ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់​រក​ឃើញ​មេដឹកនាំ​ថ្មី​ក្នុង​ការ​បោះឆ្នោត​សភា​ថ្ងៃ​ទី​២៦ កញ្ញា

By ឌឹ ខេមបូឌា ដេលី

September 28, 2021

លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​សភា​នៃ​សហព័ន្ធ​អាល្លឺម៉ង់ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា គណបក្ស​សង្គម​ប្រជាធិបតេយ្យ (SPD) គឺជា​អ្នក​ដែល​ទទួល​បាន​អាសនៈ​ច្រើន​ជាង​គេ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC នៅ​ថ្ងៃ​ចន្ទ ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២១។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រុមប្រឹក្សា​បោះឆ្នោត​របស់​អាល្លឺម៉ង់ គណបក្ស​សង្គម​ប្រជាធិបតេយ្យ​ទទួល​បាន​ជ័យជម្នះ​ពិតមែន តែ​សំឡេង​ឆ្នោត​លើ​គ្នា​តែ​បន្តិច​ប៉ុណ្ណោះ​លើ​គណបក្ស​អភិរក្ស​និយម (CDU/CSU) របស់​អធិការបតី អ្នកស្រី Angela Merkel ក្នុង​ការ​បោះឆ្នោត​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២១។

តាម​លទ្ធផល​ផ្លូវការ គណបក្ស SPD ឈ្នះ​បាន​សំឡេង​គាំទ្រ ២៥,៧% បន្ទាប់​មក​គណបក្ស CDU/CSU ទទួល​បាន ២៤,១%។ ចំណែក​គណបក្ស​បៃតង ទទួល​បាន ១៤,៨% សម្រាប់​រដ្ឋសភា​អាល្លឺម៉ង់ ដែល​មាន ៧៣៥​អាសនៈ។

តាម​ក្រុមប្រឹក្សា​អ្នក​បោះឆ្នោត​មាន​គណបក្ស​នយោបាយ​ចំនួន ៧​បក្ស​ដែល​បាន​ដណ្ដើម​អាសនៈ​ក្នុង​ការ​បោះឆ្នោត​សភា​អាណត្ត​ថ្មី​នេះ ក្នុង​នោះ៖

  1. គណបក្ស SPD កាន់កាប់​អាសនៈ ២០៦
  2. គណបក្ស CDU/CSU បាន ១៩៦​អាសនៈ
  3. គណបក្ស​បៃតង បាន ១១៨​អាសនៈ
  4. គណបក្ស FDP បាន ៩២​អាសនៈ
  5. គណបក្ស AFD បាន ៨៣​អាសនៈ
  6. គណបក្ស Linke បាន ៣៩​អាសនៈ
  7. និង​គណបក្ស SSW បាន​តែ​មួយ​អាសនៈ​ប៉ុណ្ណោះ។

មេដឹកនាំ​គណបក្ស​សង្គម​ប្រជាធិបតេយ្យ (SPD) លោក Olaf Scholz ដែល​ជា​បេក្ខជន​អធិការបតី ត្រូវ​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​អធិការបតី​អាល្លឺម៉ង់​ជំនួស​អ្នកស្រី Angela Merkel ដែល​សុំ​មិន​ឈរ​ឈ្មោះ​ជា​បេក្ខជន​សម្រាប់​អាណត្ត​ថ្មី​នេះ​ទៀត​ឡើយ តែ​បក្ស​របស់​អ្នកស្រី​ជា​បក្ស​ធំ​ទី​២ នៅ​ក្នុង​រដ្ឋសភា។ លោក Olaf Scholz ប្រកាស​ថា សម្ពន្ធភាព​ក្នុង​រដ្ឋាភិបាល​របស់​លោក​មាន​បី​គណបក្ស គឺ​អាច​មាន​បក្ស​បៃតង និង​អ្នក​សេរី​និយម liberals និង​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​របស់​លោក។

ការ​បោះឆ្នោត​នេះ គឺ​បិទ​បញ្ចប់​សម័យកាល​កាន់​អំណាច ១៦​ឆ្នាំ​របស់​អ្នកស្រី Angela Merkel ដែល​សម្រេច​មិន​ឈរ​ឈ្មោះ​ជា​អធិការបតី​ក្នុង​ការ​បោះឆ្នោត​លើក​នេះ។ អ្នកស្រី​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​មេដឹកនាំ​កាន់​អំណាច​បាន​យូរ​បំផុត​មួយ​នៅ​អឺរ៉ុប។

សម្រាប់​អ្នកស្រី Merkel មិន​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​ថ្មី គឺជា​លើក​ទី​មួយ​ហើយ​នៃ​សហព័ន្ធ​អាល្លឺម៉ង់ ចាប់តាំង​ពី​ឆ្នាំ​១៩៤៩។ ការ​បោះឆ្នោត​សភា​អាល្លឺម៉ង់ តាម​ទម្លាប់​គឺជា​ការ​ប្រកួតប្រជែង​រវាង​បក្ស​ធំ​ពីរ គឺ​បក្ស​គ្រិស្ត​សាសនិក​ប្រជាធិបតេយ្យ CDU-CSU ជា​បក្ស​កំពុង​កាន់​អំណាច និង​គណបក្ស​សង្គម​ប្រជាធិបតេយ្យ SPD។

មាន​ការ​កត់សម្គាល់​ថា វិបត្តិ​អាកាសធាតុ​ជា​កង្វល់​របស់​អាល្លឺម៉ង់​ជាង​ពេល​ណា​ទាំងអស់ ដោយ​បាន​លើក​កម្លាំង​ឱ្យ​គណបក្ស​បៃតង​ឡើង​ប្រជាប្រិយភាព​ក្លាយ​ជា​បក្ស​ធំ​ទី​បី​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ។

រហូត​មក​ទល់​ពេលនេះ ពុំ​ទាន់​អាច​មាន​ការ​ព្យាករ​ថា រដ្ឋាភិបាល​ចម្រុះ​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​ឈ្នះ​ដឹកនាំ​ដោយ​លោក Olaf Scholz នឹង​អាច​កើត​ចេញ​រូបរាង​នៅ​ពេល​ណា​ច្បាស់លាស់​នោះ​ទេ ខណៈ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ គឺ​គណបក្ស CDU របស់​អ្នកស្រី Angela Merkel បាន​ឈ្នះ​ឆ្នោត​ពិត​មែន តែ​បាន​ចំណាយ​ពេល​ដល់​ទៅ ១៧១​ថ្ងៃ​ទើប​អាច​រក​ច្រក​ចេញ​រួច​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ៕