នៅតំបន់អាស៊ីអាគ្នេយ៍នៅរយៈពេលជាង ១០ឆ្នាំមកនេះ ឃើញថាគ្រោះមហន្តរាយធម្មជាតិបានវាយលុកយ៉ាងខ្លាំង គឺប្រទេសទាំង១០ នៃឧបទ្វីបនេះ គ្មានប្រទេសណាមួយជៀសផុតឡើយ។ សម្រាប់ប្រទេសថៃ នៅឆ្នាំ២០២១ នេះ ធ្ងន់ធ្ងរជាខ្លាំង។
រហូតមកទល់ពេលនេះ យ៉ាងហោចណាស់ពលរដ្ឋក្រុងបាងកក ប្រមាណជា ១០លាននាក់ ចាប់ផ្ដើមជិះទូកទៀតហើយឱ្យតែភ្លៀងខ្លាំងធ្លាក់រៀងរាល់ថ្ងៃដូចនេះ។ មិនតែប៉ុណ្ណោះ រាជធានីថៃមួយនេះ បើមិនជន់លិចដោយសារទឹកភ្លៀង ក៏ជន់លិចដោយសារទឹកជំនន់បុកពីខេត្តផងដែរ។ ក្រុងបាងកក បានលិចជារៀងរាល់ឆ្នាំដោយសារទឹកជំនន់ពីទន្លេចៅប្រយ៉ា ហើយម្យ៉ាងទៀតក្រុងបាងកក មានកម្ពស់ជាង ១ម៉ែត្រតែប៉ុណ្ណោះលើនីវូសមុទ្រ គឺពេលណាទឹកទន្លេចៅប្រយ៉ា ឡើងខ្លាំង និងភ្លៀងខ្លាំង គឺលិចក្រុងមួយនេះតែម្ដង។
ពលរដ្ឋថៃ តែងតែនិយាយចំអកថា ឱ្យតែរដូវភ្លៀងមកដល់ ពួកគេត្រូវត្រៀមជិះទូកលើមហាវិថីនាវារបស់ទីក្រុង។
តែយ៉ាងណា អាជ្ញាធរក្រុងបាងកក បានដោះស្រាយចំពោះវិបត្តិនេះដែរ តែពុំអាចធ្វើបានជោគជ័យឡើយ។ ពលរដ្ឋបាននិយាយថា ជម្រើសមានតែសាងសង់ក្រុងថ្មីមួយទៀតប៉ុណ្ណោះ។
ក្រុមអ្នកជំនាញព្រមានថា ចាប់ពីពេលនេះដល់ឆ្នាំ២០៥០ ទីក្រុងបាងកក នឹងលិចដោយសារទឹកសមុទ្រជោរនាច។
រហូតមកដល់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា នេះ មួយភាគធំនៃទីក្រុងបាងកក នៅតែជន់លិចដោយទឹកជំនន់ដែលបង្កដោយទឹកភ្លៀងមូសុង ដោយវាចាប់ផ្ដើមធ្លាក់ខ្លាំងតាំងពីខែកក្កដា មក។
តាមទម្លាប់ រដ្ឋាភិបាលថៃ សម្រេចលះបង់សង្កាត់មួយចំនួនរបស់ទីក្រុង ដោយទុកឲ្យជន់លិចដើម្បីអាចបង្ហូរទឹកទៅកាន់ឈូងសមុទ្រ។ ប៉ុន្តែវាមិនដូចចិត្តនោះទេ ដែលទឹកជំនន់ហូរចេញពីទីក្រុងសំដៅទៅសមុទ្រ ពីព្រោះការហូរនោះវាមានល្បឿនយឺតបំផុត ព្រោះទីក្រុងក៏អាចជន់លិចដោយសារទឹកសមុទ្រផងដែរនៅឆ្នាំ២០៥០។
បើយោងតាមអ្នកជំនាញរបស់ធនាគារពិភពលោក គ្រោះធម្មជាតិទឹកជំនន់ នឹងកើតឡើងជាបន្តបន្ទាប់នៅទីក្រុងបាងកក រហូតដល់ឆ្នាំ២០៥០ ហើយពេលនោះ ទីក្រុងមួយនេះអាចនឹងលិចតែម្ដង។
បន្ទាប់ពីភ្លៀងខ្លាំងៗប៉ុន្មានថ្ងៃមកនេះ ទឹកជំនន់កំពុងវាយប្រហាររាជធានីបាងកកយ៉ាងខ្លាំង។ ផ្លូវជាច្រើនក្នុងទីក្រុង បានលិចមិនអាចធ្វើដំណើរបាន និងធ្វើឲ្យស្ទះចរាចរណ៍ខ្លាំង។ នេះបើយោងតាមសារព័ត៌មាន Bangkok Post។
ប្រឈមនឹងទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះ អាជ្ញាធរថៃ កំពុងព្យាយាមការពារសង្កាត់ជាច្រើនក្នុងក្រុងបាងកក។ មិនថាឡើយនៅទីក្រុងបាងកកមួយនេះទេដែលកំពុងជន់លិចនោះទេ គឺនៅទីក្រុងអយុធ្យា ជាទីក្រុងបុរាណដែលស្ថិតនៅចម្ងាយជិត ៦០គីឡូម៉ែត្រភាគខាងជើងរាជធានីមួយនេះ ក៏កំពុងប្រកាសអាសន្នផងដែរ។
អាជ្ញាធរកំពុងជួយសង្គ្រោះទីក្រុងប្រវត្តិសាស្ត្រមួយនេះយ៉ាងសកម្មបំផុត។ តាមសេចក្ដីរាយការណ៍ ជំនន់ទឹកភ្លៀងបានជន់លិចខេត្តចំនួន៣០ ក្នុងចំណោម ៧៧ខេត្តរបស់រាជាណាចក្រនេះ។
ក្រសួងទប់ស្កាត់គ្រោះមហន្តរាយរបស់ថៃ ឲ្យដឹងថា គ្រោះទឹកជំនន់ដ៏អាក្រក់នេះបង្កឡើងដោយខ្យល់ព្យុះត្រូពិក Dianmu ដែលបានប៉ះពាល់ខ្លាំងជាងគេនៅតំបន់កណ្តាល និងភាគខាងត្បូងនៃប្រទេសថៃ បណ្ដាលឲ្យជន់លិចផ្ទះសម្បែងជាង ៧ម៉ឺនខ្នងនៅទូទាំងប្រទេស និងបណ្ដាលឱ្យមនុស្ស ៦នាក់ស្លាប់ និង ២នាក់បាត់ខ្លួន។
សារព័ត៌មានបាងកកប៉ុស្តិ៍ ឲ្យដឹងថា ស្ថានភាពទឹកជំនន់ក្នុងខេត្តចំនួន៧ បានធូរស្បើយបន្តិចហើយនៅថ្ងៃនេះ។ តែនៅឡើយខេត្តចំនួន២៣ទៀតកំពុងបន្តស្ថិតក្នុងសភាពធ្ងន់ធ្ងរដដែល។ យ៉ាងណា អាជ្ញាធរថៃ បានព្យាកររួចហើយថា ភ្លៀងធ្លាក់យ៉ាងសន្ធប់បន្ថែមទៀត នឹងកើតឡើងនៅតំបន់ភាគឦសាន និងភាគកណ្តាលប្រទេសនៅក្នុងរយៈពេល ៣ថ្ងៃខាងមុខទៀត។
ចាប់តាំងពីថ្ងៃចន្ទ ក្នុងសប្ដាហ៍នេះ អាជ្ញាធរក្រុងបាងកក ចាប់ផ្តើមដាក់របាំង និងបាវខ្សាច់ការពារសង្កាត់មួយចំនួន ដោយដាក់គរត្រួតបាវខ្សាច់នៅតាមមាត់ទន្លេចៅប្រយ៉ា ជាទីដែលកម្ពស់ទឹកវាយលុកចូលក្រុង គឺដើម្បីរំដោះទឹកចេញពីតំបន់ជន់លិចភាគខាងជើងក្រុងបាងកក។
សាលារដ្ឋបាលក្រុងបាងកក បានជូនដំណឹងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ក្រសួងឧតុនិយម បានព្រមានពីភ្លៀងធ្លាក់ដ៏ខ្លាំងនេះមានរហូតដល់ថ្ងៃព្រហស្បតិ៍ នេះ សម្រាប់នៅទីក្រុងបាងកក។
លោក Aswin Kwanmuang បានឱ្យដឹងថា ទឹកបុកចូលក្រុងបាងកក ដោយធ្លាយពីទន្លេចៅប្រយ៉ា គឺ ២៨៧៣ម៉ែត្រគីបក្នុងមួយវិនាទី នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា នេះ។ លោកអភិបាលក្រុងបាងកក សន្យាថា សាលាក្រុងនឹងប្រកាសជូនដំណឹងទៅប្រជាជនភ្លាមៗបើសិនជាឃើញមានសញ្ញាទឹកបុកធ្លាយពីទន្លេចៅប្រយ៉ា ក្នុងទំហំទប់មិនបាន។ តាមអភិបាលក្រុងបាងកក នៅក្នុងដំណាក់កាលនេះ ក្រុងបានត្រៀមរៀបចំជាស្រេចម៉ាស៊ីនបូមទឹក និងបាវខ្សាច់សម្រាប់ទប់ទល់ទឹកជំនន់ទឹកទន្លេ។
អាជ្ញាធរក្រុងបាងកក សង្ឃឹមថានឹងអាចជៀសផុតពីវិបត្តិគ្រោះទឹកជំនន់ដូចដែលទីក្រុងនេះធ្លាប់ជួបប្រទះកាលពី ១០ឆ្នាំមុន។ នៅឆ្នាំ២០១១ ទឹកជំនន់បានជន់លិចទីក្រុងមួយភាគធំ និងបានសម្លាប់មនុស្សជាង ៥០០នាក់នៅទូទាំងប្រទេស។ អ្នកជំនាញថៃ ផ្នែកគ្រោះធម្មជាតិបានហៅឆ្នាំ២០១១ ថាជាឆ្នាំដែលរាជធានីបាងកក ជួបរឿងអាក្រក់ខ្លាំងណាស់ក្នុងរយៈពេល ១០០ឆ្នាំមកនេះ។
តែមិនមែនមានតែទីក្រុងបាងកក មួយនេះទេត្រូវបានអ្នកជំនាញព្រមានថាអាចលិចដោយសារនីវូទឹកសមុទ្រនៅតំបន់អាស៊ីប៉ាស៊ីហ្វិក គឺក្នុងនោះមានក្រុងហ្សាការតា សិង្ហបុរី ហូជីមិញ សៀងហៃ ដាកា តូក្យូ និងកោះម៉ាល់ឌីវ ដែលត្រូវប្រឈមនឹងការជន់លិចក្រោមកម្ពស់ទឹកសមុទ្រកើនឡើងនៅឆ្នាំ២០៥០។
សម្រាប់ទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា ទោះជាមិនទាន់ឃើញមានឈ្មោះក្នុងបញ្ជីហានិភ័យនេះក៏ដោយ តែរាជធានីនៃរាជាណាចក្រមួយនេះតែងតែរងនូវការជន់លិចដោយសារទឹកភ្លៀងរៀងរាល់ឆ្នាំ។ ជន់លិច គឺដោយសារប្រព័ន្ធលូហូរមិនទាន់ និងដោយសារបឹងធម្មជាតិនៅជុំវិញក្រុងដែលជួយរំដោះទឹករបស់ទីក្រុង ត្រូវបានចាក់ដីលុបដើម្បីសំណង់លំនៅឋានថ្មីៗ៕