មន្ត្រីជាន់ខ្ពស់គណបក្សក្រៅរដ្ឋាភិបាល ចោទជាសំណួរថា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ តើពលរដ្ឋខ្មែរគួរធ្វើអ្វីបន្តទៀត ដើម្បីចូលរួមចំណែកគាំទ្រស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស?
ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១៤ តុលា នេះថា យុវជនខ្មែរជំនាន់ក្រោយគួរនាំគ្នាឈ្វេងយល់បន្ថែមទៀតអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ ខែតុលា ឆ្នាំ១៩៩១ អំពីខ្លឹមសារនីមួយៗដើម្បីឱ្យយល់ដឹងកាន់តែច្បាស់ និងចូលរួមដឹកនាំនាវាកម្ពុជាទៅថ្ងៃមុខ។
លោកលើកឡើងថា ពលរដ្ឋខ្មែរទាំងអស់ រួមទាំងយុវជនផង ត្រូវតែនាំគ្នាឈ្វេងយល់ឱ្យកាន់តែស៊ីជម្រៅថា តើក្នុងនាមខ្លួនជាពលរដ្ឋម្ចាស់ឆ្នោត អាចធ្វើអ្វីបានខ្លះដើម្បីចូលរួមចំណែកបង្រួបបង្រួមជាតិ និងកសាងជាតិតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។ ជាងនេះទៀត ត្រូវយល់ដឹងឱ្យបានកាន់តែទូលំទូលាយពីខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀងអន្តរជាតិនេះ ក្នុងនោះក៏ត្រូវយល់ដឹងពីតួនាទីភាគីជាតិ និងអន្តរជាតិទាំងអស់ដែលបានចុះហត្ថលេខាលើសន្ធិសញ្ញានេះផងដែរ។
បណ្ឌិត យ៉ង សាំងកុមារ បានជំរុញឱ្យពលរដ្ឋខ្មែរគ្រប់រូបត្រូវនាំគ្នាសិក្សាឱ្យកាន់តែទូលំទូលាយពីខ្លឹមសារនៃកិច្ចព្រមព្រៀងអន្តរជាតិនេះថា តើសហគមន៍អន្តរជាតិគួរបន្តជួយកម្ពុជាក្នុងលក្ខខណ្ឌដូចម្តេច ក្នុងការបង្រួបបង្រួម និងកសាងជាតិខ្មែរដើម្បីកុំឲ្យកម្ពុជាចេះតែបន្តពឹងបរទេសខុសកាតព្វកិច្ចរបស់ពួកគេដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ ក្នុងការដោះស្រាយវិបត្តិនយោបាយផ្ទៃក្នុងរបស់ខ្លួន។
ការលើកឡើងរបស់មន្ត្រីគណបក្សក្រៅរដ្ឋាភិបាលរូបនេះ ស្របពេលដែលទិវារំឭកខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានខិតចូលមកដល់នៅចុងខែតុលា ឆ្នាំ២០២១ នេះ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (Paris Peace Accords) គឺជាកិច្ចព្រមព្រៀងមួយស្ដីពីដំណោះស្រាយនយោបាយដើម្បីបញ្ចប់ជម្លោះនៅកម្ពុជា ធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្នុងគោលបំណងឈានទៅរកការបង្រួបបង្រួមជាតិ គោរពសិទ្ធិមនុស្ស ឯករាជភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ដែលមានការចូលរួមពីប្រទេសចំនួន១៩ លើសកលលោក។
ជុំវិញបញ្ហានេះ លោក ហ៊ុន សែន ធ្លាប់បានអះអាងក្នុងពិធីចែកសញ្ញាបត្រឱ្យនិស្សិតក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា លែងមានសុពលភាពទៀតហើយ ព្រោះខ្លឹមសារនៃកិច្ចព្រមព្រៀងនេះបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ អស់ហើយ ដូច្នេះកិច្ចព្រមព្រៀងនេះលែងមានសុពលភាពតទៅទៀតដែរ។
ប៉ុន្តែលោក ជុំ ឈាង ដែលជាអតីតសមាជិកនៃគណៈកម្មការទី១ នៃកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា បានប្រាប់សារព័ត៌មាន The Cambodia Daily កាលពីថ្ងៃពុធ ថា លោកសូមថ្វាយបង្គំ ៩ដងចំពោះមុខអ្នកដែលនិយាយថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អស់សុពលភាព ឬស្លាប់បាត់ទៅហើយនោះ ដើម្បីកុំឲ្យអ្នកទាំងនោះនិយាយដូច្នេះទៀត។ លោកបន្តថា បើកិច្ចព្រមព្រៀងអន្តរជាតិនេះស្លាប់បាត់មែន នោះប្រទេសជិតខាងរបស់កម្ពុជានឹងមានការភ័យព្រួយជាខ្លាំង។
បែបនេះក្តី សកម្មជនសង្គមផ្សព្វផ្សាយខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រុន ស្រន បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីចុងខែកញ្ញា ឆ្នាំ២០២១ នេះថា ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អស់សុពលភាពនោះ គឺមានន័យថារដ្ឋធម្មនុញ្ញរបស់កម្ពុជាក៏លែងធរមានជាច្បាប់កំពូលរបស់កម្ពុជាបន្តទៀតដែរ ព្រោះថាកិច្ចព្រមព្រៀងអន្តរជាតិនេះជាអ្នកបង្កើតឱ្យមានរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នេះឡើង ដូច្នេះបើគ្មានកិច្ចព្រមព្រៀងសន្តភាពទីក្រុងប៉ារីស រដ្ឋធម្មនុញ្ញក៏មិនអាចប្រើជាច្បាប់កំពូលរបស់កម្ពុជាបន្តទៀតបានដែរ។
ក្រុមអ្នកតស៊ូមតិនៅឯនាយសមុទ្រ ធ្លាប់បានអះអាងកាលពីពេលថ្មីៗនេះថា ដើម្បីការពារអធិបតេយ្យភាពរបស់កម្ពុជា រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវតែធ្វើមោឃភាព ឬនិរាករណ៍ទៅលើសន្ធិសញ្ញា និងឯកសារមិនស្របច្បាប់នានាជាមួយបរទេសឈ្លានពានលើកម្ពុជា ដែលមិនស្របនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ទាំងអស់ ដើម្បីបើកផ្លូវក្នុងការប្តឹងប្រទេសទាំងនោះទៅតាមយន្តការអន្តរជាតិជាធរមាន ព្រោះថាមានតែកិច្ចព្រមព្រៀងអន្តរជាតិនេះប៉ុណ្ណោះដែលអាចជួយឱ្យកម្ពុជាទទួលបានទឹកដីពីការរំលោភបំពាន និងអាចរក្សាអធិបតេយ្យភាពរបស់ខ្លួនបានដោយយុត្តិធម៌។
ទាក់ទិននឹងបញ្ហានេះ អ្នកវិភាគនយោបាយនិងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់បានលើកឡើងថា ពលរដ្ឋខ្មែរគួរសិក្សាពីប្រវត្តិសាស្ត្រដើម្បីឲ្យដឹងពីមូលហេតុ និងគោលបំណងរបស់ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ឱ្យបានច្បាស់ ត្បិតប្រទេសទាំងអស់រួមទាំងកម្ពុជាផង បានសន្យាជាឱឡារិកទទួលស្គាល់អធិបតេយ្យភាព ឯករាជ្យជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា។
លោកគូសបញ្ជាក់ថា ការសន្យាទាំងនេះគឺជាការធានាលក្ខណៈអន្តរជាតិដែលមិនអាចបរទេសណារំលោភបានឡើយ ដូច្នេះកម្ពុជាត្រូវតែអនុវត្តយន្តការអន្តរជាតិមួយនេះ ដើម្បីស្ដារកិត្តិយសជាតិ និងឯករាជភាពរបស់ខ្លួនលើឆាកអន្តរជាតិឡើងវិញ បើមិនដូច្នោះទេ កម្ពុជានឹងធ្លាក់ទៅក្នុងវិបត្តិនៃការបាត់បង់ទឹកដីរបស់ខ្លួនទៅថ្ងៃក្រោយជាក់ជាមិនខាន៕