37 C
Phnom Penh

បុរស​ខ្លាំង​ហ្វីលីពីន​ជិត​អស់​អំណាច ខណៈ​តុលាការ​អន្តរជាតិ​សម្រេច​ស៊ើប​អង្កេត​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​មិន​ដល់​មួយ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ប្រទេស​ហ្វីលីពីន នឹង​មាន​ការ​បោះឆ្នោត​ប្រធានាធិបតី​អាណត្តិ​ថ្មី​ទៀត ដែល​ជា​ការ​បិទ​បញ្ចប់​អាណត្តិ​របស់​ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte)។ យោង​តាម​រដ្ឋធម្មនុញ្ញ​នៃ​សាធារណរដ្ឋ​ហ្វីលីពីន ប្រធានាធិបតី​កាន់​អំណាច​បាន​តែ ៦​ឆ្នាំ​ប៉ុណ្ណោះ គឺ​មួយ​អាណត្តិ។

ការ​ចាកចេញ​ពី​តំណែង​របស់​ប្រធានាធិបតី ត្រូវ​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ។ សម្រាប់​បុរស​ខ្លាំង ឌូទើតេ មាន​ពេល​កាន់​អំណាច​មិន​ដល់​មួយ​ឆ្នាំ​ទៀត​នោះ​ទេ គឺ​បុរស​វ័យ ៧៦​ឆ្នាំ​រូប​នេះ​ត្រូវ​ចាកចេញ​ពី​តំណែង។ លោក ឌូទើតេ បាន​ចូល​កាន់​តំណែង​កាលពី​ខែ​មិថុនា ឆ្នាំ​២០១៦។

ការ​កាន់​អំណាច​បាន​មិន​ដល់​មួយ​ឆ្នាំ​ផង បុរស​នេះ​បាន​បើក​យុទ្ធនាការ​មួយ​គេ​ហៅថា​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន។ សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នេះ បាន​ផ្ដល់​សិទ្ធិ​ឱ្យ​សមត្ថកិច្ច​ប៉ូលិស និង​កងទ័ព​បាញ់​សម្លាប់​ជនស៊ីវិល​មិន​ត្រាប្រណី​ឡើយ ឱ្យ​តែ​សង្ស័យ​ជន​នោះ​ប្រព្រឹត្ត​ការ​ជួញដូរ​គ្រឿងញៀន ឬ​ក៏​ប្រើប្រាស់​គ្រឿងញៀន។

របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ គឺ​ប្រជាជន​ស្លាប់​ក្រោម​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​បញ្ជា​ដោយ​លោក ឌូទើតេ គឺ​ជាង ៦​ពាន់​នាក់​ឯណោះ។ យុទ្ធនាការ​នេះ​ត្រូវ​បាន​អ្នក​ការពារ​សិទ្ធិមនុស្ស​ចាត់ទុក​ជា​ការ​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​នោះ គឺជា​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

ទោះបី​មាន​ការរិះគន់ និង​ថ្កោលទោស​ក៏ដោយ ក៏​លោក ឌូទើតេ នៅតែ​បើក​យុទ្ធនាការ​បង្ក្រាប និង​បាញ់​សម្លាប់​ជនស៊ីវិល​ក្រោម​ហេតុផល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន ឬ​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់។ សំណុំរឿង​នេះ​ត្រូវ​បាន​ផ្ដួចផ្ដើម​ប្ដឹង​ទៅកាន់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC ដោយ​ក្រុម​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ។ សំណុំរឿង​នេះ​បាន​ធ្លាក់​ដល់​ដៃ ICC រយៈពេល​មួយ​ឆ្នាំ​ទៅ​ហើយ។

ពី​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ សេចក្ដី​រាយការណ៍​មួយ​របស់​សារព័ត៌មាន​រ៉យទ័រ បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ថា ក្រុម​រដ្ឋ​អាជ្ញាធរ​បាន​សម្រេច​បើក​ការ​ស៊ើបអង្កេត​អំពី​ការ​សម្លាប់​រង្គាល​ក្នុង​សង្គ្រាម​គ្រឿងញៀន​បញ្ជា​ដោយ​លោក ឌូទើតេ។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន តុលាការ ICC បាន​ឱ្យ​ដឹង​ទៀត​ថា ក្រុម​ចៅក្រម​បាន​អនុម័ត​លើ​ការ​ស្នើសុំ​មួយ​ពី​ក្រុម​រដ្ឋអាជ្ញា ICC ផ្ទាល់​ឱ្យ​មាន​ការ​ស៊ើបអង្កេត​រក​ការពិត​ថា តើ​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់​លោក ឌូទើតេ គឺជា​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​ដែរ​ឬ​យ៉ាងណា។ បើ​តាម​ការ​វាយតម្លៃ​របស់​ក្រុម​រដ្ឋអាជ្ញា ICC សង្គ្រាម​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នេះ​មិន​មាន​លក្ខណៈ​ជា​ការ​អនុវត្ត​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​នោះ​ទេ តែ​ជា​ការ​វាយប្រហារ​ជា​លក្ខណៈ​ប្រព័ន្ធ​ប្រឆាំង​នឹង​ជនស៊ីវិល។

បន្ទាប់ពី​ទទួល​ដំណឹង​នេះ​ភ្លាម អគ្គលេខាធិការ​នៃ​អង្គការ​លើកលែង​ទោស​អន្តរជាតិ Agnes Callamard បាន​ប្រកាស​សាទរ​សេចក្ដី​សម្រេច​របស់ ICC ប៉ុន្តែ​បាន​ព្រមាន​ថា តើ​ចាត់ការ​ទៅលើ​លោក ឌូទើតេ ដូចម្ដេច បើ​បុរស​ខ្លាំង​រូប​នេះ​អាច​មាន​អំណាច​ជា​មេដឹកនាំ​ហ្វីលីពីន នៅ​ឆ្នាំ​ក្រោយ បើ​គាត់​ជាប់​ឆ្នោត​ក្នុង​តំណែង​អនុ​ប្រធានាធិបតី។ តែ​អ្នកស្រី​ថា​ពុំ​មាន​អ្នក​ណា​ម្នាក់​នៅ​លើ​ច្បាប់​បាន​ទេ គឺ​ត្រូវតែ​បង្ខំ​ឱ្យ​លោក ឌូទើតេ ចូល​ខ្លួន​មក​តតាំង​ក្ដី។

ទោះ​ជា​យ៉ាង រដ្ឋាភិបាល​ហ្វីលីពីន សន្យា​មិន​ធ្វើ​កិច្ចសហប្រតិបត្តិការ​ណាមួយ​ជាមួយ​តុលាការ​អន្តរជាតិ​មួយ​នេះ​ទេ ជុំវិញ​ការ​ស៊ើបអង្កេត​លើ​ការ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី ឌូទើតេ។

លោក Salvador Panelo ជា​ប្រធាន​ក្រុមប្រឹក្សា​ច្បាប់​សម្រាប់​ប្រធានាធិបតី​ហ្វីលីពីន។ លោក​បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ​ថា រដ្ឋាភិបាល​ហ្វីលីពីន នឹង​មិន​ធ្វើ​កិច្ចសហប្រតិបត្តិការ​ណាមួយ​ជាមួយ​តុលាការ ICC ឡើយ ហើយ​ក៏​នឹង​មិន​អនុញ្ញាត​ឱ្យ​ក្រុម​អ្នក​ស៊ើប​អង្កេត ICC ចូល​មក​ក្នុង​ប្រទេស​ហ្វីលីពីន នោះ​ដែរ។

លោក​ពន្យល់​ថា គោលជំហរ​របស់​លោក​ប្រធានាធិបតី គឺ​មិន​ផ្លាស់ប្ដូរ​ទេ ដោយ​លោក​ចោទ​តុលាការ​នេះ​វិញ​ថា​ជា​តុលាការ​ពុករលួយ ហើយ​នីតិវិធី​នៅ​ក្នុង​សំណុំរឿង​នេះ គឺ​បាន​បំពាន​លើ​រដ្ឋធម្មនុញ្ញ​របស់​ហ្វីលីពីន។

ជា​ការ​កត់សម្គាល់ លោក ឌូទើតេ នៅ​ពេល​ដែល​ជិត​អស់​អំណាច​នេះ គឺ​បុរស​ខ្លាំង​រូប​នេះ​កំពុង​តែ​ប្រឈមមុខ​នឹង​រឿង​អាស្រូវ​ជាច្រើន​ជាប់​នឹង​ខ្លួន មាន​ដូចជា​ការ​ប្រើប្រាស់​មូលនិធិ​ប្រយុទ្ធ​ជំងឺ​កូវីដ-១៩ ដោយ​គ្មាន​តម្លាភាព ជាមួយ​នឹង​ការ​បញ្ចេញ​ប្រាក់​រាប់​លាន​ដុល្លារ​ធ្វើ​ប្រជាភិថុតិ​ក្នុង​ល្បែង​នយោបាយ​ជីវិត​ចុងក្រោយ​របស់​បុរស​ខ្លាំង​អាយុ ៧៦​ឆ្នាំ​រូប​នេះ។

ក្នុង​សំណុំរឿង​នេះ សមាជិក​សភា​របស់​ប្រទេស​នេះ​បាន​សម្រេច​បើក​ការ​ស៊ើបអង្កេត ហើយ​ផ្ដើម​ឱ្យ​មាន​ការ​ចោទប្រកាន់ បើ​ស៊ើប​អង្កេត​ឃើញ​ថា​មូលនិធិ​រដ្ឋ និង​មូលនិធិ​ជំនួយ​ត្រូវ​បាន​លោក ឌូទើតេ ប្រើប្រាស់​ក្នុង​ល្បែង​នយោបាយ និង​យុទ្ធសាស្ត្រ​ប្រជាភិថុតិ ព្រោះតែ​បុរស​នេះ​ចង់​បាន​តំណែង​អនុ​ប្រធានាធិបតី​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​ក្រោយ​នេះ។

មាន​រឿង​មួយ​ទៀត​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ គឺ​ត្រូវ​បាន​ចោទ​លោក ឌូទើតេ ពី​បទ​ប្រមាថ​សាលក្រម​មជ្ឈត្តការ​អន្តរជាតិ ដែល​បាន​សម្រេច​ក្ដី​ឱ្យ​ហ្វីលីពីន មាន​សិទ្ធិ​ចូល​ទៅ​កាន់កាប់​ដែន​ទឹក​របស់​ខ្លួន​ឡើងវិញ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​នឹង​ប្រទេស​ចិន។ លោក ឌូទើតេ ដែល​ត្រូវ​បាន​មើល​ឃើញ​ថា​ជា​អាយ៉ង​របស់​ចិន បាន​ទាត់ចោល​សាលក្រម​នេះ ហើយ​ឱ្យ​តម្លៃ​ថា​ស្មើ​នឹង​ក្រដាស​អនាម័យ។

សមាជិក​ព្រឹទ្ធសភា និង​អ្នក​នយោបាយ​ជាច្រើន​បាន​ហៅ​លោក ឌូទើតេ ថា​ជា​មេដឹកនាំ​ក្បត់​ជាតិ ជា​មេដឹកនាំ​លក់​ឧត្តមគតិ​ខ្លួនឯង​ឱ្យ​ប្រទេស​ចិន។

ក្រុម​សកម្មជន​សិទ្ធិមនុស្ស​បាន​ព្រមាន​ថា លោក ឌូទើតេ នឹង​មិន​រួច​ខ្លួន​ទេ គឺ​ត្រូវតែ​នាំ​ខ្លួន​ឡើង​តុលាការ ICC បើ​បុរស​នេះ​អស់​អំណាច​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២២ នោះ។ ប៉ុន្តែ​លោក ឌូទើតេ ខ្លួន​លោក​ផ្ទាល់​បាន​សច្ចា​ថា បើ​លោក​ជ្រុល​ប្រគល់​ខ្លួន​ឱ្យ ICC គឺ​លោក​នឹង​ធ្វើ​អត្តឃាត​ដោយ​ដក​កាំភ្លើង​បាញ់​សម្លាប់​ខ្លួនឯង​ចោល​ប្រសើរ​ជាង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស