32 C
Phnom Penh

គ.ជ.ប៖ ថ្ងៃ​ដំបូង​នៃ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះឈ្មោះ​បោះឆ្នោត​ពុំ​មាន​បញ្ហា​ប្រឈម​ធ្វើ​ឱ្យ​រាំង​ស្ទះ​នោះ​ទេ

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ហៅ​កាត់​ថា គ.ជ.ប បាន​អះអាង​ថា ថ្ងៃ​ដំបូង​ដែល​ខ្លួន​បើក​ឱ្យ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត កាលពី​ថ្ងៃ​អង្គារ ទី​១២ ពុំ​មាន​បញ្ហា​ប្រឈម​ធ្វើ​ឱ្យ​រាំង​ស្ទះ​នោះ​ទេ ខណៈ​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​សុទ្ធតែ​មាន​ទស្សនៈ​ដូច​គ្នា​ពី​សារសំខាន់​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​ពលរដ្ឋ​នៅ​មូលដ្ឋាន​នេះ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១ ថា ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ-សង្កាត់​មាន​រយៈពេល ៥០​ថ្ងៃ ដែល​គិត​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ចែក​ជា​បី​ដំណាក់កាល។ ក្នុង​នោះ ១៥​ថ្ងៃ​ដំបូង​គិត​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១ ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ត្រូវ​បើក​ឱ្យ​ដំណើរការ​នៅ​តាម​សាលាឃុំ-សង្កាត់​ទូទាំង​ប្រទេស។

ប្រភព​ដដែល​អះអាង​ថា រយៈពេល ២៥​ថ្ងៃ​បន្ទាប់ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ដល់​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​នឹង​ចល័ត​ទៅ​តាម​ភូមិ​មួយ​ចំនួន​នៅ​ក្នុង​ឃុំ-សង្កាត់​នីមួយៗ ប៉ុន្តែ​នៅ​សល់​រយៈពេល ១០​ថ្ងៃ​ចុងក្រោយ ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​នឹង​ត្រូវ​បើក​ឱ្យ​ដំណើរការ​នៅ​តាម​សាលាឃុំ-សង្កាត់​ដូច​ធម្មតា​វិញ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បញ្ជាក់​ថា យោង​តាម​ស្ថិតិ​ពលរដ្ឋ​ប៉ាន់ស្មាន​ឆ្នាំ​២០២១ គ.ជ.ប. មាន​ផែនការ​ចុះឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​ឱ្យ​បាន​ចំនួន​ជាង ១​លាន ៦​សែន​នាក់ ខណៈ​ឈ្មោះ​ដែល​ត្រូវ​លុប​ចេញ​ពី​បញ្ជី​បោះឆ្នោត​មាន​ចំនួន​ជាង ៨​ម៉ឺន​នាក់​ផង​ដែរ។ ចំណែក​ការិយាល័យ​បោះឆ្នោត​សម្រាប់​ឆ្នាំ​២០២១ នេះ​មាន​ចំនួន​ដល់​ទៅ​ជាង ២​ម៉ឺន ៣​ពាន់​ការិយាល័យ​ឯណោះ។

ការ​ចេញ​សេចក្តី​ជូនដំណឹង​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាន់តែ​ខិត​ជិត​មក​ដល់​ហើយ​ក្នុង​ឆ្នាំ​២០២២ ខាងមុខ​នេះ។

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ប្រាជ្ញ ចន្ទ បាន​ចេញ​លិខិត​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១២ ខែ​តុលា នេះ ដោយ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មាន​អាយុ ១៨​ឆ្នាំ ឬ​អ្នក​ដែល​បាន​កើត​ត្រឹម​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០០៤ ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា។

អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត សាម អ៊ីន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៣ តុលា នេះ​ថា ការបោះឆ្នោត​ឃុំ-សង្កាត់​ពិត​ជា​មាន​សារសំខាន់​ណាស់​សម្រាប់​ពលរដ្ឋ​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​នយោបាយ ដើម្បី​បោះឆ្នោត​សម្រេច​ជ្រើសរើស​អ្នក​ដឹកនាំ​នៅ​មូលដ្ឋាន​របស់​ខ្លួន។

លោក​អះអាង​ថា ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នេះ​ពិត​ជា​បាន​ជួយ​ជំរុញ​ដំណើរការ និង​លើក​តម្កើង​វប្បធម៌​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត។ លើស​ពី​នេះ ក៏​ជួយ​ដល់​ការ​កសាង​អភិបាលកិច្ច​ល្អ​នៅ​មូលដ្ឋាន​ផង​ដែរ។ ដូច្នេះ បើ​ពលរដ្ឋ​មិន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ទេ ពួកគាត់​នឹង​បាត់បង់​សិទ្ធិ​ក្នុង​ការ​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ឱ្យ​ជាមិនខាន។

លោក​បន្ត​ថា ការ​មិន​ទៅ​ចុះឈ្មោះ​បោះឆ្នោត គឺ​ស្មើ​នឹង​ការ​មិន​គាំទ្រ​ឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដូច្នោះ​ដែរ ហើយ​គណបក្ស​របស់​លោក​បាន​ត្រៀម​ខ្លួន​រៀបចំ​ឃុំ-សង្កាត់​ចំនួន​១០០ ដើម្បី​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០២២ ខាងមុខ។

ដោយឡែក​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កែទម្រង់​កម្ពុជា លោក អ៊ូ ចន្ទរ័ត្ន ក៏​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៣ តុលា នេះ​ផង​ដែរ​ថា បក្ស​របស់​លោក​កំពុង​ត្រៀម​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ខាងមុខ​នេះ​ដែរ ប៉ុន្តែ​ក្រុម​នេះ​ក៏​មិន​ភ្លេច​ពិនិត្យ​ពី​តម្លាភាព និង​ភាព​ឯករាជ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដែរ។

លោក អ៊ូ ចន្ទរ័ត្ន បញ្ជាក់​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ពលរដ្ឋ​ដែល​ចង់​បាន​ប្រជាធិបតេយ្យ ប៉ុន្តែ​បើ​ម្ចាស់​ឆ្នោត​មិន​ទៅ​ចូលរួម​បោះឆ្នោត​ទេ​នោះ គឺ​បង្ហាញ​ឱ្យ​ឃើញ​ថា ពួកគាត់​កំពុង​ទុក​ឱ្យ​ជំងឺ​សង្គម និង​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បន្ត​កើតមាន​ដូច​សព្វថ្ងៃ​នេះ​បន្ថែម​ទៀត៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស