និងគំរាមសម្លាប់ ប៉ុន្តែនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ពួកគេត្រូវតុលាការឱ្យចូលខ្លួនទៅបំភ្លឺ និងត្រូវឃាត់ខ្លួនភ្លាមៗតែម្តង។ រហូតមកដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ អ្នកទាំងនោះត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ពីបានសរសេរលិខិតសុំទោសលោក វុធ សាវី ចំពោះពាក្យបណ្តឹងរបស់ខ្លួនរួចមក។
លោក ទ្រី វិច្ឆិកា បញ្ជាក់ទៀតថា ក្រោយដោះលែងជនសង្ស័យឱ្យនៅក្រៅឃុំ ក៏មានព័ត៌មានចុះផ្សាយថា ដើម្បីធានាខ្លួននៅក្រៅឃុំ ជនសង្ស័យទាំងនោះបានបង់លុយសងជំងឺចិត្តអស់រាប់ម៉ឺនដុល្លារដល់លោក វុធ សាវី និងរូបលោកផ្ទាល់លើបណ្តឹងដែលពួកគេបានប្តឹងកន្លងទៅនោះ ខណៈរូបលោកមិនបានដឹងរឿងនេះទាល់តែសោះ។
យ៉ាងណាក៏ដោយ លោក ទ្រី វិច្ឆិកា អះអាងថា ក្រោយដឹងរឿងនេះភ្លាម លោកព្យាយាមទាក់ទងទៅព្រះរាជអាជ្ញារងខេត្តព្រះវិហារ លោក វុធ សាវី ដើម្បីសាកសួរពីបញ្ហានេះដែរ ប៉ុន្តែលោក វុធ សាវី មិនឆ្លើយតប ហើយថែមទាំងលុបសារដែលធ្លាប់បានទាក់ទងគ្នាកន្លងមកថែមទៀត ប៉ុន្តែនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោក លឿត តឹកលី ដែលជាមនុស្សជំនិតរបស់លោក វុធ សាវី បានយកលុយទៅឱ្យពួកលោកក្នុងម្នាក់ៗចំនួន ២ពាន់ដុល្លារដើម្បីបញ្ចប់រឿង ដែលក្រុមអ្នកឈូសឆាយដីព្រៃនោះបានវាយលើរូបលោក ប៉ុន្តែលោកបដិសេធទទួលយកលុយនេះយ៉ាងដាច់អហង្ការ។
កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បុគ្គលិកទូរទស្សន៍ហង្សមាស លោក ទ្រី វិច្ឆិកា និងលោក ទ្រី សុផល ដែលជាបុគ្គលិកទូរទស្សន៍ NICE TV ប្រចាំខេត្តព្រះវិហារ ចុះទៅយកព័ត៌មានតាមការអញ្ជើញរបស់ព្រះរាជអាជ្ញារងខេត្តព្រះវិហារ លោក វុធ សាវី ទាក់ទិននឹងការបង្ក្រាបបទល្មើសឈូសឆាយដីព្រៃធ្វើជាកម្មសិទ្ធិក្នុងភូមិក្ដាក់ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។
ក្នុងការបង្ក្រាបបទល្មើសនោះ អាជ្ញាធរបានរឹបអូសគ្រឿងចក្រមួយចំនួនពីឈ្មោះ ឈន លាងឆុន ឈ្មោះ ញ៉ាំ ឈុនលី និងឈ្មោះ សន សាអែម ប៉ុន្តែអាជ្ញាធរបានប្រគល់គ្រឿងចក្រទាំងនោះឱ្យទៅជនល្មើសវិញទាំងអស់ក្រោយផ្ទុះអំពើហិង្សាមួយប្រាវ។
យ៉ាងណាក៏ដោយ ម្ចាស់គ្រឿងចក្រទាំងនោះក៏បានប្តឹងរាជអាជ្ញារងលោក វុធ សាវី លោក ទ្រី វិច្ឆិកា និងលោក ទ្រី សុផល ដែលជាអ្នកសារព័ត៌មានផងដែរ ពីបទកំហែងយកក្នុងសំណុំរឿងព្រហ្មទណ្ឌ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ កន្លងទៅ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បុគ្គលិកទូរទស្សន៍ហង្សមាស លោក ទ្រី វិច្ឆិកា និងលោក ទ្រី សុផល បុគ្គលិកទូរទស្សន៍ NICE TV ប្រចាំខេត្តព្រះវិហារ ក៏បានដាក់ពាក្យសុំអន្តរាគមន៍ទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ដើម្បីស្នើសុំផ្ទេរសមត្ថកិច្ចតុលាការពីខេត្តព្រះវិហារ ទៅរាជធានីភ្នំពេញជំនួសវិញ ដោយយល់ឃើញថា សំណុំរឿងរបស់លោកមានភាពមិនប្រក្រតី។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា «ខេមបូចា» លោក ណុប វី បានលើកឡើងក្នុងប្រអប់បញ្ចេញមតិកាលពីថ្ងៃទី១៣ ខែកញ្ញា ថា អំពើអយុត្តិធម៌កាន់តែរីកធំធាត់ពេញសង្គម។ លោកថា ប្រសិនបើស្រុកខ្មែរនៅតែកើតមានអំពើអយុត្តិធម៌ ដូចជាវ៉ៃហើយចាំបង់លុយតាមក្រោយដើម្បីបញ្ចប់រឿងជាដើម នោះជាហេតុដែលនាំឲ្យបង្កវិនាសកម្មយ៉ាងធំធេងដល់សង្គមជាតិទៅថ្ងៃក្រោយជាមិនខាន៕