ក្រុមអ្នកតស៊ូមតិនៅក្រៅស្រុក អះអាងថា ការបង្ហាញទំនាក់ទំនងចំពោះចិនលើកម្ពុជា គ្រាន់តែបង្ហាញឱ្យឃើញថា កម្ពុជាជារដ្ឋមួយដែលស្ថិតក្រោមការមើលថែរបស់ខ្លួនប៉ុណ្ណោះ ប្រៀបដូចជាថៅកែមើលថែបុគ្គលិកដើម្បីរកផលប្រយោជន៍ឱ្យគេដូច្នេះដែរ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ដើម្បីឯករាជ្យលើនយោបាយការទូត កម្ពុជាត្រូវពង្រឹងជំហររបស់ខ្លួនឱ្យខ្លាំង ជាជាងការផ្ញើវាសនាលើមហាអំណាចតទៅទៀត ដើម្បីចៀសវាងពីការគាបសង្កត់ពីមហាយក្សដែលសម្លឹងឃើញតែប្រយោជន៍ពីកម្ពុជា។
លោកអះអាងថា ការពឹងផ្អែកលើមហាអំណាច ជាជាងការធ្វើឱ្យខ្លាំងដោយខ្លួនឯងដូចរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើសព្វថ្ងៃនេះ កម្ពុជានឹងជួបវិបត្តិយ៉ាងច្រើននៅថ្ងៃមុខដោយចៀសមិនរួចនោះទេ ហើយវិបត្តិទាំងនោះនឹងជះឥទ្ធិពលអាក្រក់ដល់ផលប្រយោជន៍របស់ពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរ ដូចជាការសម្បទានធនធានធម្មជាតិរបស់ខ្មែរ និងទ្រព្យសម្បត្តិដ៏មហាសាលដទៃទៀតរបស់កម្ពុជា ហើយដែលមិត្តដែកថែបចិនត្រូវការ។
លោក ម៉ែន ណាត បញ្ជាក់ថា ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសខ្លាំងលើឆាកអន្តរជាតិ កម្ពុជាត្រូវតែមានពលរដ្ឋខ្លាំង ជាប្រទេសដែលមាននីតិរដ្ឋពេញលេញ ការអនុវត្តច្បាប់ត្រឹមត្រូវ និងស្ថាប័នជាតិនីមួយៗរបស់កម្ពុជា គឺជាស្ថាប័នខ្លាំងដែលពោរពេញទៅដោយធនធានមនុស្សពិតប្រាកដ ប៉ុន្តែផ្ទុយទៅវិញ បើខ្លាំងត្រឹមតែលោក ហ៊ុន សែន និងបក្ខពួករបស់គាត់ នោះបង្ហាញថាកម្ពុជានៅតែជាប្រទេសដែលទន់ខ្សោយដដែលប៉ុណ្ណោះ។
នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ក្នុងខួបអនុស្សាវរីយ៍លើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន បានអះអាងក្នុងសុន្ទរកថារបស់ខ្លួនថា ចំណងមិត្តភាពដែកថែបរវាងកម្ពុជា-ចិន បានលើកកម្ពស់ឥតឈប់ឈរក្នុងកិច្ចសហប្រតិបត្តិការ និងក្នុងការជំរុញឱ្យមានការអភិវឌ្ឍរួមគ្នាយូរអង្វែង។
ប្រភពដដែលអះអាងថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរក្នុងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចកសាងសហគមន៍វាសនារួមគ្នារវាងចិន និងកម្ពុជា បានបន្តបោះសន្ទុះទៅកាន់ដំណាក់កាលថ្មីមួយទៀតដែលកាន់តែស៊ីជម្រៅ។
ជុំវិញបញ្ហានេះ ប្រមុខរដ្ឋាភិបាលកម្ពុជាកាលពីដើមខែកញ្ញា ឆ្នាំ២០២១ ធ្លាប់បានអះអាងថា តើមានប្រទេសណាអាចដើរតួនាទីជំនួសចិន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដូចជាការកសាងផ្លូវគមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី និងការកសាងដទៃជាច្រើនទៀតបាននោះ?
លោក ហ៊ុន សែន បញ្ជាក់ថា មហាអំណាចចិន បានជួយឱ្យកម្ពុជាមានឯករាជ្យ ទាំងកិច្ចការនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួន ស្របពេលដែលកម្ពុជាកំពុងរងការគំរាមកំហែងដល់អធិបតេយ្យភាពរបស់ខ្លួនពីការផ្តាច់ជំនួយរបស់ប្រទេសមួយចំនួនសព្វថ្ងៃនេះ។ ប៉ុន្តែករណីនេះ ក៏មានការលើកឡើងបែបអវិជ្ជមានថា នៅពេលនេះកម្ពុជាត្រូវគេមើលឃើញថា គ្រាន់តែជាទីផ្សារសម្រាប់ស្តុកទំនិញឱ្យចិន សម្រាប់នាំចេញទៅបរទេស និងជាកន្លែងកសាងសេដ្ឋកិច្ចឱ្យប្រជាជនចិន ប៉ុណ្ណោះ ក្នុងនោះកម្ពុជាក៏នឹងក្លាយជាទីផ្សារលាងលុយកខ្វក់របស់ឈ្មួញទុច្ចរិតចិនផងដែរ។
ក្រុមអ្នកឃ្លាំមើលសង្គមរិះគន់ថា សម្ពន្ធមិត្តដែកថែបរវាងកម្ពុជា-ចិនសព្វថ្ងៃនេះ ប្រសិនបើកម្ពុជានៅតែជាប្រទេសទន់ខ្សោយទៀតនោះ ច្បាស់ជាប្រឈមនឹងការបាត់បង់ទ្រព្យសម្បត្តិជាតិខ្មែរគ្រប់យ៉ាង រួមទាំងអធិបតេយ្យភាព និងឯកភាពរបស់ខ្លួនថែមទៀតផង។
ប្រភពដដែលអះអាងថា ទំនាក់ទំនងបែបនេះមិនត្រឹមតែធ្វើឱ្យខាតផលប្រយោជន៍ដ៏ធ្ងន់ធ្ងររបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតវិបត្តិសង្គមដ៏ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋខ្មែរថែមទៀត៕