ក្រុម​គ្រូពេទ្យ​នៃ​ប្រទេស​ថៃ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩

ជំងឺកូវីដ ១៩

ថៃ​ប្រកាស​បិទ​ការ​ចាក់​វ៉ាក់សាំង Sinovac របស់​ចិន ត្រឹម​ដាច់​ខែ​តុលា ហើយ​ជំនួស​ដោយ​វ៉ាក់សាំង Pfizer និង AstraZeneca វិញ

By ឌឹ ខេមបូឌា ដេលី

October 21, 2021

យោង​តាម​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​ឆ្លង CDC នៃ​ក្រសួង​សុខាភិបាល​ប្រទេស​ថៃ គឺ​រាជាណាចក្រ​នេះ​នឹង​បញ្ឈប់​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កូវីដ-១៩ ឈ្មោះ Sinovac របស់​ប្រទេស​ចិន នៅ​ពេល​ដែល​នឹង​អស់​ពី​ស្ដុក​នៅ​សប្ដាហ៍​ក្រោយ ហើយ​ត្រូវ​ជំនួស​ដោយ​វ៉ាក់សាំង Pfizer របស់​សហរដ្ឋ​អាមេរិក និង AstraZeneca ផលិត​នៅ​អង់គ្លេស ជប៉ុន ឥណ្ឌា និង​កូរ៉េ​ខាងត្បូង។

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia ប្រទេស​ថៃ បាន​ប្រើ​វ៉ាក់សាំង Sinovac របស់​ប្រទេស​ចិន អស់​ជាង ៣១​លាន​ដូស​មក​ហើយ​ចាប់តាំង​ពី​ខែ​កុម្ភៈ ហើយ​ការ​ចាក់​ដំបូងៗ​ទៅ​លើ​មនុស្ស​ជួរមុខ ដូចជា​បុគ្គលិក​ពេទ្យ និង​ក្រុម​ដែល​មាន​ហានិភ័យ​ខ្ពស់។ ប្រទេស​ថៃ ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង AstraZeneca សម្រាប់​ប្រជាជន​ណា​ដែល​ចាក់​វ៉ាក់សាំង Sinovac បាន​ដូស​ទី​១ ហើយ គឺ​តាំងពី​ខែ​កក្កដា មក។

លោក​វេជ្ជបណ្ឌិត Opas Karn-kawinpong ជា​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​ឆ្លង CDC បាន​ឱ្យ​ដឹង​ថា នៅ​ឆ្នាំ​ក្រោយ​នេះ ប្រទេស​ថៃ នឹង​ទិញ​វ៉ាក់សាំង ១២០​លាន​ដូស​ពី​សហរដ្ឋ​អាមេរិក និង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង AstraZeneca។

ចំណែក ៦០​លាន​ដូស​បាន​កក់​ទិញ​រួច​ហើយ។ រហូត​មក​ដល់​ពេលនេះ ប្រជាជន​ថៃ ៣៦% បាន​ចាក់​វ៉ាក់សាំង​ចម្រុះ​ទាំង​វ៉ាក់សាំង​ចិន វ៉ាក់សាំង​អាមេរិក និង​វ៉ាក់សាំង AstraZeneca។ ប្រទេស​ថៃ សង្ឃឹម​ថា​នឹង​ចាក់​វ៉ាក់សាំង​ដែល​មិនមែន​វ៉ាក់សាំង​ចិន នឹង​កើន​ឡើង ៧០% ត្រឹម​ចុង​ឆ្នាំ​២០២១។ ប្រទេស​ថៃ មាន​ប្រជាជន​ចំនួន​ជិត ៧០​លាន​នាក់។

ចំណែក​ហ្វីលីពីន ឥណ្ឌូនេស៊ី សិង្ហបុរី ព្រុយណេ និង​វៀតណាម ក៏​ចាប់ផ្ដើម​ងាក​ខ្លាំង​ទៅ​រក​ការ​ទិញ និង​ប្រើប្រាស់​វ៉ាក់សាំង​របស់​អាមេរិក និង​វ៉ាក់សាំង AstraZeneca ដែរ។ ចំណែក​កម្ពុជា ឡាវ និង​ភូមា នៅតែ​បន្ត​ចាក់​វ៉ាក់សាំង​ចិន​ខ្លាំងក្លា​នៅឡើយ៕