លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តជាង ២០០គ្រឿងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឱ្យម្ចាស់យានយន្ត ដើម្បីប្រកបអាជីវកម្មឡើងវិញ ប៉ុន្តែតម្រូវឱ្យម្ចាស់យានយន្តទាំងអស់បង់ប្រាក់ពិន័យតាមច្បាប់កំណត់ជាមុន។
បទបញ្ជានេះ ធ្វើឡើងក្រោយក្រសួងសាធារណការ និងដឹកជញ្ជូន បានឃាត់ទុកយានយន្តពីឈ្មួញជាច្រើនរយគ្រឿងតាំងពីចុងឆ្នាំ២០២០ មក ដែលត្រូវបានប្រើប្រាស់ល្មើសទៅនឹងច្បាប់ស្ដីពីផ្លូវថ្នល់។
ប្រមុខរដ្ឋាភិបាលកម្ពុជាបានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះថា ដើម្បីស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ជាពិសេសការគាំទ្រដល់ការរស់ឡើងវិញនៃវិស័យឯកជន និងដើម្បីលើកលែងបន្ធូរបន្ថយ ផ្ដល់ឱកាសសាជាថ្មីដល់ម្ចាស់ក្រុមហ៊ុននានា រដ្ឋាភិបាលកម្ពុជាសម្រេចឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តចំនួន ២២៩គ្រឿងទៅម្ចាស់ដើមវិញ ដើម្បីឱ្យពួកគេអាចប្រកបអាជីវកម្មបានដូចធម្មតា។
បុរសខ្លាំងនៅកម្ពុជា ព្រមានថា ថ្វីត្បិតតែរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យមានការដោះលែង និងបន្ធូរបន្ថយលើករណីខុសច្បាប់នៃម្ចាស់យានយន្តទាំងនោះក៏ពិតមែន ប៉ុន្តែម្ចាស់យានយន្ត និងម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងអស់ ត្រូវគោរព និងអនុវត្តតាមច្បាប់ស្ដីពីផ្លូវថ្នល់ឱ្យបានត្រឹមត្រូវជាទីបំផុត ចៀសវាងកើតមានបញ្ហាដដែលនេះម្តងទៀត។
លោក ហ៊ុន សែន បញ្ជាឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវតែបន្តអនុវត្តយ៉ាងតឹងរ៉ឹងចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ដោយច្បាប់ ដោយមិនមានការលើកលែងជាលើកទី២ ជាដាច់ខាត។ ជាងនេះទៀត ក្រសួងត្រូវតែផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀតអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាដល់សាធារណជនទូទៅ ឱ្យបានយល់ដឹងកាន់តែច្បាស់ផងដែរ។
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ថា ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងនឹងអនុវត្តច្បាប់ស្ដីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ដែលបើកបរលើបណ្ដាញផ្លូវថ្នល់ទាំងអស់។
ក្រសួងបញ្ជាក់ថា ក្នុងករណីម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបរយានយន្តធុនធ្ងន់ណាមួយនៅតែដឹកជញ្ជូន ឬផ្ទុកទម្ងន់លើសពី ២០% នៃច្បាប់កំណត់ គឺត្រូវដកហូតប័ណ្ណបើកបរព្យួរទុករយៈពេល ២ឆ្នាំ និងឃាត់យានជំនិះទុករយៈពេល ១ឆ្នាំផងដែរ។
មាត្រា៦០ នៃច្បាប់ស្ដីពីផ្លូវថ្នល់ ចែងថា ក្នុងករណីម្ចាស់យានយន្តត្រូវពិន័យម្តងរួចហើយ ប៉ុន្តែនៅតែបន្តប្រព្រឹត្តល្មើសទៀតនោះ នឹងត្រូវផាកពិន័យអន្តរកាលជាប្រាក់ទ្វេដង ព្រមទាំងបញ្ឈប់អាជីវកម្មរបស់ក្រុមហ៊ុនទាំងនោះចំនួន ១ឆ្នាំថែមទៀត។
របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ បានបង្ហាញថា យានយន្តដឹកជញ្ជូនធុនធ្ងន់ដែលល្មើសច្បាប់ដឹកទំនិញលើសទម្ងន់ចាប់ពី ២០ភាគរយឡើងទៅ មានចំនួនប្រមាណជា ៣០យានយន្ត ដែលត្រូវផាកពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំ។ ដោយឡែកយានយន្តផ្សេងទៀតដែលដឹកជញ្ជូនលើសច្បាប់កំណត់ក្រោម ២០ភាគរយ ត្រូវផាកពិន័យ និងតម្រូវឱ្យរើទំនិញដែលលើសចំនួនកំណត់នោះចេញពីយានយន្តផងដែរ។
ជុំវិញបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍រិះគន់ថា ច្បាប់របស់កម្ពុជានៅមិនទាន់មានវិសាលភាពដូចអំណាចរបស់លោក ហ៊ុន សែន នៅឡើយទេ ព្រោះថាការប្រព្រឹត្តរបស់មនុស្សគ្រប់គ្នាទាំងអស់ គឺអាស្រ័យទៅច្បាប់ជាអ្នកកំណត់ ទើបមានភាពយុត្តិធម៌នៅក្នុងសង្គម ដូច្នេះការលើកលែងលើបទល្មើសទាំងនេះបានបង្ហាញឱ្យឃើញពីការរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរ ហើយក៏ជាចំណុចចាប់ផ្តើមនៃភាពអយុត្តិធម៌ក្នុងសង្គមផងដែរ។
ប្រភពដដែលព្រមានថា នៅពេលដែលលោក ហ៊ុន សែន ធ្វើបែបនេះ គឺជាគំរូអាក្រក់របស់អ្នកដឹកនាំខ្មែរដែលធ្វើឱ្យពលរដ្ឋលែងគោរពច្បាប់ ប៉ុន្តែបែរជានាំគ្នាគោរព និងកោតខ្លាចអ្នកមានអំណាចទៅវិញ ដែលនឹងរុញច្រានឱ្យកម្ពុជាក្លាយជាប្រទេសបាត់បង់នីតិរដ្ឋទៅថ្ងៃអនាគត។
ជុំវិញបញ្ហានេះ សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ដើម្បីបំភ្លឺជុំវិញការបញ្ជាឱ្យដោះលែងយានយន្តល្មើសទាំង ២២៩គ្រឿងនេះបាននៅឡើយទេរហូតមកទល់នឹងម៉ោងផ្សាយនេះ៕