32 C
Phnom Penh

លោក ស ខេង សោកស្ដាយ​ចំពោះ​មន្ត្រី​មួយ​ចំនួន​ដែល​ប្រើ​អំណាច​រំលោភ​យក​ដី​រដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​អនុប្រធាន​គណបក្ស​កាន់​អំណាច លោក ស ខេង បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​មន្ត្រី​លោភលន់​មួយ​ចំនួន​ដែល​បាន​ប្រើ​អំណាច​របស់​ខ្លួន​ទៅ​រំលោភ​យក​ដី និង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី ដើម្បី​ធ្វើជា​កម្មសិទ្ធិ។

ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​របស់​អភិបាល​ថ្មី​ខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃ​ទី​១២ ខែ​តុលា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ថា បញ្ហា​ប្រឈម​នៅ​ខេត្ត​មណ្ឌលគិរី កន្លងមក និង​បច្ចុប្បន្ន គឺ​ការ​រំលោភ​ដីធ្លី ព្រមទាំង​កាន់កាប់​ធនធាន​ធម្មជាតិ​របស់​រដ្ឋ​នៅ​តំបន់​ការពារ។ លោក​បន្ត​ថា បញ្ហា​នេះ​បើ​មិន​ដោះស្រាយ​ឱ្យ​ទាន់​ពេល​ទេ នឹង​បង្ក​ឱ្យ​មាន​ការ​លំបាក​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​ខាងមុខ​ដល់​ពលរដ្ឋ ហើយ​បង្ក​ភាព​អនាធិបតេយ្យ​ដោយសារ​គ្មាន​ឱកាស​សម្រាប់​ដោះស្រាយ។

លោក ស ខេង ស្នើ​ទៅ​លោក ថង សាវុន ដែល​ជា​អភិបាល​ខេត្ត​មណ្ឌលគិរី ទើប​ឡើង​កាន់​តំណែង​ថ្មី ត្រូវ​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​ក្នុង​ខេត្ត​នេះ​ជូន​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ។

អ្នក​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ព្រៃឈើ​នៃ​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី លោក គ្រើង តុលា គាំទ្រ​ចំពោះ​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។ លោក​បន្ត​ថា ការ​រំលោភ​ដីធ្លី​របស់​ពលរដ្ឋ និង​ដី​រដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី រក​ការ​ដោះស្រាយ​មិនទាន់​បាន​នៅឡើយ​ទេ ដោយសារតែ​អ្នក​ដែល​រំលោភ​យក​ដី​ទាំងនោះ​ជា​អ្នក​មាន​អំណាច​ធំៗ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​តែម្ដង។

លោក គ្រើង តុលា បន្ត​ថា កន្លងមក​ពួកគាត់​សង្ឃឹម​នៅ​លើ​ប្រព័ន្ធ​យុត្តិធម៌ ឬ​តុលាការ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ពួកគាត់​មិន​មាន​ក្ដី​សង្ឃឹម​ទៅលើ​ប្រព័ន្ធ​តុលាការ​ទៀត​ឡើយ ដោយសារ​ពលរដ្ឋ​ដែល​ខិតខំ​ការពារ​ដីធ្លី​របស់​រដ្ឋ បែរជា​ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ទៅវិញ។ លោក​ថា៖ «ចំពោះ​មន្ត្រី​រាជការ​អ្នក​មាន​អំណាច គឺ​ពលរដ្ឋ​ពឹងពាក់​មិន​កើត​ឡើយ ដោយសារ​បក្ខពួក​និយម ប្រសិនបើ​គេ​គិត​ថា​ពលរដ្ឋ​មិនមែន​ជា​គណបក្ស​របស់​ខ្លួន ភាគច្រើន​គឺ​មិន​ដោះស្រាយ​ឡើយ។ ជាក់ស្ដែង​ថ្មីៗ​នេះ បញ្ហា​របស់​ពលរដ្ឋ​ក្រីក្រ​មិន​ត្រូវ​បាន​ដោះស្រាយ ចំណែក​អ្នក​មាន​អន្តរាគមន៍​ទើប​ដោះស្រាយ​លឿន»

លោក គ្រើង តុលា ស្នើ​ទៅ​រដ្ឋាភិបាល និង​មន្ត្រី​ធំៗ​ឈប់​រើសអើង​ប្រជាពលរដ្ឋ ជាពិសេស​ជាតិ​សាសន៍ និង​មិន​ត្រូវ​ប្រកាន់​បក្ខពួក​និយម​ទៀត​ឡើយ និង​ដោះស្រាយ​បញ្ហា​ទៅ​តាម​ច្បាប់​ជា​ធរមាន។

អ្នក​វិភាគ​នយោបាយ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក គឹម សុខ ចាត់ទុក​សារ​សោកស្ដាយ​របស់​លោក ស ខេង បង្ហាញ​នូវ​សមានចិត្ត​របស់​គាត់​ដើម្បី​ប្រាប់​ទៅ​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ប្រទេស​ដោយ​ឥត​លាក់លៀម​ថា ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​បច្ចុប្បន្ន​ក្រោម​អំណាច​ផ្ដាច់មុខ​នៃ​គ្រួសារ​ត្រកូល ហ៊ុន មាន​ភាព​អនាធិបតេយ្យ​អាស្រ័យ​លើ​ឥទ្ធិពល​ខ្សែ​បក្ខពួក មិន​អាច​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ និង​ការពារ​បុព្វហេតុ​ជាតិ​កម្ពុជា​បាន​ទេ។

លើស​ពី​នេះ លោក​កត់សម្គាល់​ថា លោក ស ខេង ហាក់បីដូចជា​សារភាព​នៅ​ចំពោះ​មុខ​ប្រជាជាតិ​ខ្មែរ​ថា ទោះបី​លោក​មាន​ការ​ទទួល​ខុសត្រូវ​លំដាប់​ទី​២ នៃ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​ក៏ដោយ ក៏​គាត់​មិន​អាច​ជួយ​ដោះស្រាយ​វិបត្តិ​បំផ្លាញ​ជាតិ​ខ្មែរ​បច្ចុប្បន្ន​នេះ​បាន​ទេ ហើយ​គ្មាន​នរណា​អាច​ចាត់ការ​ពួក​អ្នក​ប្លន់​ដី​ពលរដ្ឋ និង​រំលោភ​យក​ដី​រដ្ឋ​ក្នុង​ខេត្ត​មណ្ឌលគិរី និង​នៅ​ទូទាំង​ប្រទេស​បាន​ដែរ។

លោក​បន្ត​ថា ការ​មិន​អាច​ចាត់​វិធានការ​បាន ដោយសារតែ​ជនល្មើស​ទាំងនោះ​សុទ្ធតែ​ជ្រក​ក្រោម​ផ្លាក​អំណាច​គ្រួសារ​លោក ហ៊ុន សែន ហើយ​អ្នក​ដែល​មាន​អំណាច​សម្រេច​ថា​ត្រូវ​ចាត់ការ ឬ​អត់ ក៏​ជា​លោក ហ៊ុន សែន។

លោក គឹម សុខ បន្ត​ថា វិបត្តិ​នៃ​ការ​ប្លន់​ដី​ពលរដ្ឋ​ក្រីក្រ និង​រំលោភ​យក​ដី​រដ្ឋ​នេះ មិនមែន ២ ឬ ៣​ករណី ឬ​តិចតួច​នោះ​ទេ ករណី​នេះ​គឺ​ប្រព្រឹត្ត​យ៉ាង​អាក្រក់​ពេញ​ផ្ទៃ​ប្រទេស ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​យំ​ស្ទើរ​គ្រប់​ភូមិ​ឃុំ​នៅ​ទូទាំង​ប្រទេស​ទៅ​ហើយ។ ករណី​នេះ លោក​ថា​វា​ទៅជា​មហន្តរាយ​ជាតិ​ទាំងមូល។

ជាង​នេះ​ទៀត លោក​លើកឡើង​ថា វិបត្តិ​ដីធ្លី​នេះ​អាច​ដោះស្រាយ​បាន មិនមែន​ត្រឹមតែ​ត្រូវការ​កែសម្រួល​ប្រព័ន្ធ​ចាត់ការ​ខ្លះៗ​នៃ​អំណាច​ដឹកនាំ​រដ្ឋ​សព្វថ្ងៃ​នោះ​ទេ គឺ​លុះណាតែ​មាន​ការ​ដូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋ​ទាំងមូល ហើយ​ដាក់​ចេញ​នូវ​យុទ្ធនាការ​ម៉ឺងម៉ាត់​ដោយ​ពួក​មេដឹកនាំ​ដែល​មាន​គោលការណ៍​ប្រជាធិបតេយ្យ​ពលរដ្ឋ​ជា​ធំ​ពិតប្រាកដ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស