28 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ការ​បដិសេធ​លើ​របាយការណ៍​ខេមបូចា​ពី​សំណាក់​ក្រសួង​ព័ត៌មាន​ជា​ទម្លាប់​នៃ​ការ​គេចវេស​ពី​ការ​ទទួលស្គាល់​ការពិត

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​ពលរដ្ឋ បាន​ច្រានចោល​ការ​លើកឡើង​របស់​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ ដែល​បាន​បដិសេធ​លើ​របាយការណ៍​របស់​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​ខ្មែរ ខេមបូចា (CamboJA) ដែល​ថា​ជា​របាយការណ៍​គ្មាន​ភាព​ស្មោះត្រង់ ប៉ុន្តែ​អ្នក​ឃ្លាំមើល​អះអាង​ថា ការ​ច្រានចោល​នេះ​ជា​ទម្លាប់​នៃ​ការ​គេចវេស​ពី​ការ​ទទួលស្គាល់​ការពិត​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​តែប៉ុណ្ណោះ។

ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា CCIM លោក ប៉ា ងួនទៀង បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២០ តុលា នេះ​ថា ជា​ទម្លាប់​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា នៅ​ពេល​ដែល​មាន​របាយការណ៍​ណា​មួយ​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី​របស់​ខ្លួន ពួកគេ​មិន​ដែល​ស្រាវជ្រាវ​ពី​បញ្ហា​ទាំងនោះ​ទេ ប៉ុន្តែ​បែរជា​នាំគ្នា​ប្រតិកម្ម​លើ​របាយការណ៍​នោះ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​ប្រើ​លេស​ផ្សេង​ជានិច្ច។

លោក​ថា កន្លងមក រដ្ឋាភិបាល​តែង​យក​ការ​គំរាមកំហែង​ជាជាង​ការ​សហការ និង​ការ​កែលំអ​ការងារ​ខ្លួនឯង ដូច្នេះ​ហើយ​ទើប​មុខមាត់​របស់​ប្រទេស​ជាតិ​ចេះតែ​អន់​ថយ​ទៅៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

លោក ប៉ា ងួនទៀង បញ្ជាក់​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​កាន់តែ​ទាប​ទៅៗ ព្រោះ​រដ្ឋាភិបាល​ចូលចិត្ត​អនុវត្ត​កិច្ចការ​របស់​ខ្លួន​ដោយ​ការ​បង្ក្រាប ជាជាង​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​រាល់​ករណី​ដែល​គេ​រក​ឃើញ​ពី​ភាព​មិន​ត្រឹមត្រូវ​របស់​ខ្លួន ដូច្នេះ​ដើម្បី​បំបាត់​ការ​រឹតត្បិត​ទាំងនេះ មាន​តែ​អង្គការ​ក្រៅ​រដ្ឋាភិបាល សារព័ត៌មាន​ឯករាជ្យ និង​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ ដែល​អាច​នាំគ្នា​តវ៉ា​ទាមទារ​ដើម្បី​កែលំអ​សង្គម​កម្ពុជា​ឡើងវិញ​បាន។

អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ ត្រូវ​បាន​សារព័ត៌មាន​របស់​លោក ហ៊ុន សែន Fresh News ដកស្រង់​សម្ដី​កាលពី​ថ្ងៃ​ទី​១៩ ខែ​តុលា ដោយ​ចោទប្រកាន់​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ ខេមបូចា ជា​របាយការណ៍​ដែល​មិន​មាន​ភាព​ស្មោះត្រង់ និង​មាន​ចេតនា​ចោទប្រកាន់​លើ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដែល​កំពុង​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ស្របតាម​ច្បាប់​ជា​ធរមាន។

មន្ត្រី​ក្រសួង​ព័ត៌មាន​រូប​នេះ​អះអាង​ថា របាយការណ៍​របស់​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​ខ្មែរ CamboJA នេះ មិន​បាន​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ទៅ​លើ​លិខិត​បទដ្ឋាន​គតិយុត្តិ​ដែល​ក្រសួង​ព័ត៌មាន បាន​ចេញ​នា​ពេល​កន្លងមក​នោះ​ទេ ហើយ​មិន​ដែល​ទទួល​យក​ការ​បញ្ជាក់ ឬ​ការ​ពន្យល់​បកស្រាយ​របស់​ស្ថាប័ន​សាធារណៈ ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច​ម្តង​ណា​ឡើយ។

សម្ព័ន្ធ​អ្នក​សារព័ត៌មាន​ខ្មែរ​ដែល​ហៅ​កាត់​ថា CamboJA បាន​ផ្សព្វផ្សាយ​របាយការណ៍​ប្រចាំ​ត្រីមាស​របស់​ខ្លួន ដោយ​ការ​ដកស្រង់​សង្ខេប​នៃ​ករណី​មួយ​ចំនួន​ទាក់ទង​នឹង​សេរីភាព​សារព័ត៌មាន និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​អ្នក​សារព័ត៌មាន ចាប់តាំង​ពី​ខែ​កក្កដា ដល់​ខែ​កញ្ញា ឆ្នាំ​២០២១ នេះ ដែល​មាន​កម្រាស់​ជិត ៣០​ទំព័រ លើ​ទំព័រ Facebook ផ្លូវការ​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០២១ នេះ។

CamboJA អះអាង​ថា ការ​វិវឌ្ឍ​មួយ​ក្នុង​ចំណោម​ការ​វិវឌ្ឍ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​បំផុត​ដែល​ខ្លួន​បាន​ឃ្លាំមើល​ក្នុង​រយៈពេល ៣​ខែ​ដំបូង​នៃ​ឆ្នាំ​២០២១ នេះ គឺ​សេចក្តី​ជូនដំណឹង​ថ្មី​មួយ​របស់​ក្រសួង​ព័ត៌មាន បាន​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​មាន​សិទ្ធិ​ចោទប្រកាន់​លើ​អ្នក​សារព័ត៌មាន​នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​លាតត្រដាង​ពី​ទង្វើ​មិន​ប្រក្រតី​ណា​មួយ​របស់​ពួកគេ។

ប្រភព​ដដែល​បញ្ជាក់​ថា មាន​ករណី​ជាច្រើន​ដែល​ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិ​បញ្ចេញ​មតិ​របស់​អ្នក​សារព័ត៌មាន​ក្នុង​អំឡុង​ត្រីមាស​នេះ ក្នុង​នោះ​រួម​មាន ទាក់ទង​នឹង​ជម្លោះ​ដីធ្លី ព្រមទាំង​ករណី​ដ៏​ចម្រូងចម្រាស​នៃ​គម្រោង​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​ថ្មី​នៅ​ខេត្ត​កណ្តាល ផង​ដែរ។ បញ្ហា​នេះ​បាន​បណ្តាល​ឱ្យ​អ្នក​សារព័ត៌មាន ៨​នាក់​ត្រូវ​បាន​យាយី និង​ម្នាក់​ទៀត​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ថែមទៀត។

របាយការណ៍​ស្ដីពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០២០ អះអាង​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បាន​ថយ​ចុះ​ជា​លំដាប់ ពោល​គឺ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១៤៤ ក្នុង​ចំណោម​ប្រទេស​១៨០។ ចំណែក​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន ដែល​មាន​មូលដ្ឋាន​នៅ​បរទេស​អះអាង​ថា សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា បាន​បន្ត​ធ្លាក់​ចុះ ៣​ឆ្នាំ​ជាប់​គ្នា គឺ​ក្នុង​ឆ្នាំ​២០១៨ ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០។

ដោយឡែក​របាយការណ៍​ស្ដីពី​នីតិរដ្ឋ​ឆ្នាំ​២០២១ នៃ​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) ក៏​បាន​រក​ឃើញ​ថា កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ទី​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩ ដោយសារតែ​ការ​ដឹកនាំ​គ្មាន​តម្លាភាព ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ ជាដើម៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស