29.3 C
Phnom Penh

ជប៉ុន​រក​ឃើញ​អ្នកនយោបាយ​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​ថ្មី​ហើយ គឺ​អតីត​រដ្ឋមន្ត្រី​ការបរទេស Fumio Kishida

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ពិភពលោក​មាន​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ចំពោះ​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ​នៅ​ប្រទេស​ជប៉ុន សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​ដែល​ជា​តួនាទី​សកម្ម និង​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ចំពោះ​នយោបាយ​របស់​រាជាណាចក្រ​នៅ​អាស៊ី​ខាងកើត​មួយ​នេះ។ តែ​នៅ​ពេលនេះ រក​ឃើញ​ហើយ​ឥស្សរជន​នយោបាយ​ម្នាក់​ដែល​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី គឺ​លោក Fumio Kishida។

អ្នកនយោបាយ​អាយុ ៦៤​ឆ្នាំ​រូប​នេះ គឺជា​អតីត​រដ្ឋមន្ត្រី​ការបរទេស។ គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម LDP បាន​សម្រេច​ជ្រើសរើស​លោក Kishida ឱ្យ​ឡើង​កាន់​តំណែង​ប្រធាន​គណបក្ស​កំពុង​កាន់​អំណាច​នេះ ហើយ​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ជំនួស​លោក Yoshihide Suga ដែល​បាន​លាលែង​ពី​តំណែង។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia ការ​បោះឆ្នោត​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​២៩ កញ្ញា នេះ។

លោក Fumio Kishida នឹង​ត្រូវ​រង់ចាំ​ទទួល​ការ​អនុម័ត​ពី​សមាជិក​សភា​របស់​ប្រទេស​ជប៉ុន ជា​មុន​សិន មុន​នឹង​ចូល​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​បន្ត​វេន​ពី​លោក Yoshihide Suga ដែល​បាន​ប្រកាស​លាលែង​ពី​តំណែង​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​នេះ។

លោក Fumio Kishida នឹង​ត្រូវ​ចូល​ខ្លួន​ដើម្បី​សុំ​សេចក្ដី​អនុម័ត​ពី​សភា​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ ទី​៤ ខែ​តុលា សប្ដាហ៍​ក្រោយ​នេះ។

គណបក្ស​ចម្រុះ​ដឹកនាំ​ដោយ LDP មាន​សំឡេង​ភាគច្រើន​ស្រាប់​ហើយ​នៅ​ក្នុង​សភា​ទាំង​ពីរ​ជាន់ គឺ​សភា​ជាន់​ទាប និង​សភា​ជាន់​ខ្ពស់។

មាន​ការ​រំពឹង​ថា ការ​គាំទ្រ​ចំពោះ​លោក Fumio Kishida ឲ្យ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី ត្រូវ​គេ​មើល​ឃើញ​ថា​នឹង​ពុំ​មាន​អ្វី​ជា​ការ​រាំង​ស្ទះ​នោះ​ទេ។

មុន​ការ​ប្រកួត​គ្នា​នេះ គឺ​មាន​បេក្ខជន​ចំនួន ៤​រូប ក្នុង​នោះ​លោក Taro Kono រដ្ឋមន្ត្រី​កែទម្រង់​ប្រឆាំង​ជំងឺ​កូវីដ លោក Fumio Kishida អតីត​រដ្ឋមន្ត្រី​ការបរទេស អ្នកស្រី Sanae Takaichi អតីត​រដ្ឋមន្ត្រី​ទូរគមនាគមន៍ និង​អ្នកស្រី Seiko Noda អគ្គលេខាធិការ​ស្ដីទី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សេរី LDP។

តាម​ការ​ស្ទង់​ដំបូងៗ គឺ​លោក Taro Kono មាន​ភាព​លេចធ្លោ​ជាងគេ​ដែល​រំពឹង​ថា​នឹង​ឈ្នះ​ការ​បោះឆ្នោត។ តែ​បើ​តាម​លទ្ធផល​ជុំ​ផ្ដាច់ព្រ័ត្រ គឺ​លោក Kono ទទួល​បាន ១៧០​សំឡេង ចំណែក​លោក Kishida ទទួល​បាន​សំឡេង​គាំទ្រ ២៥៧​សំឡេង។

លោក Kishida ក្លាយ​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម លើក​ទី​២៧។ លោក​ត្រូវ​ដឹកនាំ​បក្ស​ទៅ​ប្រកួត​បោះឆ្នោត​សកល​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ។

នៅ​ជប៉ុន ការ​លាលែង​ពី​តំណែង​របស់​អ្នកនយោបាយ ក្នុង​នោះ​មាន​ទាំង​នាយករដ្ឋមន្ត្រី គឺជា​រឿង​ធម្មតា។ ការ​ដែល​លោក​នាយករដ្ឋមន្ត្រី Yoshihide Suga លាលែង​ពី​តំណែង​បន្ទាប់ពី​ដឹកនាំ​រដ្ឋាភិបាល​បាន​ត្រឹមតែ ១​ឆ្នាំ​ប៉ុណ្ណោះ ក៏​មិនមែន​ជា​កង្វល់​ថា​ប្រទេស​នេះ​មាន​វិបត្តិ​នយោបាយ​អ្វី​ដែរ។ លោក ស៊ីនហ្សូ អាបេ បាន​លាលែង​ពី​តំណែង​ដោយសារ​បញ្ហា​សុខភាព​ក៏​ជា​រឿង​ធម្មតា​ដែរ។

ជា​ការ​កត់សម្គាល់ គឺ​ក្នុង​រវាង​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០១២ មាន​អ្នក​នយោបាយ​រហូត​ដល់ ៦​រូប​បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បន្តបន្ទាប់​គ្នា គឺ​មាន​អ្នក​លាលែង និង​មាន​អ្នក​ឡើង​កាន់​តំណែង។ ក្នុង​នោះ​មាន​អ្នក​នយោបាយ​ម្នាក់​ដែល​ទើប​តែ​ចូល​កាន់​តំណែង​នាយករដ្ឋមន្ត្រី​បាន​ជាង ២​ខែ​ប៉ុណ្ណោះ ក៏​បាន​លាលែង គឺ Hata Tsutomu។ លោក​ឡើង​កាន់​តំណែង​នេះ​ចាប់ពី​ខែ​មេសា ឆ្នាំ​១៩៩៤ ដល់​ខែ​មិថុនា ឆ្នាំ​១៩៩៤។ តែ​នៅ​អាស៊ី​មាន​តែ​ប្រទេស​ជប៉ុន​មួយ​គត់ ដែល​ដោះដូរ​នាយករដ្ឋមន្ត្រី គឺ​ដូចជា​របស់​មិន​សំខាន់​ឡើយ។

នៅ​បណ្ដា​ប្រទេស​ខ្លះ ទោះ​ជា​មេដឹកនាំ​នោះ​មាន​សុខភាព​ទ្រុឌទ្រោម​ដើរ​សឹង​មិន​រួច ក៏​នៅ​មិនព្រម​លាលែង​ដែរ គឺ​មាន​តែ​ខិតខំ​រក​មធ្យោបាយ​ដើម្បី​បន្ត​កាន់​អំណាច។ មេដឹកនាំ​ខ្លះ​ត្រូវ​បាន​ប្រជាជន​ធ្វើ​បាតុកម្ម​រាប់​ម៉ឺន​សែន​នាក់​ដេញ​ចេញ​ពី​តំណែង ក៏​មិន​ខ្ចី​ចុះ​ដែរ គឺ​ផ្ទុយទៅវិញ​ព្យាយាម​ក្រាញ​អំណាច ហើយ​បញ្ជា​ឱ្យ​កងទ័ព​បាញ់​បង្ក្រាប​បាតុករ​រាប​ដល់​ដី​ស្លាប់​រាប់​សិប​នាក់។ ប្រទេស​ខ្លះ​ប្លន់​អំណាច​ឆៅៗ​តែម្ដង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស