មន្ត្រីបក្សប្រឆាំងបានលើកឡើងថា លោក ហ៊ុន សែន ត្រូវតែជាអ្នកចាប់ផ្តើមមុនគេក្នុងការបោះជំហានទៅរកវប្បធម៌សន្ទនាឡើងវិញ ដោយសារលោក ហ៊ុន សែន ជាអ្នកមានឥទ្ធិពល និងមានអំណាចពេញដៃ។ ដូច្នេះ ការចាប់ផ្តើមរបស់លោកនឹងបង្ហាញពីគំរូមេដឹកនាំល្អរបស់កម្ពុជា ឆ្ពោះទៅរកការផ្សះផ្សា បង្រួបបង្រួម និងឯកភាពជាតិកម្ពុជាទាំងមូល។
ការអះអាងរបស់មន្ត្រីបក្សប្រឆាំងនេះ ធ្វើឡើងបន្ទាប់ពីវិបត្តិនយោបាយនៅកម្ពុជានៅតែបន្តកើនឡើងឥតឈប់ឈរ ខណៈមេដឹកនាំនយោបាយធំៗនៅមិនទាន់អាចរកផ្លូវចរចាគ្នាបាននៅឡើយ ស្របពេលដែលមេបក្សដឹកនាំប្រឆាំងនៅតែបន្តរឹតត្បិតសេរីភាពពីរដ្ឋាភិបាលឯកបក្សដែលដឹកនាំដោយបក្សកាន់អំណាចបច្ចុប្បន្ន។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនីហ្វេសប៊ុករបស់នៅថ្ងៃនេះថា គុណតម្លៃ និងការគោរពកោតខ្លាចដែលបានមកពីការអធ្យាស្រ័យ ការដឹកនាំឱ្យមានការផ្សះផ្សារវាងខ្មែរនិងខ្មែរ គឺជាគុណតម្លៃពិត ប៉ុន្តែគុណតម្លៃ និងការគោរពកោតខ្លាចដែលកើតឡើងដោយសារគំរាមកំហែង ការគាបសង្កត់ គ្រាន់តែជាការគោរពដែលបង្កប់នូវការឈឺផ្សារបស់ពលរដ្ឋខ្លួនឯងប៉ុណ្ណោះ ហើយវានឹងមិនមានភាពស្ថិតស្ថេរជាដាច់ខាត។
លោកលើកឡើងថា សន្តិភាពពិតប្រាកដ គឺកើតចេញពីបុគ្គលម្នាក់ៗ ជាពិសេសមេដឹកនាំធំៗដែលមានតួនាទីកាច់ចង្កូតនាវាកម្ពុជា មានកាតព្វកិច្ចសំខាន់ណាស់ក្នុងការដឹកនាំសង្គមជាតិ និងពលរដ្ឋឱ្យទទួលបាននូវសុភមង្គល ទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយគ្មានការសងសឹក ទំនាស់ផ្ទៃក្នុងរវាងជាតិសាសន៍ខ្លួនឯង។
លោកបន្តថា លោកយល់ស្របទៅនឹងលោក ហ៊ុន សែន ដែលថាសង្គមជាតិមួយដែលមានគុណធម៌ និងសីលធម៌ធ្លាក់ចុះ សង្គមជាតិនោះនឹងត្រូវទទួលរងនូវវិបត្តិ និងមហន្តរាយទៅថ្ងៃមុខ ប៉ុន្តែលោកប្រតិកម្មថា ដើម្បីឱ្យកម្ពុជាចៀសផុតពីវិបត្តិ និងមហន្តរាយបែបនេះ មេដឹកនាំខ្មែរត្រូវតែរៀបចំសង្គមឱ្យប្រកាន់យកវប្បធម៌អហិង្សា ជាដើម។ ជាងនេះទៀត ត្រូវបញ្ចៀសឱ្យបាននូវការគំរាមកំហែង ការចាប់ចងពលរដ្ឋខ្លួនឯងតាមអំណាចដែលខ្លួនមាន ដោយការអនុវត្តច្បាប់ ផ្តល់ការអប់រំ និងការបណ្តុះបណ្តាលជំនួសវិញ។
លោក ហ៊ុន សែន បានចេញសារលិខិតចូលរួមអបអរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ដែលបានផ្សព្វផ្សាយកាលពីម្សិលមិញនេះថា ប្រវត្តិសាស្ត្រ និងបទពិសោធន៍នៃសង្គមនីមួយៗ បានបង្ហាញឲ្យឃើញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃប្រជាជាតិមួយអាចប្រព្រឹត្តទៅបានប្រកបដោយចីរភាព និងសមធម៌ ទាមទារឲ្យមានការអភិវឌ្ឍផ្នែកអប់រំ សីលធម៌ គុណធម៌ និងវប្បធម៌អហិង្សា ជាដើម។
លោក ហ៊ុន សែន អះអាងថា ផ្ទុយទៅវិញ ក្នុងសង្គមជាតិមួយដែលមានគុណធម៌ និងសីលធម៌ធ្លាក់ចុះ សង្គមជាតិនោះនឹងត្រូវទទួលរងនូវវិបត្តិ និងមហន្តរាយទៅថ្ងៃអនាគតជាក់ជាពុំខាន។
បែបនេះក្តី កម្ពុជាដែលក្រោមការដឹកនាំរបស់បក្សកាន់អំណាច ត្រូវគេរិះគន់ថា ដើម្បីក្តោបក្តាប់អំណាចឱ្យបានរឹងមាំ លោក ហ៊ុន សែន ទោះជាត្រូវប្រព្រឹត្តនូវទង្វើអសីលធម៌កម្រិតណាក៏ដោយ ក៏មេដឹកនាំរូបនេះមិនរួញរាដែរ ដែលផ្ទុយស្រឡះពីការលើកឡើងរបស់លោកនៅពេលនេះទាំងស្រុង។ ជាក់ស្តែង កាលពីឆ្នាំ១៩៩៧ ក្នុងព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាម ថ្ងៃទី៥-៦ កក្កដា ពលរដ្ឋខ្មែរស្លូតត្រង់ និងកងទ័ពរាជានិយមរាប់រយនាក់ ត្រូវបានសម្លាប់ទាំងអយុត្តិធម៌ក្រោមការបញ្ជារបស់លោក ហ៊ុន សែន ដោយផ្ទាល់។
ជាងនេះទៀត អំពើឃាតកម្មក្រៅប្រព័ន្ធច្បាប់ធំៗជាច្រើនដែលបានឆក់ជីវិតសកម្មជនសង្គមក្នុងការតាមដានស្រាវជ្រាវអំពើលក់ជាតិរបស់សាច់ញាតិអ្នកមានអំណាច ជាពិសេសគឺលោក ហ៊ុន សែន តែម្តង ដូចជាសកម្មជនព្រៃឈើ លោក ឈុត វុទ្ធី និងបណ្ឌិត កែម ឡី ជាដើម ដែលបានលាតត្រដាងពីផែនការក្ដោបក្តាប់ជំនួញស្រុកខ្មែរដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ប៉ុន្តែឃាតកពិត និងអ្នកបញ្ជាពីក្រោយខ្នង មិនត្រូវបានចាប់យកមកផ្ដន្ទាទោសតាមច្បាប់នោះទេ។
ក្រុមអ្នកឃ្លាំមើលនិយាយថា ការលើកឡើងរបស់លោក ហ៊ុន សែន នៅពេលនេះ មិនឆ្លុះបញ្ចាំងពីការពិតនៃការដឹកនាំប្រកបដោយគុណធម៌ដូចដែលគាត់បានអះអាងនោះទេ៕