ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យដឹងថា ប្រាក់ឈ្នួលកម្មករនិយោជិតដំឡើងបានតែ ២ដុល្លារប៉ុណ្ណោះនៅឆ្នាំ២០២២ ខាងមុខនេះ ដែលធ្វើឲ្យប្រាក់ឈ្នួលគោលរបស់កម្មករកើនពីចំនួន ១៩២ដុល្លារក្នុងមួយខែនៅឆ្នាំ២០២១ ដល់ ១៩៤ដុល្លារក្នុងមួយខែនៅឆ្នាំ២០២២។
ការប្រកាសប្រាក់ឈ្នួលកម្មករនៅថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានជួបចរចាត្រីភាគីជាលើកទីពីរ ដោយបោះឆ្នោតជ្រើសរើសយកតួលេខចុងក្រោយសម្រាប់ការដំឡើងប្រាក់ឈ្នួលគោលរបស់កម្មករឆ្នាំ២០២២ ខាងមុខនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ឱ្យដឹងថា ការបោះឆ្នោតដំឡើងប្រាក់ឈ្នួលកម្មករនៅថ្ងៃនេះដោយមានសមាជិកជាតំណាងភាគីកម្មករនិយោជិតចំនួន ១៧រូប តំណាងភាគីនិយោជកចំនួន ១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន ១៧រូប។ ចំណែកតួលេខដំឡើងប្រាក់ឈ្នួលកម្មករនៅឆ្នាំ២០២២ ដែលក្រសួងបានដាក់ឱ្យបោះឆ្នោតស្នើនោះមានចំនួន ១៨៨ដុល្លារ ចំនួន ២០៤ដុល្លារ និងចំនួន ១៩២ដុល្លារ។
បើតាមសំឡេងគាំទ្រដែលបានបោះឆ្នោតស្នើច្រើនជាងគេ គឺចំនួន ១៩២ដុល្លារ ដោយមានសំឡេង ៤៥សំឡេងលើ ៥១សំឡេង ប៉ុន្តែលោក ហ៊ុន សែន បានបន្ថែមប្រាក់ ២ដុល្លារទៀត ដូច្នេះចាប់ពីខែមករា ឆ្នាំ២០២២ ទៅ កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន ១៩៤ដុល្លារក្នុងមួយខែ។
កាលពីពេលថ្មីៗនេះ ក្រុមកម្មករបាននាំគ្នាធ្វើយុទ្ធនាការមួយលើបណ្ដាញសង្គម ដើម្បីទាមទារប្រាក់ឈ្នួលចំនួន ២១៤ដុល្លារសម្រាប់ឆ្នាំ២០២២ ខាងមុខនេះ ដោយពួកគាត់អះអាងថា ដើម្បីរស់នៅបានសមរម្យ និងសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
នៅឆ្នាំ២០២១ នេះ រដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតផលស្បែកជើងពី ១៩០ដុល្លារទៅ ១៩២ដុល្លារក្នុងមួយខែ។ បើគិតរួមទាំងអត្ថប្រយោជន៍ផ្សេងៗដែលមានស្រាប់ ជាមធ្យមកម្មករនិយោជិតម្នាក់ៗអាចទទួលបានប្រាក់ចំណូលចន្លោះពី ២៥០ដុល្លារដល់ ៣០០ដុល្លារក្នុងមួយខែ។
របាយការណ៍សិក្សាមួយរបស់សហជីពកម្ពុជា និងយុទ្ធនាការសម្លៀកបំពាក់ស្អាតស្អំ ចេញផ្សាយនៅខែកក្កដា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា កម្មករចំនួនជាង ៧៨ម៉ឺននាក់ (៧៨៤០០០នាក់) ដែលធ្វើការក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងឧស្សាហកម្មស្បែក បានបាត់បង់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ប្រមាណ ១០៩លានដុល្លារក្នុងអំឡុងពេលការផ្ទុះឡើងនៃជំងឺ Covid-19 និងការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញកាលពីខែមេសា និងខែឧសភា កន្លងទៅ៕