26 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​ការ​ចូលរួម​ទប់ស្កាត់​គ្រឿងញៀន​ពី​ក្រសួង​ពាក់ព័ន្ធ​មិន​គួរ​ធ្វើ​តែ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចុះផ្សាយ​ជា​រៀងរាល់​ថ្ងៃ​ដោយ​បង្ហាញ​ពី​សមត្ថកិច្ច​ឃាត់​បាន​ខ្លួន​អ្នក​ប្រើប្រាស់ និង​លក់ដូរ​គ្រឿងញៀន​ចន្លោះ ១០​នាក់​ក្នុង​មួយ​ថ្ងៃ​នៅ​ទូទាំង​ប្រទេស ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​យុវជន។

នា​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ស្នើ​ទៅ​រដ្ឋមន្ត្រី ៥​រូប​ឱ្យ​ជួយ​ផ្សាយ​សារ​ទប់ស្កាត់​គ្រឿងញៀន​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​នេះ ប៉ុន្តែ​អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​ផ្សាយ​សារ​ទប់ស្កាត់​គ្រឿងញៀន​មិន​គួរ​ធ្វើ​តែ​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នោះ​ទេ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​នយោបាយ យល់ថា ការ​ដាក់​សំណើ​របស់​អាជ្ញាធរ​ទៅ​ក្រសួង​ចំនួន​៥ ឱ្យ​ជួយ​ទប់ស្កាត់​គ្រឿងញៀន​មិន​គួរ​ធ្វើ​តែ​ក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ឡើយ ខណៈ​អ្នកវិភាគ​ចាត់ទុក​ការ​ស្នើ​នេះ​ថា​គ្រាន់តែ​ស្រែក​ឱ្យ​ឮ ប៉ុន្តែ​ជាក់ស្តែង​ពួកគេ​ជា​ខ្នង​បង្អែក​ធំ​នៅ​ពីក្រោយ​អ្នក​លក់​គ្រឿងញៀន។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​នយោបាយ​លើកឡើង​បែប​នេះ ក្រោយ​ពី​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក ជួន សុវណ្ណ បាន​ស្នើ​កាលពី​ពេល​ថ្មីៗ​នេះ​ទៅ​រដ្ឋ រដ្ឋមន្ត្រី ៥​រូប ដើម្បី​ឱ្យ​ជួយ​ផ្សាយ​សារ​ទប់ស្កាត់​គ្រឿងញៀន​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ទាំង​៥ ដែល​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ស្នើ​នោះ មាន​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាសនា លោក ឈិត សុខុន និង​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ លោក ជា វ៉ាន់ដេត។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា លើកឡើង​ថា ការ​ដាក់​លិខិត​របស់​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួង​ផ្សេងៗ ដើម្បី​ជួយ​ទប់ស្កាត់​គ្រឿងញៀន​នោះ វា​ជា​ការ​ចូលរួម​បាន​មួយ​ចំណែក ប៉ុន្តែ​ការ​ចូលរួម​នេះ​មិន​គួរ​តែ​ធ្វើ​តែ​ក្នុង​អំឡុង​ពេល​បុណ្យ​ភ្ជុំ​ឡើយ។

លោក​បន្ត​ថា រដ្ឋាភិបាល​អាច​ទប់ស្កាត់​គ្រឿងញៀន​បាន លុះត្រាតែ​ចាប់​ខ្លួន​មន្ត្រី​ធំៗ​ដែល​ពាក់ព័ន្ធ និង​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​យក​មក​ដាក់​ទោស​តាម​ច្បាប់។ ប៉ុន្តែ​បើ​សិន​រដ្ឋាភិបាល​ចាប់​ខ្លួន​ឈ្មួញ និង​មន្ត្រី​ធំៗ​ទាំងនោះ​មិន​បាន​ទេ បញ្ហា​គ្រឿងញៀន​មិន​អាច​ទប់ស្កាត់​បាន​ឡើយ។

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​គណៈកម្មការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ លើកឡើង​ដែរ​ថា សកម្មភាព​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​នៅ​រាជធានី​ភ្នំពេញ និង​តាម​ជនបទ​មិន​បាន​ថយ​ចុះ​ឡើយ ករណី​នេះ​កំពុង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ខ្លាំង​ពី​បញ្ហា​អសន្តិសុខ និង​សុវត្ថិភាព​ក្នុង​ភូមិ-ឃុំ​របស់​ពួកគាត់​រស់នៅ។

លោក​ថា ចំពោះ​ការ​ដាក់​សំណើ​របស់​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ទៅកាន់​រដ្ឋមន្ត្រី​ក្រសួង​ចំនួន​៥ ឱ្យ​ជួយ​ទប់ស្កាត់​គ្រឿងញៀន​នោះ គឺជា​ការ​រួមចំណែក​មួយ​ផ្នែក ប៉ុន្តែ​ក្រសួង​ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​អនុវត្ត​កិច្ចការ​នេះ គឺ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​មហាផ្ទៃ។

បណ្ឌិត យ៉ង សាំងកុមារ បន្ត​ថា ក្រសួង​មហាផ្ទៃ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​នៅ​តាម​ឃុំ-សង្កាត់​នីមួយៗ ដោយ​ត្រូវ​ធ្វើ​ការ​ឲ្យ​សកម្ម​ក្នុង​ការ​ចុះ​ទប់ស្កាត់​ឱ្យ​បាន​ខ្លាំង​ជាង​មុន ខណៈ​ក្រសួង​អប់រំ​ក៏​ត្រូវ​ផ្សព្វផ្សាយ​សារ និង​អប់រំ​ដល់​យុវជន សិស្សានុសិស្ស រួម​ទាំង​ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​ពួកគាត់​ចូលរួម។ ក្រៅពី​ឱ្យ​ពួកគាត់​ចូលរួម​ហើយ អាជ្ញាធរ​មូលដ្ឋាន និង​ក្រសួង​គួរ​បង្កើត​ក្លឹប​កីឡា​សម្រាប់​យុវជន​លេង ដើម្បី​បញ្ចៀស​ការ​ប្រើប្រាស់​គ្រឿងញៀន​ជាដើម។

យោង​តាម​របាយការណ៍​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ឱ្យ​ដឹង​ថា រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាង ៣​ពាន់​ករណី (៣៣៩១​ករណី) និង​ចាប់​ជនល្មើស​បាន​ជាង ៧​ពាន់​នាក់ (៧២៤៦​នាក់) ហើយ​រឹបអូស​គ្រឿងញៀន​បាន ៧៥៩​គីឡូក្រាម ខណៈ​កាលពី​ឆ្នាំ​២០២០ សមត្ថកិច្ច​បង្ក្រាប​បាន ៣១៣១​ករណី។ ចំនួន​នេះ​មាន​ការ​កើន​ឡើង​ជិត ១០​ភាគរយ (៨,៣០%) បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា បើ​ទោះ​កម្ពុជា​កំពុង​ជួប​វិបត្តិ Covid-19 ក៏ដោយ។

ការ​កើន​ឡើង​នៃ​ការ​ជួញដូរ និង​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២១ ថា ប្រទេស​កម្ពុជា​បាន​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បណ្ដាល​មកពី​ការ​ឆ្លង​រីក​រាលដាល​ជំងឺ Covid-19 ជា​កត្តា​រារាំង​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដែល​ធ្វើ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​មាន​ឱកាស​បង្កើន​ការ​ផលិត និង​អំណោយផល​ទីផ្សារ​ប្រើប្រាស់​គ្រឿងញៀន។

ដោយឡែក​អ្នកវិភាគ​នយោបាយ សង្គម និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ យល់ថា ការ​ផ្សព្វផ្សាយ​អប់រំ គឺជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការ​ចូលរួម​ចំណែក​ទប់ស្កាត់​គ្រឿងញៀន ប៉ុន្តែ​លោក​យល់ថា ការ​ស្នើ​របស់​លោក ជួន សុវណ្ណ ទៅ​រដ្ឋមន្ត្រី​ចំនួន ៥​ក្រសួង​ទៀត​នោះ គឺ​គ្រាន់តែ​ជា​ល្ខោន​បន្លំ​ភ្នែក​ពលរដ្ឋ​តែប៉ុណ្ណោះ។

លោក​បន្ត​ថា សម្បក​ខាងក្រៅ​ពួកគេ​ស្រែក​ឮៗ​ដូច​ប្រឆាំង​នឹង​គ្រឿងញៀន​ខ្លាំង​ណាស់ ប៉ុន្តែ​ជាក់ស្ដែង ពួកគេ​ក៏​ជា​ខ្នង​បង្អែក​របស់​អ្នក​លក់​គ្រឿងញៀន​ដ៏​សម្បើម​ដែរ ដោយសារ​ពួក​មន្ត្រី​ទាំងនោះ​មាន​ទាំង​បណ្ដាញ​ក្នុង​ការ​ជួយ​សម្រួល ដើម្បី​ចែកចាយ​គ្រឿងញៀន​ទាំង​រាជធានី​ភ្នំពេញ និង​នៅ​តាម​ជនបទ។ លើស​ពី​នេះ លោក​ថា តើ​មន្ត្រី​ទទួល​បន្ទុក​គ្រឿងញៀន​ណា​ដែល​មិន​ក្លាយ​ជា​អ្នក​មាន ខណៈ​ពួកគេ​ជា​អ្នក​ទប់ស្កាត់​ផង និង​ជា​អ្នក​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នោះ​ផង?

លោក គឹម សុខ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃស​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៧ បាន​លើកឡើង​ថា អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស ធ្លាប់​ប្រាប់​លោក​ថា គ្រឿងញៀន​ដែល​ពួក​មន្ត្រី​ចាប់​បាន​នោះ​ត្រូវ​លាក់​ទុក​ជួញដូរ​បន្ត ហើយ​អ្វី​ដែល​ពួកគេ​ដុត​កម្ទេច​ចោល​នោះ គ្រាន់តែ​ជា​សាច់ជូរ ឬ​ម្សៅមី​ប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ​សង្គម​រូប​នេះ​បន្ត​ថា តាំងពី​ដើម​រហូត​ដល់​បច្ចុប្បន្ន ពួកគេ​ស្រែក​ធ្វើ​ដូច​ប្រឆាំង​នឹង​គ្រឿងញៀន​ពេញ​ទំហឹង ផ្ទុយទៅវិញ​អាច​ជា​វិធី​បិទបាំង​ល្បែង​ដ៏​ធំ​ណាមួយ​ក្នុង​ការ​ចែកចាយ​គ្រឿងញៀន​ទៅវិញ​ទេ ព្រោះ​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត គ្រឿងញៀន​ត្រូវ​បាន​គេ​ចែកចាយ​កាន់តែ​ខ្លាំង​ឡើង។

ម្យ៉ាង​វិញទៀត លោក​ថា​បើសិនជា​ពួក​មន្ត្រី​ទាំងនោះ​ស្រែក​ប្រឆាំង​គ្រឿងញៀន​កាន់តែ​ឮ​នោះ ជា​ពេល​ដែល​ពួកគេ​ជួញដូរ​គ្រឿងញៀន​កាន់តែ​ធំ ហើយ​គ្មាន​វិធី​ណា​ទប់ស្កាត់​គ្រឿងញៀន​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​ពុំ​មាន​សមត្ថកិច្ច​គ្រឿងញៀន​ណា​ហ៊ាន​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​របស់​លោក ហ៊ុន សែន ឡើយ។

លោក គឹម សុខ លើក​ជា​ឧទាហរណ៍​ថា តើ​កាស៊ីណូ​ណា និង​ក្លឹប​ធំៗ​ណា​ដែល​មិន​ទាក់ទង​របរ​គ្រឿងញៀន​នោះ ហើយ​តើ​ជំនួញ​ងងឹត​ទាំងអស់​នោះ​អាច​ឈរ​ជើង​បាន​ទេ បើ​លោក ហ៊ុន សែន និង​បក្ខពួក​មិន​ធ្វើជា​ខ្នង​បង្អែក?

កាលពី​ពាក់កណ្ដាល​ខែ​ឧសភា ឆ្នាំ​២០២១ កន្លងមក តុលាការ​បាន​ដោះលែង​មេ​ឧក្រិដ្ឋជន​គ្រឿងញៀន​ឈ្មោះ គិត ធាង ថៅកែ​ក្លឹប​កម្សាន្ត​រ៉ក ដែល​ជាប់ចោទ​លើ​សំណុំរឿង​បទល្មើស​គ្រឿងញៀន​ជិត ៥០​គីឡូក្រាម ដោយ​តុលាការ​សម្រេច​ក្តី​ឲ្យ​ជនល្មើស​រូប​នេះ​ជាប់​ពន្ធនាគារ​តែ ៤​ឆ្នាំ។ ចំណែក​ការ​អនុវត្ត​ទោស​នៅ​ក្នុង​គុក​បាន​ប្រមាណ​តែ ២​ឆ្នាំ​ប៉ុណ្ណោះ ក៏​ត្រូវ​សាលា​ឧទ្ធរណ៍​សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ស្ងាត់ៗ​ទៅវិញ។

អង្គការ​សហប្រជាជាតិ​បាន​បង្ហាញ​របាយការណ៍​មួយ​ដែល​មាន​ចំណងជើង​ថា «ការ​វិវឌ្ឍ​ចុងក្រោយ និង​ការ​ប្រឈម​លើ​បញ្ហា​គ្រឿងញៀន​នៅ​តំបន់​អាស៊ី​បូព៌ា និង​អាស៊ី​អាគ្នេយ៍» កាលពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០២១ ថា ការ​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ជាពិសេស​នៅ​តំបន់​ត្រីកោណមាស មិន​មាន​ការ​ថយ​ចុះ​ឡើយ បើ​ទោះបីជា​មាន​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ Covid-19 ក្តី។

បើ​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ បញ្ជាក់​ថា កម្ពុជា​បាន​ក្លាយ​ជា​គោលដៅ​នៃ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ប្រើប្រាស់​សម្រាប់​ចរាចរ​គ្រឿងញៀន ផលិត និង​ចែកចាយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស