មន្ត្រីនគរបាលជាច្រើននាក់ ចោទថា អធិការនគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប លោក លឹម សម្បត្តិ ថាបានប្រព្រឹត្តអំពើពុករលួយ និងបង្កបាតុភាពគ្មានសណ្ដាប់ធ្នាប់នៅក្នុងទីតាំងមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនយ៉ាងអនាធិបតេយ្យ។
មន្ត្រីនគរបាលប្រចាំស្រុកប្រាសាទបាគង ជាច្រើនរូប បានផ្សព្វផ្សាយពាក្យបណ្តឹងរបស់ខ្លួននៅថ្ងៃពុធ ទី២០ តុលា នេះ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា អធិការស្រុកប្រាសាទបាគង លោក លឹម សម្បត្តិ បានប្រព្រឹត្តអំពើពុករលួយជាច្រើនលើកច្រើនសាដែលខុសទៅនឹងតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ។
ប្រភពដដែលអះអាងថា សព្វថ្ងៃនេះ អធិការស្រុករូបនេះមិនខ្វល់នឹងការបង្ក្រាបបទល្មើសដែលបានកើតឡើងនៅក្នុងស្រុកដែលខ្លួនបំពេញតួនាទីនោះទេ ប៉ុន្តែបែរជាចូលដៃជាមួយជនល្មើស ដោយការទទួលប្រាក់សំណូកជាថ្នូរនឹងការបើកឱ្យមានល្បែងស៊ីសងគ្រប់ប្រភេទកើតមាននៅក្នុងស្រុកយ៉ាងអនាធិបតេយ្យទៅវិញ។
មន្ត្រីនគរបាលទាំងនោះបញ្ជាក់ថា ដើម្បីអនុវត្តអំពើពុករលួយរបស់ខ្លួន លោក លឹម សម្បត្តិ បានរៀបចំខ្សែបណ្ដាញបក្ខពួករបស់គាត់ឱ្យទៅជំរិតទារប្រាក់ពីមេបនល្បែងតាមទីតាំងនីមួយៗជាប្រចាំ ក្នុងទំហំទឹកប្រាក់ខុសៗគ្នា ប៉ុន្តែទឹកប្រាក់ដែលទទួលបានពីការជំរិតនោះ មិនតិចជាង ១លានរៀលនោះឡើយក្នុងមួយទីតាំង។ លើសពីនេះ មន្ត្រីក្រោមឱវាទដែលចង់ឡើងឋានៈ ត្រូវតែសូកលុយឱ្យអធិការរូបនេះផងដែរ ដោយឡែកមន្ត្រីនគរបាលដែលមានសមត្ថភាព និងមានស្នាដៃមិនអាចឡើងឋានៈបានទេ បើគ្មានលុយសូកលោក លឹម សម្បត្តិ។
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នេះ មន្ត្រីនគរបាលប្រចាំស្រុកប្រាសាទបាគងជាច្រើននាក់ បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន និងស្នងការនគរបាលខេត្តសៀមរាប លោក តេង ចាន់ណាត ឱ្យបើកការស៊ើបអង្កេត និងចាត់វិធានការច្បាប់លើអធិការស្រុកប្រាសាទបាគង លោក លឹម សម្បត្តិ ដែលបានសម្ងំប្រព្រឹត្តអំពើពុករលួយក្នុងស្ថាប័នរដ្ឋយ៉ាងគឃ្លើនក្នុងពេលបច្ចុប្បន្ននេះ។
ក្នុងពាក្យបណ្តឹងខាងលើ បានរៀបរាប់ថា អធិការស្រុករូបនេះមិនដែលបំពេញតួនាទីក្នុងនាមជាមន្ត្រីរក្សាសន្តិសុខជូនពលរដ្ឋនោះឡើយ ប៉ុន្តែបែរជាប្រព្រឹត្តផ្ទុយពីភារកិច្ចរបស់ខ្លួនទៅវិញ ដូចជាការដើរផឹកស៊ីក្នុងអំឡុងនៃការហាមប្រាមការជួបជុំក្នុងវិបត្តិជំងឺ Covid-19 របស់ប្រមុខរដ្ឋាភិបាលកម្ពុជាយ៉ាងអនាធិបតេយ្យជាប្រចាំ។
ប្រភពដដែលឱ្យដឹងថា អធិការស្រុកប្រាសាទបាគងរូបនេះបានឃុបឃិតគ្នាជាមួយជនល្មើសតាមវង់ល្បែងស៊ីសងជាច្រើន ដូចជាករណីនៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ជាដើម ដែលបានទទួលប្រាក់សំណូកពីមេបនល្បែងឈ្មោះ សៀង ចំនួនទឹកប្រាក់ប្រមាណជា ៥លានរៀល។ បន្ថែមពីនេះ ក៏មានករណីដូចគ្នានេះដែរនៅភូមិជាច្រើនទៀត ដូចជាភូមិស្នាសង្គ្រាម ភូមិព្រៃគុយ ភូមិសូភី និងភូមិកូនសត្វ ជាដើម ដែលវង់ល្បែងទាំងនោះត្រូវសូកលុយឱ្យអធិការស្រុករូបនេះមិនតិចជាង ១លានរៀលនោះទេក្នុងមួយកន្លែងៗ។ ដោយឡែកតាមប៉ុស្តិ៍នគរបាលទាំង៩ នៅក្នុងស្រុកប្រាសាទបាគង ប្រសិនបើចង់ប្រើវិទ្យុទាក់ទង គឺអធិការស្រុក លោក លឹម សម្បត្តិ តម្រូវឱ្យទិញពីរូបលោកផ្ទាល់ក្នុងតម្លៃគុណនឹងពីរ គឺជាង ២០ដុល្លារអាមេរិកក្នុង ១គ្រឿង។ បន្ថែមពីនេះ មេឃុំមួយចំនួនក្នុងស្រុកនេះក៏តម្រូវឱ្យទិញវិទ្យុទាក់ទងនេះផងដែរ។
លោក លឹម សម្បត្តិ បានទទួលតំណែងជាអធិការស្រុកប្រាសាទបាគង នៃខេត្តសៀមរាប អស់រយៈពេលជាង ១០ឆ្នាំមកហើយ បើគិតតាំងពីឆ្នាំ២០១៩ មក ប៉ុន្តែដោយសារតែគ្មានភាពទទួលខុសត្រូវលើតួនាទីរបស់ខ្លួន អធិការរូបនេះបានធ្វើឱ្យបែកបាក់សាមគ្គីផ្ទៃក្នុងរបស់អង្គភាពយ៉ាងធ្ងន់ធ្ងរ រហូតមានមន្ត្រីខ្លះបង្ខំចិត្តដាក់ពាក្យចូលនិវត្តន៍ទាំងមិនទាន់ដល់អាយុចូលនិវត្តន៍ផងដែរ។
មកទល់នឹងម៉ោងផ្សាយនេះ សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងលោក លឹម សម្បត្តិ ដើម្បីសុំការបំភ្លឺលើការចោទប្រកាន់នេះបាននៅឡើយទេ៕