37 C
Phnom Penh

លោក ស ខេង ជំរុញ​ឱ្យ​មន្ត្រី​និង​កងកម្លាំង​ប្រដាប់​អាវុធ​ខេត្ត​រតនគិរី​ការពារ​ព្រំដែន​ឱ្យ​បាន​ដាច់ខាត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជំរុញ​ឱ្យ​មន្ត្រី​រាជការ​ស៊ីវិល និង​កងកម្លាំង​ប្រដាប់​អាវុធ​ខេត្ត​រតនគិរី ការពារ​ព្រំដែន​ឱ្យ​បាន​ដាច់ខាត​នូវ​បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ​របស់​ខ្លួន ហើយ​ខិតខំ​ថែរក្សា​ការពារ​ព្រៃឈើ ព្រមទាំង​ធនធាន​ធម្មជាតិ​ផ្សេងៗ​ទៀត​ដែល​មាន​ក្នុង​ខេត្ត​ឱ្យ​បាន​ល្អ​ថែម​ទៀត ប៉ុន្តែ​អ្នក​ឃ្លាំមើល​នៅតែ​មាន​ទស្សនៈ​អវិជ្ជមាន​លើ​ការ​ណែនាំ​នេះ។

ការ​អះអាង​របស់​លោក ស ខេង ធ្វើឡើង​ក្នុង​ពិធី​ផ្ទេរ​ភារកិច្ច​អភិបាល​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១២ ខែ​តុលា នេះ ដែល​លោក​បាន​ណែនាំ​ឱ្យ​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ នាំគ្នា​អភិវឌ្ឍ​ព្រំដែន​ឱ្យ​ទៅ​ជា​ព្រំដែន​មាន​ទាំង​សន្តិភាព និង​ការ​រីកចម្រើន​លើ​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន​គ្រប់​ប្រភេទ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

លោក​អះអាង​ថា មន្ត្រី​មូលដ្ឋាន​ទាំងអស់​ត្រូវតែ​ខិតខំ​ប្រមូល និង​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ឱ្យ​បាន​ល្អ និង​បើក​ចិត្ត​ឱ្យ​បាន​ទូលាយ ដើម្បី​ទទួល​យក​មតិ​រិះគន់​កែលំអ​ពី​មជ្ឈដ្ឋាន​នានា និង​ត្រូវ​យកចិត្ត​ទុកដាក់​ផ្ដល់​ភាព​កក់ក្ដៅ​ជូន​ពលរដ្ឋ​ឱ្យ​បាន​ល្អ ផ្ដល់​សេវា​សាធារណៈ​ដោយ​គ្មាន​ការ​រើសអើង និង​មិន​ប្រកាន់​និន្នាការ​នយោបាយ។

ការ​រំឭក​ដាស់តឿន​របស់​លោក ស ខេង ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​ប្រគល់​មុខតំណែង​អភិបាល​ថ្មី​ខេត្ត​រតនគិរី ដើម្បី​ជំរុញ​ឱ្យ​មន្ត្រី​នៃ​ខេត្ត​នេះ​យកចិត្ត​ទុកដាក់​ការពារ​អធិបតេយ្យភាព​របស់​កម្ពុជា និង​ការពារ​ធនធាន​ធម្មជាតិ​ឱ្យ​បាន​គង់វង្ស​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍន៍​ផ្នត់​គំនិត បណ្ឌិត សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១២ តុលា នេះ​ថា ដើម្បី​ធានា​នូវ​ភាព​គង់វង្ស​ធនធាន​ធម្មជាតិ និង​ការពារ​ព្រំដែន​ឱ្យ​បាន​រឹងមាំ រដ្ឋាភិបាល​ត្រូវតែ​បើក​ទូលាយ​សម្រាប់​សកម្មជន​សង្គម​នានា ដូចជា​សកម្មជន​បរិស្ថាន​ជាដើម ឱ្យ​ពួកគេ​អាច​ចុះ​ទៅ​ល្បាត​ធនធាន​ធម្មជាតិ​នៅ​ខេត្ត​នោះ​ដោយ​គ្មាន​ការ​រារាំង ព្រោះថា​បើ​ពឹង​ទៅលើ​មន្ត្រី​មូលដ្ឋាន​តែ​មួយ​ផ្នែក​នោះ គឺ​មិន​មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​ព្រំដែន និង​ធនធាន​ធម្មជាតិ​នោះ​ទេ។

លោក​អះអាង​ថា ខេត្ត​រតនគិរី ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​បី​ផ្សេង​ទៀត​កំពុង​ស្ថិត​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ដែល​កំពុង​រង​ការ​ភ័យ​ព្រួយ​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​រុករក​រ៉ែ ការ​ហូរ​ចូល​ជនជាតិ​វៀតណាម និង​ការ​រំលោភ​ខ្សែបន្ទាត់​ព្រំដែន​ពី​ប្រទេស​ជិតខាង ដូច្នេះ​គ្រាន់តែ​ណែនាំ​ឱ្យ​មន្ត្រី​មូលដ្ឋាន​ការពារ​ធនធាន​ធម្មជាតិ និង​ព្រំដែន​នោះ គឺ​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ មាន​តែ​វិធានការ​ច្បាប់​ប៉ុណ្ណោះ ទើប​អាច​ធានា​នូវ​ការ​ការពារ​ធនធាន​ធម្មជាតិ​ខេត្ត​នេះ​បាន ១០០​ភាគរយ។

បណ្ឌិត សេក សុជាតិ បញ្ជាក់​ថា ដើម្បី​ឱ្យ​មាន​ការ​អភិវឌ្ឍ រដ្ឋាភិបាល​មិន​ត្រឹមតែ​ដោះដូរ​អភិបាល​ខេត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គួរ​ចាប់ផ្តើម​ពី​ការ​បំបាត់​បណ្ដាញ​អំពើពុករលួយ​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​មន្ត្រី​របស់​ខ្លួន​ជា​មុន​សិន។ លោក​បន្ត​ថា ប្រសិនបើ​មិន​អាច​អនុវត្ត​ច្បាប់​បំបាត់​អំពើពុករលួយ​បាន​ទេ ការ​ដាក់​អភិបាល​ខេត្ត​ថ្មី​នេះ​ក៏​មិន​អាច​នាំ​ឲ្យ​ខេត្ត​រីកចម្រើន​បាន​ដែរ ផ្ទុយទៅវិញ​អាច​នឹង​ជួយ​ឲ្យ​មន្ត្រី​ពុករលួយ​មាន​ឱកាស​ប្រមូល​ផលប្រយោជន៍​ពី​តំណែង​របស់​ខ្លួន​បាន​កាន់តែ​ច្រើន​ទៅវិញ​ប៉ុណ្ណោះ។

ខេត្ត​រតនគិរី ជា​ខេត្ត​ដែល​ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា មាន​ផ្ទៃដី​សរុប​ជាង ១០៤០០​គីឡូម៉ែត្រ​ក្រឡា ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ខេត្ត​កន្ទូម និង​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម ប្រវែង ២១០​គីឡូម៉ែត្រ និង​ជាប់​ខេត្ត​អត្តពឺ នៃ​ប្រទេស​ឡាវ ប្រវែង ១៦៥​គីឡូម៉ែត្រ​ផង​ដែរ។ បច្ចុប្បន្ន ខេត្ត​រតនគិរី មាន​ច្រក​ទ្វារ​អន្តរជាតិ​តែ​មួយ​ប៉ុណ្ណោះ​នៅ​ជាប់​ជាមួយ​ច្រក​ទ្វារ​អន្តរជាតិ​ឡេថាញ់ ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម គឺ​ច្រក​អូរយ៉ាដាវ ប៉ុន្តែ​ខេត្ត​នេះ​នៅ​មិន​ទាន់​មាន​ច្រក​ផ្លូវការ ឬ​ច្រក​របៀង​ណាមួយ​តភ្ជាប់​ជាមួយ​ប្រទេស​ឡាវ នៅឡើយ​ទេ។

ខេត្ត​ភាគ​ឦសាន​មួយ​នេះ​ជា​ខេត្ត​មួយ​ស្ថិត​ក្នុង​ចំណោម​ខេត្ត ៣​ផ្សេង​ទៀត គឺ​ខេត្ត​ស្ទឹងត្រែង ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ក្រចេះ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​បញ្ចូល​ទៅ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជាមួយ​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ តាំងពី​ឆ្នាំ​១៩៩៩ មក​ម្ល៉េះ។

បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​បាន​នាំគ្នា​សម្ដែង​ការ​ព្រួយបារម្ភ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ចេញពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​ជាបន្ទាន់ ដើម្បី​បញ្ចៀស​ហានិភ័យ​នៃ​ការ​បាត់បង់​ធនធាន​ធម្មជាតិ និង​គ្រោះថ្នាក់​ធ្វើ​ឱ្យ​បាត់បង់​ព្រំដែន​កម្ពុជា​ទៅ​ថ្ងៃ​ក្រោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស