មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជា បានអះអាងថា ប្រទេសចិនតែងតែនៅជាមួយកម្ពុជារហូត ហើយចិនក៏បានជួយកម្ពុជាច្រើនណាស់លើគ្រប់វិស័យ មិនមែនត្រឹមតែវ៉ាក់សាំងប្រឆាំងវីរុស Covid-19 ប៉ុណ្ណោះទេ ប៉ុន្តែក្រុមអ្នកតស៊ូមតិនៅឯនាយសមុទ្រប្រតិកម្មថា កម្ពុជាមិនគួរបង្ហាញជំហរលម្អៀងទៅចិនជ្រុលហួសហេតុក្នុងនយោបាយការទូតរបស់ខ្លួនលើឆាកអន្តរជាតិបែបនេះទេ។
រដ្ឋលេខាធិការក្រសួងសុខាភិបាល អ្នកស្រី យក់ សម្បត្តិ បានប្រាប់អ្នកសារព័ត៌មានក្នុងបទសម្ភាសន៍ទទួលវ៉ាក់សាំងជំនួយចិន នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះថា ទំនាក់ទំនងកម្ពុជា-ចិន មិនមែនជារឿងដែលពិបាកវាយតម្លៃនោះទេ ព្រោះថាប្រទេសចិនតែងជួយដល់កម្ពុជាតាំងពីកម្ពុជានៅបាតដៃទទេរហូតកម្ពុជាមានការរីកចម្រើនដូចសព្វថ្ងៃនេះ។
អ្នកស្រីអះអាងថា តាមរយៈទំនាក់ទំនងរវាងកម្ពុជា និងចិន គឺមានចំណងមិត្តភាពដែកថែបរឹងមាំមិនអាចបំបែកបានជាដាច់ខាត ព្រោះថាហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាសព្វថ្ងៃនេះ ដូចជា ស្ពាន ផ្លូវថ្នល់ វិស័យសុខាភិបាល ជាដើម ជាចំណែកដ៏ធំរបស់រដ្ឋាភិបាលចិនដែលបានយកចិត្តទុកដាក់លើកម្ពុជា។
ការអះអាងរបស់មន្ត្រីជាន់ខ្ពស់សុខាភិបាលបែបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលចិនបានផ្តល់ជំនួយវ៉ាក់សាំងបន្ថែមទៀតដល់រដ្ឋាភិបាលខ្មែរដែលបានដឹកទៅដល់កម្ពុជាហើយនៅថ្ងៃព្រហស្បតិ៍ ចុងសប្តាហ៍នេះ។
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះ វ៉ាក់សាំងស៊ីណូវ៉ាក់ដែលជាជំនួយរបស់ចិន បានដឹកទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន ២លានដូសបន្ថែមទៀត ខណៈជំនួយថ្នាំបង្ការដែលចិនបានផ្តល់ឱ្យកម្ពុជារហូតមកទល់នឹងពេលនេះមានចំនួនសរុបដល់ទៅ ៦លាន ៨សែនដូសហើយ។ បន្ថែមពីនេះ ក៏មានជំនួយជាបរិក្ខារវេជ្ជសាស្ត្រផ្សេងទៀតផងដែរ។

ទាក់ទិននឹងបញ្ហានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា កាលពីដើមខែកញ្ញា ឆ្នាំ២០២១ ធ្លាប់បានអះអាងថា មិនមានប្រទេសណាអាចដើរតួនាទីជំនួសចិន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដូចជាការកសាងផ្លូវគមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី និងការកសាងសមិទ្ធផលដទៃជាច្រើនទៀត។
លោក ហ៊ុន សែន បញ្ជាក់ថា មហាអំណាចចិន បានជួយឱ្យកម្ពុជាមានឯករាជ្យ ទាំងកិច្ចការនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួន ស្របពេលដែលកម្ពុជាកំពុងរងការគំរាមកំហែងដល់អធិបតេយ្យភាពរបស់ខ្លួនពីការផ្តាច់ជំនួយរបស់ប្រទេសមួយចំនួនសព្វថ្ងៃនេះ។ ប៉ុន្តែផ្ទុយទៅវិញ កម្ពុជានៅពេលនេះត្រូវគេមើលឃើញថា គ្រាន់តែជាទីផ្សារសម្រាប់សាងសេដ្ឋកិច្ចឱ្យប្រជាជនចិនតែប៉ុណ្ណោះ។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ តុលា នេះថា ការបង្ហាញនយោបាយការទូតលម្អៀងទៅកុម្មុយនីស្តចិនបែបនេះ ធ្វើឲ្យកម្ពុជា និងពលរដ្ឋខ្មែរមានតែការខាតបង់ប្រយោជន៍តែប៉ុណ្ណោះ ហើយជាងនេះទៀត វាក៏ជាការបង្កនូវផលអាក្រក់សម្រាប់នយោបាយជាតិរបស់កម្ពុជាទៅថ្ងៃអនាគតយ៉ាងធ្ងន់ធ្ងរផងដែរ។
លោកអះអាងថា បើរដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន នៅតែដឹកនាំនយោបាយដើម្បីតែអំណាចសម្រាប់ខ្លួនឯង និងបក្ខពួកបែបនេះ កម្ពុជានឹងមិនអាចងើបចេញពីវិបត្តិដែលខ្លួនកំពុងតែមានសព្វថ្ងៃនេះទេ ដូចជាវិបត្តិជម្លោះផ្ទៃក្នុងរវាងជាតិឯង និងវិបត្តិសេដ្ឋកិច្ចជាតិ ដែលនឹងជះឥទ្ធិពលយ៉ាងអាក្រក់ដល់ពលរដ្ឋខ្មែរទាំងមូល។
លោក ម៉ែន ណាត សម្ដែងការសោកស្តាយចំពោះពលរដ្ឋខ្មែរដែលត្រូវបានដឹកនាំដោយក្រុមអ្នកនយោបាយគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ជាជាងគិតពីសុខទុក្ខរបស់ពលរដ្ឋ រហូតជំពាក់បំណុលចិនវ័ណ្ឌក ដែលធ្វើឱ្យមានការងឿងឆ្ងល់ពីសំណាក់បណ្ឌិតបញ្ញវន្តខ្មែរគ្រប់គ្នាថា បើដឹកនាំប្រទេសតាមរបៀបលោក ហ៊ុន សែន ដូចសព្វថ្ងៃនេះ តើកម្ពុជានឹងអាចដោះបំណុលចិនបានដោយរបៀបណា ឬត្រូវសម្បទានធនធានធម្មជាតិខ្មែរជាថ្នូរនឹងបំណុលទាំងនោះ។
ជុំវិញបញ្ហានេះ ក្រុមអ្នកឃ្លាំមើលសង្គមរិះគន់ថា សម្ពន្ធមិត្តដែកថែបរវាងកម្ពុជា-ចិនសព្វថ្ងៃនេះ គឺដោយសារចិនសម្លឹងឃើញភូមិសាស្ត្រនយោបាយរបស់ខ្លួនផង និងសម្លឹងឃើញផលប្រយោជន៍ដែលពួកគេរំពឹងទទួលបានពីកម្ពុជាផង ដូចជាការប្រមូលធនធានធម្មជាតិនានា រួមមានព្រៃឈើ និងធនធានរ៉ែដ៏សម្បូរបែប ជាដើម។
ប្រភពដដែលអះអាងថា ទំនាក់ទំនងចំពោះចិនលើកម្ពុជា គ្រាន់តែបង្ហាញឱ្យឃើញថា កម្ពុជាជារដ្ឋមួយដែលស្ថិតក្រោមការមើលថែរបស់ខ្លួនប៉ុណ្ណោះ ប្រៀបដូចជាថៅកែមើលថែបុគ្គលិកដើម្បីរកផលប្រយោជន៍សម្រាប់ខ្លួនឯងដូច្នេះដែរ៕