38.1 C
Phnom Penh

បទវិភាគ៖ តើ​លោក ហ៊ុន សែន ត្រូវការ​ចិន ឬ​ប្រទេស​លោកសេរី?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន តែងតែ​បញ្ជូន​គណប្រតិភូ និង​ជួល​ក្រុម​បញ្ចុះបញ្ចូល (Lobby) ដោយ​ចំណាយ​លុយ​ជាតិ​ជាច្រើន​ដើម្បី​ធ្វើការ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ប្រទេស​សេរី ជាពិសេស​ប្រទេស​អាមេរិក និង​សហគមន៍​អឺរ៉ុប។

ការ​បញ្ចុះបញ្ចូល​នោះ គឺ​ដើម្បី​ទទួល​បាន​ទីផ្សារ​នាំ​ទំនិញ​ចូល​ពី​ប្រទេស​កម្ពុជា​ដោយ​រួច​ព័ន្ធ និង​ការ​គាំទ្រ​ផ្សេងៗ​ទៀត​ពី​បណ្តា​ប្រទេស​ទាំងនោះ។ ផ្ទុយទៅវិញ រដ្ឋាភិបាល​លោក ហ៊ុន សែន ព្យាយាម​វាយប្រហារ​ប្រទេស​លោកសេរី ជាពិសេស​សហរដ្ឋ​អាមេរិក ដោយ​លើកតម្កើង​ចិន។

ដូច្នេះ តើ​អ្វី​ទៅជា​ចេតនា​ពិតប្រាកដ​របស់​លោក ហ៊ុន សែន?

លោក ហ៊ុន សែន ជា​មេដឹកនាំ​ផ្ដាច់ការ និង​ក្រាញ​អំណាច​យូរ​ជាងគេ​មួយ​រូប​ក្នុង​លោក។ លើស​ពី​នេះ​ទៅ​ទៀត លោក​ធ្លាប់​ជា​មេបញ្ជាការ​យោធា​របស់​ខ្មែរក្រហម​មួយ​រូប និង​ធ្លាប់​ជា​មេដឹកនាំ​ក្នុង​រដ្ឋាភិបាល​កុម្មុយនីស្ត​នៃ​របប​រដ្ឋ​កម្ពុជា ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម​ក្នុង​ទសវត្ស​ឆ្នាំ​១៩៨០។

ដោយ​ផ្អែកលើ​ប្រវត្តិ​បែប​នេះ គេ​ងាយ​យល់​ណាស់​ថា លោក ហ៊ុន សែន គឺជា​ជន​កុម្មុយនីស្ត​និយម​ដ៏​ឆ្អិនឆ្អៅ​មួយ​រូប។ ដូច្នេះ ការ​ងាក​ចេញពី​ប្រទេស​សេរី​មក​ចាប់​យក​ចិន​កុម្មុយនីស្ត​ជា​ដៃគូ​របស់​លោក ហាក់ដូចជា​រឿង​ធម្មតា​ប៉ុណ្ណោះ។

ប៉ុន្តែ អ្វី​ដែល​គួរ​ពិចារណា​នោះ តើ​លោក ហ៊ុន សែន ពិតជា​ត្រូវការ​ចិន ជាង​ប្រទេស​លោកសេរី​មែន ឬ​យ៉ាងណា?

បណ្ដាញ​សារព័ត៌មាន និង​មន្ត្រី​នៃ​រដ្ឋាភិបាល​របស់​លោក​តែង​ឃោសនា​លើក​តម្កើង​ចិន និង​បន្តុះបង្អាប់​ប្រទេស​លោកសេរី ជាពិសេស​គឺ​អាមេរិក។ គេ​អាច​លើក​យក​ករណី​សិក្សា​ជាច្រើន​មក​ធ្វើការ​វិភាគ​ដើម្បី​ឆ្លុះបញ្ចាំង​អំពី​ចេតនា​នយោបាយ​របស់​មេដឹកនាំ​ផ្ដាច់ការ​រូប​នេះ។

លោក ហ៊ុន សែន ខំ​ឃោសនា​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជឿ និង​គាំទ្រ​ចិន ដោយ​រួម​ទាំង​គម្រោង​អភិវឌ្ឍន៍​នានា ផលិតផល​ប្រើប្រាស់ និង​ថ្នាំសង្កូវ ដូចជា​វ៉ាក់សាំង និង​ថ្នាំ​បុរាណ​ចិន ដើម្បី​ការពារ និង​ព្យាបាល​មេរោគ​កូវីដ ជាដើម។

ប៉ុន្តែ បើ​គេ​ក្រឡេក​មើល​ការ​ជ្រើសរើស​របស់​លោក ហ៊ុន សែន វិញ លោក​តែងតែ​គេច​មុខ​ចេញពី​ចិន។ ឧទាហរណ៍ លោក ហ៊ុន សែន ជ្រើសរើស​យក​វ៉ាក់សាំង​កូវីដ-១៩ ពី​ប្រទេស​លោកសេរី​សម្រាប់​ចាក់​ខ្លួន​លោក ការ​ប្រើប្រាស់​រថយន្ត​ពី​ប្រទេស​សេរី ការ​ជ្រើសរើស​ប្រទេស​សេរី​សម្រាប់​ជា​កន្លែង​នៃ​ការសិក្សា ការ​ធ្វើ​វិនិយោគទុន និង​ការ​រស់នៅ​របស់​សមាជិក​ក្រុម​គ្រួសារ និង​សាច់ញាតិ​ត្រកូល ហ៊ុន ជាដើម។ ទាំងនេះ​ជា​ភស្តុតាង​ជាក់ស្តែង​មួយ​ចំនួន​ដែល​អាច​បញ្ជាក់​អំពី​ចេតនា​របស់​មេដឹកនាំ​ផ្ដាច់ការ​រូប​នេះ ដែល​តែងតែ​មិន​ខ្វល់​អំពី​តម្រូវការ​ពិតប្រាកដ​របស់​ពលរដ្ឋ និង​រមែង​ព្យាយាម​បង្វែរ​ការ​ចាប់អារម្មណ៍​របស់​ពលរដ្ឋ​ឲ្យ​ទទួល​យក​អ្វី​ដែល​មិន​ពិត។

ជាក់ស្តែង ក្នុង​ខណៈ​ដែល​ពលរដ្ឋ​កំពុង​ត្រូវការ​អាហារ និង​ប្រាក់ចំណូល​ដើម្បី​សងបំណុល​គេ លោក ហ៊ុន សែន បែរជា​ឱ្យ​ពលរដ្ឋ​គិត​តែ​ពី​រឿង​អរគុណ​សន្តិភាព​របស់​លោក​ជា​រឿង​សំខាន់។

ក្នុង​គោលបំណង​លើក​តម្កើង​របប​កុម្មុយនីស្ត​ចិន លោក ហ៊ុន សែន តែង​សរសើរ​ចិន និង​វាយប្រហារ​ប្រទេស​សេរី ជាពិសេស​គឺ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតុន​តែម្តង។ ក្នុង​យុទ្ធនាការ​វាយប្រហារ​អាមេរិក​នេះ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​ផ្តល់​ព័ត៌មាន​ដោយ​លម្អៀង​ដល់​ពលរដ្ឋ និង​បាន​បិទបាំង​ចំណុច​អាក្រក់​របស់​ចិន និង​ប្រទេស​កុម្មុយនីស្ត​ដទៃ​ទៀត ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​របស់​កម្ពុជា។

ថ្មីៗ​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​លើក​យក​ករណី​អាមេរិក​ដក​ទ័ព​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន និង​ការ​ដួល​រលំ​នៃ​របប លន់ ណុល មក​ធ្វើជា​មូលដ្ឋាន​នៃ​ការវាយប្រហារ​សហរដ្ឋ​អាមេរិក។ បុរស​ខ្លាំង និង​មន្ត្រី​របស់​លោក បាន​ឃោសនា​កុំ​ឱ្យ​ខ្មែរ​ជឿ​លើ​សហរដ្ឋ​អាមេរិក ដោយ​ថា​អាមេរិក​តែងតែ​បោះបង់​ដៃគូ​ចោល ដូចជា​ការ​បោះបង់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​នា​ពេលនេះ និង​រដ្ឋាភិបាល លន់ ណុល ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០ ជាដើម។

ប៉ុន្តែ​លោក ហ៊ុន សែន មិន​បាន​និយាយ​អំពី​ប្រទេស​សូវៀត ដែល​បោះបង់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុង​សម័យ​អាណានិគម​វៀតណាម នា​ចុង​ទសវត្ស​ឆ្នាំ​១៩៨០ និង​បោះបង់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​មួយ​ក្នុង​ឆ្នាំ​១៩៨៩ នោះ​ទេ។

ជាង​នេះ​ទៅទៀត លោក ហ៊ុន សែន ក៏​មិន​ដែល​និយាយ​អំពី​ប្រទេស​ចិន ដែល​បោះបង់​ក្រុម​ខ្មែរក្រហម​ចោល​នា​ចុង​ទសវត្ស​ឆ្នាំ​១៩៩០ និង​បោះបង់​រដ្ឋាភិបាល​លោក ហ្គាដាហ្វី នៃ​ប្រទេស​លីប៊ី ក្នុង​ឆ្នាំ​២០១១ នោះ​ដែរ។ ដោយសារតែ​ការ​បោះបង់​ចោល​ភ្លាមៗ​ដោយ​ប្រទេស​ចិន នេះ​ហើយ ដែល​នាំ​ឲ្យ ប៉ុល ពត និង ហ្គាដាហ្វី ស្លាប់​ស្ទើរតែ​គ្មាន​ដី​កប់។

ស្រដៀង​គ្នា​នេះ​ដែរ លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក តែងតែ​ឃោសនា​អំពី​បញ្ហា​វិនាសកម្ម និង​ការ​បាត់បង់​ជីវិត​របស់​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​ដែល​បណ្តាល​មកពី​ការ​ទម្លាក់​គ្រាប់បែក​របស់​រដ្ឋាភិបាល​លោក លន់ ណុល ក្រោម​ការ​គាំទ្រ​ពី​អាមេរិក។

តែ​លោក ហ៊ុន សែន មិន​ដែល​និយាយ​អំពី​មូលហេតុ​នៃ​ការ​ទម្លាក់​គ្រាប់បែក​នោះ​ទេ ហើយ​ក៏​មិន​ដែល​និយាយ​អំពី​ការ​គាំទ្រ​របស់​ប្រទេស​ចិន ចំពោះ​របប​ខ្មែរក្រហម​ដែល​សម្លាប់​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ពីរ​លាន​នាក់​យ៉ាង​រង្គាល​នា​ចុង​ទសវត្ស​ឆ្នាំ​១៩៧០ និង​ការ​បង្ក​សោកនាដកម្ម​ផ្សេងៗ​ទៀត​ឡើយ។

ដោយ​ផ្អែកលើ​ឯកសារ​ប្រវត្តិសាស្ត្រ​នេះ រដ្ឋាភិបាល​លោក លន់ ណុល បាន​ធ្វើ​សង្គ្រាម​នៅ​ពេល​នោះ គឺ​ដើម្បី​ទប់ស្កាត់​ការ​ចូល​លុកលុយ​ក្នុង​ប្រទេស​កម្ពុជា​ពី​កងទ័ព​កុម្មុយនីស្ត​វៀតណាម​ខាងជើង និង​ដើម្បី​ទប់ស្កាត់​របប​កុម្មុយនីស្ត​ឃោរឃៅ​ខ្មែរក្រហម ដែល​មាន​ការ​ចូលរួម​ពី​លោក ហ៊ុន សែន និង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន​ទៀត​ផង​ដែរ​នា​ពេល​នោះ។

ក្រៅតែ​ពី​ការ​បំភាន់​ពលរដ្ឋ​ខ្មែរ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​សព្វថ្ងៃ​ក៏​តែងតែ​លើក​រឿង​បំណុល​ដែល​កម្ពុជា​ជំពាក់​អាមេរិក​តាំងពី​សម័យ​រដ្ឋាភិបាល​លោក លន់ ណុល មក​ឃោសនា​ផង​ដែរ។ លោក ហ៊ុន សែន តែង​ទាមទារ​ឱ្យ​អាមេរិក​លុប​បំណុល​នោះ​ចោល ដោយ​សំអាង​ថា​នោះ​ជា​បំណុល​ឈាម ព្រោះ​រដ្ឋាភិបាល លន់ ណុល ខ្ចី​លុយ​ពេល​នោះ​គឺ​ដើម្បី​ទិញ​អាវុធ និង​គ្រាប់រំសេវ​មក​ធ្វើ​សង្គ្រាម។

ប៉ុន្តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន កម្រ​និយាយ​អំពី​បំណុល​ដែល​រដ្ឋាភិបាល​របស់​លោក​ក្នុង​សម័យ​រដ្ឋ​កម្ពុជា បាន​ខ្ចី​ពី​ប្រទេស​រុស្ស៊ី យក​មក​ធ្វើ​សង្គ្រាម​ជាមួយ​ខ្មែរ​គ្នាឯង​ក្នុង​ទសវត្ស​ឆ្នាំ​១៩៨០ នោះ​ណាស់ ហើយ​ក៏​មិន​ដែល​ចាត់ទុក​បំណុល​នោះ​ថា​ជា​បំណុល​ឈាម​ឡើយ។

បើ​យោង​តាម​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន គឺ Fresh News បាន​ចុះផ្សាយ​នា​ពាក់កណ្តាល​ឆ្នាំ​២០២១ នេះ​ថា បំណុល​ដែល​កម្ពុជា​ជំពាក់​អាមេរិក​តាំង​សម័យ​រដ្ឋាភិបាល​លោក លន់ ណុល មក​នោះ​បាន​កើន​ដល់​ចំនួន ៧០០​លាន​ដុល្លារ​អាមេរិក​ហើយ។

ដូច​គ្នា​នេះ​ដែរ សារព័ត៌មាន RBTH របស់​ប្រទេស​រុស្ស៊ី បាន​ចុះផ្សាយ​កាលពី​ខែ​មករា ឆ្នាំ​២០១៧ ថា បំណុល​ដែល​កម្ពុជា​ជំពាក់​ប្រទេស​រុស្ស៊ី តាំង​សម័យ​សង្គ្រាម​ស៊ីវិល​ក្នុង​ទសវត្ស​ឆ្នាំ​១៩៨០ នោះ មាន​ចំនួន ១៥០០​លាន​ដុល្លារ​អាមេរិក។ ដូច្នេះ​បំណុល​ដែល​ក្រុម​របស់​លោក ហ៊ុន សែន ជំពាក់​ប្រទេស​រុស្ស៊ី គឺ​មាន​ទំហំ​ធំ​ជាង​បំណុល​របស់​លោក លន់ ណុល ដែល​ជំពាក់​អាមេរិក​ដល់​ទៅ​ជាង​ពីរ​ដង​ឯណោះ ហើយ​បំណុល​ទាំង​ពីរ​នេះ​សុទ្ធតែ​ត្រូវ​បាន​ខ្ចី​ដោយ​ប្រទេស​កម្ពុជា ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​ដូច​គ្នា។

ផ្អែកលើ​អ្វី​ដែល​បាន​លើកឡើង​ទាំងនេះ គេ​អាច​មើល​ឃើញ​ច្បាស់​អំពី​ចេតនា​មិន​ល្អ​របស់​លោក ហ៊ុន សែន ចំពោះ​ប្រទេស​លោកសេរី​តែម្តង។ ដូច្នេះ​មានន័យ​ថា លោក ហ៊ុន សែន កំពុងតែ​ជំរុញ​ឲ្យ​ពលរដ្ឋ​ស្អប់​ប្រទេស​លោកសេរី ឬ​របប​ប្រជាធិបតេយ្យ​សេរី ដោយ​ទទួល​យក​ប្រទេស​កុម្មុយនីស្ត ដូចជា​ចិន ជាដើម ឬ​របប​កុម្មុយនីស្ត​ផ្ដាច់ការ​ដូច​អ្វី​ដែល​លោក ហ៊ុន សែន កំពុង​ធ្វើ និង​ព្យាយាម​បន្ត។

តែ​ទោះជាយ៉ាងណាក៏ដោយ ក៏​គេ​នៅ​តែ​ចោទ​ជា​សំណួរ​ថា តើ​លោក ហ៊ុន សែន ពិតជា​ត្រូវការ​ប្រទេស​កុម្មុយនីស្ត​ជាង​ប្រទេស​លោកសេរី​មែន​ដែរ​ឬ​ទេ?

បើ​គេ​ពិនិត្យ​មើល​តួលេខ​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៩ គេ​សង្កេត​ឃើញ​សហរដ្ឋ​អាមេរិក ជប៉ុន និង​អាល្លឺម៉ង់ គឺជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​ការ​នាំ​ទំនិញ​ចេញ​របស់​កម្ពុជា។ ផ្ទុយទៅវិញ កម្ពុជា​ទទួល​ការ​នាំ​ទំនិញ​ចូល​ច្រើន​ជាង​គេ​ពី​ប្រទេស​ចំនួន​បី​ផ្សេង​ទៅវិញ គឺ​ប្រទេស​ចិន ថៃ និង​វៀតណាម។ ប៉ុន្តែ​ដើម្បី​ងាយ​យល់ គេ​អាច​ធ្វើការ​ប្រៀបធៀប​ជញ្ជីង​ពាណិជ្ជកម្ម​នៃ​ការ​នាំចេញ និង​នាំចូល​របស់​ប្រទេស​កម្ពុជា​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន។

របាយការណ៍​របស់​ធនាគារ​ពិភពលោក (World Bank) រដ្ឋាភិបាល​អាមេរិក និង​ប្រភព​មួយ​ចំនួន​ទៀត​សម្រាប់​តួលេខ​ក្នុង​ឆ្នាំ​២០១៩ បាន​បង្ហាញ​ថា កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​លក់​នៅ​សហរដ្ឋ​អាមេរិក​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៥៤០០​លាន​ដុល្លារ​អាមេរិក និង​នាំចូល​ទំនិញ​ពី​ប្រទេស​នេះ​វិញ​ប្រមាណ ៦០០​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

ផ្ទុយទៅវិញ ក្នុង​ឆ្នាំ​ដដែល​នោះ កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​លក់​នៅ​ប្រទេស​ចិន ដែល​ជា​មិត្ត​ដែកថែប​របស់​លោក ហ៊ុន សែន មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ១០១២​លាន​ដុល្លារ​អាមេរិក ហើយ​នាំចូល​ទំនិញ​ពី​ចិន មក​លក់​ក្នុង​ប្រទេស​កម្ពុជា​វិញ​មាន​ចំនួន​ប្រមាណ ៧៥៨៦​លាន​ដុល្លារ​អាមេរិក។

ដូច្នេះ​ដើម្បី​ងាយស្រួល​ស្តាប់ គេ​អាច​និយាយ​ម្យ៉ាង​ទៀត​ថា កម្ពុជា​ចំណេញ​ប្រមាណ ៤៨០០​លាន​ដុល្លារ​អាមេរិក​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក និង​ខាត ៦៥៧៤​លាន​ដុល្លារ​អាមេរិក​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន។ ដោយសារតែ​ក្រុមហ៊ុន​ភាគច្រើន​ក្នុង​ប្រទេស​កម្ពុជា​សុទ្ធតែ​គ្រប់គ្រង​ដោយ ឬ​មាន​ភាគហ៊ុន​របស់​គ្រួសារ​ត្រកូល ហ៊ុន ដូច្នេះ​ទីផ្សារ​នៃ​ប្រទេស​សេរី គឺ​ពិតជា​មាន​ផលប្រយោជន៍​សម្រាប់​ក្រុម​គ្រួសារ​របស់​លោក។

ប៉ុន្តែ​បើ​គេ​ពិនិត្យ​មើល​លើ​ការ​ចំណាយ​សាធារណៈ​របស់​រដ្ឋាភិបាល​វិញ មួយ​ភាគធំ​នៃ​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​របស់​លោក ហ៊ុន សែន គឺ​ពឹងផ្អែក​លើ​បរទេស ជាពិសេស​លុយ​កម្ចី​បរទេស។ សារព័ត៌មាន Asia Times បាន​ផ្សាយ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ថា បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស​មាន​ចំនួន ៩៦០០​លាន​ដុល្លារ​អាមេរិក ហើយ​ក្នុង​នោះ​ចិន ជា​ម្ចាស់​បំណុល​ទ្វេភាគី​ធំ​ជាងគេ​ដែល​មាន​ចំនួន​ទឹកប្រាក់​ប្រមាណ ៣៩០០​លាន​ដុល្លារ​អាមេរិក។

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន Phnom Post ក្នុង​ខែ​កញ្ញា នេះ កម្ពុជា​បាន​សង​បំណុល​រហូត​ដល់​ចំនួន​ជាង ២​ពាន់​លាន​ដុល្លារ​ទៅ​ដល់​ប្រទេស​ចិន ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​ធនាគារ​ពិភពលោក ដែល​បាន​ទទួល​ចំណែក​ធំ​ជាងគេ។ បើ​យោង​តាម​របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី អត្រា​ការប្រាក់​នៃ​បំណុល​របស់​កម្ពុជា​ជា​មធ្យម គឺ ១,៣​ដុល្លារ​អាមេរិក។

ដោយ​ផ្អែកលើ​តួលេខ​បំណុល​នេះ គេ​អាច​យល់ថា ប្រទេស​ចិន​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​នយោបាយ​នៃ​ប្រទេស​កម្ពុជា ព្រោះ​ជា​ប្រទេស​ម្ចាស់​បំណុល​ធំ​ជាងគេ។ តែ​បើ​គេ​និយាយ​អំពី​ផលប្រយោជន៍​សេដ្ឋកិច្ច​វិញ ចិន​ក៏​ជា​ប្រទេស​ដែល​ទទួល​បាន​ផល​យោជន៍​ពី​កម្ពុជា​ច្រើន​ជាងគេ​ដែរ​តាមរយៈ​អត្រា​ការប្រាក់​នៃ​បំណុល និង​ការ​នាំ​ទំនិញ​ចិន​ចូល​ក្នុង​ទីផ្សារ​ខ្មែរ។

ប៉ុន្តែ​គេ​អាច​ឆ្ងល់​បាន​ថា ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន ខ្ចី​លុយ​ពី​ប្រទេស​ចិន ច្រើន​ជាង​ប្រទេស​លោកសេរី?

តាមពិត លោក ហ៊ុន សែន ធ្លាប់​បាន​ផ្តល់​ចម្លើយ​ចំពោះ​សំណួរ​បែប​នេះ​រួច​មក​ហើយ។ ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​លើកឡើង​ថា បំណុល​ចិន គឺជា​អន្ទាក់​នោះ លោក ហ៊ុន សែន បាន​អះអាង​ថា ជំនួយ​ចិន​មាន​ភាព​ងាយស្រួល​ជាង​ជំនួយ​ផ្សេង​ដែល​ភ្ជាប់​លក្ខខណ្ឌ​សិទ្ធិមនុស្ស​ស្មុគស្មាញ។

លោក ហ៊ុន សែន និយាយ​បែប​នេះ គឺ​សំដៅ​ដល់​ជំនួយ​មកពី​បណ្តា​ប្រទេស​លោកសេរី។ ជា​ការពិត លុយ​កម្ចី​ពី​ចិន គឺ​ងាយស្រួល​មែន​សម្រាប់​លោក ហ៊ុន សែន ប្រព្រឹត្ត​អំពើពុករលួយ និង​អនុវត្ត​អំណាច​ផ្ដាច់ការ​ជិះជាន់​ពលរដ្ឋ​ខ្មែរ​ស្រេច​តែ​ទំនើង​ចិត្ត។ ផ្ទុយទៅវិញ លុយ​របស់​ប្រទេស​លោកសេរី គឺ​សំដៅ​ពង្រឹង​អំណាច​ពលរដ្ឋ​តាមរយៈ​ការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។

សារព័ត៌មាន NIKKEI Asia បាន​ផ្សាយ​កាលពី​ខែ​សីហា ឆ្នាំ​២០១៨ ថា កម្ពុជា​បាន​ទទួល​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​ចំនួន​ជាង ២០​ពាន់​លាន​ដុល្លារ ចាប់តាំង​ពី​ដើម​ទសវត្ស​ឆ្នាំ​១៩៩០ មក ដើម្បី​កសាង​សង្គម​ប្រជាធិបតេយ្យ​មួយ​បន្ទាប់ពី​បញ្ចប់​សង្គ្រាម​ស៊ីវិល។

ដោយ​ផ្អែកលើ​តួលេខ​នេះ ជំនួយ​សម្រាប់​អត្ថប្រយោជន៍​ប្រជាធិបតេយ្យ​នេះ គឺ​មាន​ទំហំ​ធំ​ជាង​បំណុល​របស់​កម្ពុជា​បច្ចុប្បន្ន​ដល់​ទៅ​ជាង​ពីរ​ដង។ ប៉ុន្តែ​លទ្ធផល​នៃ​ដំណើរការ​កសាង​ប្រជាធិបតេយ្យ​ដើម្បី​កម្ពុជា​ក្លាយ​ជា​សង្គម​ស៊ីវិល័យ​ទំនើប​ដូច​បណ្តា​ប្រទេស​សេរី​ដទៃ​ទៀត​នោះ ត្រូវ​បាន​បំផ្លាញ​ដោយ​លោក ហ៊ុន សែន ជាពិសេស​គឺ​ការ​ចាប់​ខ្លួន​លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នា​ចុង​ឆ្នាំ​២០១៧។

ដូច្នេះ គេ​អាច​អាច​ធ្វើការ​សន្និដ្ឋាន​ជា​រួម​មួយ​ថា លោក ហ៊ុន សែន ជ្រើសរើស​យក​ប្រទេស​សេរី​សម្រាប់​ជីវិត​ស៊ីវិល័យ​របស់​ក្រុម​គ្រួសារ និង​សាច់ញាតិ​របស់​លោក ប៉ុន្តែ​ជ្រើសរើស​យក​ប្រទេស​ចិន​សម្រាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រោម​របប​ផ្ដាច់ការ និង​ក្នុង​ភាព​ក្រីក្រ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស