រដ្ឋលេខាធិការ​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក អ៊ុច បូររិទ្ធ និង​លោក នីកូឡា សេឡាកូវិច (Nicola Selakovic) រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​ស៊ែប៊ី។

នយោបាយ

រដ្ឋាភិបាល​កម្ពុជា​ថា​បញ្ហា​ប្រឈម​ដែល​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​នៅ​តែ​មាន​គឺ​ការ​ប្រជែង​របស់​មហាអំណាច

By ឌឹ ខេមបូឌា ដេលី

October 14, 2021

តំណាង​កម្ពុជា​ក្នុង​វេទិកា​រំឭក​ខួប​លើក​ទី​៦០ នៃ​សន្និសីទ​បណ្តា​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ អះអាង​ថា បញ្ហា​ប្រឈម​ដែល​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​បាន​ជួបប្រទះ​កាលពី ៦០​ឆ្នាំ​មុន នៅតែ​បន្ត​មក​ដល់​បច្ចុប្បន្ន គឺ​ដោយសារតែ​ការ​ប្រកួតប្រជែង​របស់​មហាអំណាច។

រដ្ឋលេខាធិការ​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក អ៊ុច បូររិទ្ធ បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​របស់​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​កាលពី​ថ្ងៃ​អង្គារ ដោយ​ជំរុញ​ឱ្យ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ទាំងអស់ ត្រូវតែ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បរិហារ​នយោបាយ​រើសអើង និង​ការ​បែងចែក​ជាតិ​សាសន៍​ដែល​ប្រឆាំង​នឹង​គោលការណ៍ និង​គោលបំណង​របស់​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ​អះអាង​ពី​ការ​កត់សម្គាល់​របស់​កម្ពុជា​ថា ប្រទេស​សមាជិក​ទាំងអស់​បាន​ឈរ​យ៉ាង​រឹងមាំ​រួម​គ្នា​ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋ​សមាជិក​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ដោយ​ខុសច្បាប់​ជា​ឯកតោ​ភាគី​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ការ​ដាក់​ទណ្ឌកម្ម​ក្រៅ​ប្រព័ន្ធ​សមត្ថកិច្ច​របស់​មហាអំណាច ដែល​ជា​ការ​ជំរុញ​ឱ្យ​បែកខ្ញែក​សណ្ដាប់ធ្នាប់​ពិភពលោក។

ការ​អះអាង​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ក្នុង​វេទិកា​អន្តរជាតិ​នេះ ធ្វើឡើង​ដើម្បី​បង្ហាញ​ជំហរ​របស់​ខ្លួន​ពី​ការ​មិន​ចូល​បក្ស​សម្ព័ន្ធ ស្រប​ពេល​មហាអំណាច​កុម្មុយនីស្ត និង​មហាអំណាច​សេរី កំពុង​ប្រជែង​គ្នា​លើ​ភូមិសាស្ត្រ​នយោបាយ​ដើម្បី​ផលប្រយោជន៍​នៃ​ប្រទេស​ជាតិ​របស់​ពួកគេ​រៀងៗ​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

មន្ត្រី​ជាន់ខ្ពស់​តំណាង​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​សន្និសីទ​លើកដំបូង​របស់​បណ្តា​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ ដែល​រៀបចំ​ឡើង​នៅ​ទីក្រុង​ប៊ែលក្រាត ប្រទេស​ស៊ែប៊ី ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១។

ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៣ តុលា នេះ​ថា កម្ពុជា​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដែល​បញ្ជាក់​ថា ខ្លួន​ជា​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ ប្រសិនបើ​រដ្ឋាភិបាល​អនុវត្ត​ឱ្យ​បាន​ល្អ​តាម​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ត្បិត​ទាំង​មហាអំណាច​លោកសេរី និង​កុម្មុយនីស្ត សុទ្ធសឹងតែ​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នេះ​ក្នុង​ការ​ធានា​ឯកភាព​ឱ្យ​កម្ពុជា។

លោក​រិះគន់​ថា ការ​អនុវត្ត​នយោបាយ​មិន​ចូល​បក្ស​សម្ព័ន្ធ មិនមែន​ត្រឹមតែ​ការ​និយាយ​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង គឺ​រឿង​សំខាន់​ណាស់ ខណៈ​រដ្ឋាភិបាល​ឯក​បក្ស​សព្វថ្ងៃ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​ដឹកនាំ​កម្ពុជា​ទៅ​រក​មហាអំណាច​កុម្មុយនីស្ត​ចិន ជាជាង​ការ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ដែល​កំពុងតែ​ធរមាន​សព្វថ្ងៃ​នេះ។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រដ្ឋាភិបាល​កម្ពុជា​ហាក់​មិន​បាន​ធានា​ឯករាជ្យ​របស់​កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​នោះ​ទេ ព្រោះថា​មេដឹកនាំ​កម្ពុជា​នៅតែ​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង​ខុសច្បាប់​ជាមួយ​មេដឹកនាំ​វៀតណាម​ដដែល បើ​ទោះបីជា​កិច្ចព្រមព្រៀង​ទាំងនោះ​ត្រូវ​អស់​សុពលភាព​ក្រោយ​វត្តមាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ទៅ​ហើយ​ក្តី។ ជាង​នេះ​ទៀត រដ្ឋាភិបាល​ខ្មែរ​ក៏​ត្រូវ​គេ​សង្ស័យ និង​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​ផង​ដែរ​ចំពោះ​ការ​ផ្តល់​ទីតាំង​មូលដ្ឋាន​យោធា​តំបន់​ឆ្នេរ​រាម ដល់​មហាអំណាច​ចិន លើ​ទឹកដី​កម្ពុជា។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ដើម​ខែ​កក្កដា ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​អះអាង​ក្នុង​លិខិត​មួយ​ចំពោះ​ប្រធានាធិបតី​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក ស៊ី ជិនពីង ថា សមិទ្ធផល​រយៈពេល ៧០​ឆ្នាំ​របស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​កសាង​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា អាច​កើតឡើង​បាន​ដោយ​អាស្រ័យ​លើ​ការ​គាំទ្រ​ឥត​ឈប់ឈរ​របស់​ចិន ហើយ​លោក​បាន​ចាត់ទុក​ចិន​ជា​មិត្ត​តែ​មួយ យ៉ាង​ជិតស្និទ្ធ​បំផុត​របស់​កម្ពុជា​ផង​ដែរ។

ជាង​នេះ​ទៀត លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​ទៅកាន់​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​មហាអំណាច​ពិភពលោក​ដទៃ​ទៀត ដូចជា​អាមេរិក ជាដើម កាលពី​ចុង​ខែ​ឧសភា ឆ្នាំ​២០២១ ថា បើ​កម្ពុជា​មិន​បាន​ពឹង​មហាអំណាច​កុម្មុយនីស្ត​ចិន​ទេ កម្ពុជា​ក៏​មិន​មាន​ការ​រីកចម្រើន​ដូច​សព្វថ្ងៃ​នេះ​ដែរ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១២ ខែ​តុលា ថា មេដឹកនាំ​ដែល​កើត​ចេញពី​ការ​ជ្រើសរើស​របស់​ពលរដ្ឋ​តាម​ប្រព័ន្ធ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ មិន​ងាយ​រណប​បរទេស​ណា​ទេ ប៉ុន្តែ​មេដឹកនាំ​ដែល​បរទេស​លើក​បន្តុប ឬ​កើត​ចេញពី​ការ​បោះឆ្នោត​ដោយ​បន្លំ ងាយ​នឹង​រណប​បរទេស និង​ក្បត់​ឆន្ទៈ​ពលរដ្ឋ​ខ្លាំង​ណាស់៕