ពលរដ្ឋរាប់រយគ្រួសាររស់នៅស្រុកដងទង់ បានស្នើដល់លោក ម៉ៅ ធនិន ដែលមកទទួលតំណែងថ្មីជាអភិបាលខេត្តកំពត បើកការស៊ើបអង្កេត និងមានវិធានការច្បាប់ចំពោះលោក វ៉ិត វឌ្ឍនា នាយករដ្ឋបាលសាលាខេត្តកំពត និងមន្ត្រីពាក់ព័ន្ធ ដែលបានឃុបឃិតគ្នាលួចលក់អាងស្តុកទឹកដងទង់ទៅឲ្យក្រុមហ៊ុន សេង សម្បត្តិ សម្រាប់សង់ផ្ទះល្វែងលក់ នាំឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រភពទឹកដែលពលរដ្ឋប្រើប្រាស់។
ពលរដ្ឋស្រុកដងទង់ បានចោទលោក វ៉ិត វឌ្ឍនា ថាជាមេខ្លោងលួចធ្វើប្លង់ និងលក់បរិវេណដីអាងទឹកដងទង់ មានទំហំផ្ទៃដីជាង ១២ហិកតារ ក្នុងតម្លៃរាប់លានដុល្លារ ចែកមន្ត្រីជំនាញមន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធដែលត្រូវជាបក្ខពួក។
ក្រុមប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យផល និងប្រើប្រាស់ប្រភពទឹកពីអាងស្តុកទឹកដងទង់ បានស្នើអភិបាលខេត្តកំពត លោក ម៉ៅ ធនិន ដែលទើបតែឡើងកាន់តំណែងថ្មីដែលល្បីរកយុត្តិធម៌ឲ្យពលរដ្ឋ មានវិធានការច្បាប់ឲ្យមានប្រសិទ្ធភាពទៅលើក្រុមលោក វ៉ិត វឌ្ឍនា នាយករដ្ឋបាលខេត្តកំពត លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹក លោក ដាញ់ សារី ប្រធានមន្ទីរសុរិយោដី និងលោក ប៉ិល កុសល អភិបាលរងខេត្តកំពត ដែលបានឃុបឃិតគ្នាលួចធ្វើប្លង់លក់អាងទឹកដងទង់ទៅឲ្យក្រុមហ៊ុន សេង សម្បត្តិ ស្ងាត់ៗ។
ឆ្លើយតបបញ្ហានេះ លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពត បានប្រាប់កាសែតក្នុងស្រុកថា ដើមឡើយអាងទឹកដងទង់នេះជាដីស្រែធម្មតា ប៉ុន្តែនៅឆ្នាំ១៩៨៥ ពលរដ្ឋបានជីកដើម្បីធ្វើជារនាំងការពារសង្គ្រាម។
ប្រភពដដែលបញ្ជាក់ថា ក្រោយការស្នើសុំរបស់ពលរដ្ឋ រដ្ឋបាលស្រុកដងទង់ បានបែងចែកដីក្នុងបរិវេណអាងទឹកនេះទៅឲ្យពលរដ្ឋធ្វើជាកម្មសិទ្ធិ និងអាស្រ័យផលរៀងៗខ្លួន។
លោក ចាន់ វណ្ណា បន្តថា ទំនប់ទឹកដងទង់នេះមានបណ្តោយប្រមាណ ៣០០ម៉ែត្រ មិនមែនជាអាងទឹកសម្រាប់ស្រោចស្រពស្រែស្រូវ ឬប្រើប្រាស់នោះទេ។ ជាងនេះទៀត អាងទឹកនេះក៏មិនបានចុះបញ្ជីនៅក្រសួងធនធានទឹកដែរ ពីព្រោះវាមិនមានលក្ខណៈជាប្រព័ន្ធធារាសាស្ត្រ ហើយត្រូវដាក់ជា «ដីគ្មានទិន្នន័យ»។
ទោះជាយ៉ាងណាក៏ដោយ ក្រុមប្រជាពលរដ្ឋអះអាងថា ការបកស្រាយរបស់លោក ចាន់ វណ្ណា បំផ្លើសការពិត និងភូតកុហកក្នុងបំណងគេចពីការស្ដីបន្ទោស ឬគេចពីសំណាញ់ច្បាប់ ដោយហេតុថាអាងទឹកដែលពលរដ្ឋធ្លាប់ប្រើប្រាស់ បែរជាមកបំផ្លើសថាជាដីស្រែទៅវិញនោះ។
ប្រភពពីពលរដ្ឋបានឲ្យដឹងថា ការឃុបឃិតលួចលក់ដីអាងទឹកដងទង់ ទៅឱ្យក្រុមហ៊ុន សេង សម្បត្តិ របស់ក្រុមលោក វ៉ិត វឌ្ឍនា លោក ចាន់ វណ្ណា លោក ដាញ់ សារី និងលោក ប៉ិល កុសល អភិបាលរងខេត្តកំពត គឺបានលួចធ្វើប្លង់កម្មសិទ្ធិគ្របដណ្ដប់លើដីបង្កបង្កើនផលរបស់ប្រជាពលរដ្ឋជិត ៣០គ្រួសារ និងមានវិវាទមិនទាន់ដោះស្រាយចប់នៅឡើយ។ ក្នុងចំណោមនេះ ក៏មានពលរដ្ឋចំនួន ០៤គ្រួសារបានដាក់ពាក្យប្ដឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីឲ្យជួយរកដំណោះស្រាយផងដែរ។
ទោះជាបែបនេះក្តី សារព័ត៌មាន The Cambodia Daily នៅមិនទាន់មានប្រភពទាក់ទងលោក វ៉ិត វឌ្ឍនា នាយករដ្ឋបាលខេត្តកំពត ក៏ដូចជាលោក សេង សម្បត្តិ ប្រធានក្រុមហ៊ុន សេង សម្បត្តិ និងមន្ត្រីពាក់ព័ន្ធ ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់របស់ពលរដ្ឋពីការឃុបឃិតលួចលក់អាងទឹកដងទង់ខាងលើនេះបានទេនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។ ខណៈលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលទើបមកទទួលតំណែងថ្មី ក៏មិនទាន់អាចទាក់ទងបាន។
យ៉ាងនេះក្តី លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់កាសែតក្នុងស្រុក ដោយចាត់ទុកក្រុមមន្ត្រីមួយចំនួនដែលបានឃុបឃិតគ្នាធ្វើប្លង់លក់អាងទឹកដងទង់មានទីតាំងនៅឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ថាជាប្រភេទមន្ត្រីគ្រាប់ល្ពៅ និងជាមន្ត្រីបំផ្លាញជាតិ។ ករណីនេះ លោកស្នើដល់មន្ត្រីក្រសួងស្ថាប័នជំនាញ ត្រូវបើកការស៊ើបអង្កេត ដើម្បីនាំខ្លួនជនពុករលួយដែលបំផ្លាញធនធានធម្មជាតិទាំងនោះយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕