38 C
Phnom Penh

រដ្ឋាភិបាល​សម្រេច​ផ្អាក​ពិធី​បុណ្យ​អុំទូក​នៅ​ឆ្នាំ​នេះ​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ជំងឺ Covid-19

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ប្រកាស​នៅ​ថ្ងៃ​ទី​១១ ខែ​តុលា ថា ពិធី​បុណ្យ​អុំទូក​នៅ​ឆ្នាំ​២០២១ នេះ​ត្រូវ​ផ្អាក​ជា​ថ្មី​ទៀត ដោយសារ​បញ្ហា​ជំងឺ Covid-19 បើ​ទោះបីជា​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ដល់​ពលរដ្ឋ​ច្រើន​ហើយ​ក្ដី។

ក្នុង​ពិធី​ចូល​កាន់​តំណែង​អភិបាល​ខេត្ត​បាត់ដំបង នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១១ តុលា នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ថ្លែង​ថា បញ្ហា​ជំងឺ Covid-19 នៅ​មិន​ទាន់​ដឹង​ថា​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ពេល​ណា​ឡើយ ដែល​ករណី​នេះ​តម្រូវ​ឱ្យ​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​ចេះ​សម្រប​ខ្លួន​រស់នៅ​ជាមួយ​ស្ថានភាព​នេះ ដោយ​អនុវត្ត​តាម​វិធាន​សុខាភិបាល និង​ការ​ណែនាំ​របស់​រដ្ឋាភិបាល​ដើម្បី​ទប់ស្កាត់​រលក​ចម្លង​បន្ត​ទៀត។

តាម​គម្រោង ព្រះរាជ​ពិធី​បុណ្យ​អុំទូក អក​អំបុក និង​សំពះ​ព្រះខែ នៅ​ឆ្នាំ​២០២១ នេះ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ៣​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ខាង​មុខ​នេះ។

កាលពី​ឆ្នាំ​២០២០ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ផ្អាក​ព្រះរាជ​ពិធី​បុណ្យ​អុំទូក អក​អំបុក និង​សំពះ​ព្រះខែ​នៅ​រាជធានី​ភ្នំពេញ​ដែរ ដោយសារ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ Covid-19។

កាលពី​ឆ្នាំ​២០១១ ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣ កម្ពុជា​ក៏​ធ្លាប់​ខកខាន​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​មួយ​នេះ​រយៈពេល ៣​ឆ្នាំ​ជាប់ៗ​គ្នា​ក្រោយពី​មាន​ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​កោះពេជ្រ ដែល​បណ្ដាល​ឱ្យ​មនុស្ស​ជាង ៣៥០​នាក់​ស្លាប់ និង​ដោយសារ​ហេតុផល​គ្រោះ​ទឹកជំនន់ និង​ក្រោយ​ការ​សោយ​ទិវង្គត​របស់​ព្រះ​បរមរតនកោដ្ឋ​ព្រះបាទ នរោត្ដម សីហនុ។

ចំណែក​នៅ​ឆ្នាំ​២០១៤ ពិធី​បុណ្យ​អុំទូក​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើងវិញ ប៉ុន្តែ​ពិធី​នេះ​ក៏​បាន​ខកខាន​ទៅ​ម្ដង​ទៀត​នៅ​ឆ្នាំ​២០១៥ ក្រោម​ហេតុផល​ថា កម្ពស់​ទឹកទន្លេ​រាក់​ពេក​មិន​អាច​អុំ​ទូក​បាន។ រីឯ​ឆ្នាំ​២០២១ នេះ​វិញ គឺ​ដោយសារតែ​ការ​ព្រួយបារម្ភ​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ Covid-19 ដូច​កាល​ឆ្នាំ​២០២០ ដែរ។

ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​ជំងឺ Covid-19 បច្ចុប្បន្ន កម្ពុជា​កំពុង​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​នេះ។ ក្រសួង​សុខាភិបាល និង​ក្រសួង​ការពារ​ជាតិ ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២១ មន្ត្រី​រាជការ ពលរដ្ឋ និង​កងកម្លាំង​ប្រដាប់​អាវុធ​នៅ​ទូទាំង​ប្រទេស បាន​ចាក់​វ៉ាក់សាំង​ការពារ Covid-19 ចំនួន​ជាង ១៣​លាន​នាក់ (១៣ ៤៩២ ៤០៦​នាក់)។

បើ​តាម​ក្រសួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០២១ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ Covid-19 សរុប​ជាង ១១​ម៉ឺន​នាក់ (១១៤ ៥៧១​នាក់) ខណៈ​អ្នកជំងឺ​ព្យាបាល​ជាសះស្បើយ​ចំនួន​ជាង ១០​ម៉ឺន​នាក់ (១០៧ ៣៧៦​នាក់) និង​អ្នក​ស្លាប់​សរុប ២៤៨២​នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស