ប្រជាពលរដ្ឋភាគច្រើនដែលរស់នៅបុរីពិភពថ្មី ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ បានបង្ហាញការខកចិត្តលាយឡំនឹងការព្រួយបារម្ភ ក្រោយពេលបានចូលទៅរស់នៅបុរីពិភពថ្មីសាខាកំបូល ចាប់ពីគម្រោងទី៣ ដល់គម្រោងទី៥ ដោយសារតែមិនទាន់មានប្រព័ន្ធទឹករដ្ឋប្រើប្រាស់ និងបញ្ហាអសន្តិសុខកើតឡើងញឹកញាប់។
ពលរដ្ឋរស់នៅក្នុងបុរីនោះបានលើកឡើងថា ទឹកអណ្តូងដែលក្រុមហ៊ុនបុរីពិភពថ្មីកំបូលនេះបើកឲ្យប្រើប្រាស់ គឺមិនគ្រប់គ្រាន់ឡើយ ហើយក៏មានថ្ងៃខ្លះមិនមានទឹកប្រើប្រាស់ក៏មានដែរ។ ក្រៅពីនោះ ពលរដ្ឋដែលទិញលំនៅឋាននៅបុរីពិភពថ្មីកំបូល បានរិះគន់ចំពោះគុណភាពសំណង់ផ្ទះល្វែងក្នុងបុរីពិភពថ្មីកំបូល ចាប់ពីគម្រោងទី១ ទី២ និងទី៥ ដោយពួកគាត់បានពិនិត្យឃើញថា សំណង់ផ្ទះល្វែងទាំងនោះហាក់មិនមានគុណភាពទេ ចំណែកឯសម្ភារៈប្រើប្រាស់ដែលបំពាក់នៅក្នុងផ្ទះល្វែង ក៏មិនមានគុណភាពដែរ ដូចជាពិដានជ្រាបទឹក ស្ទះទុយោទឹក ជាដើម។
ក្រៅពីគុណភាពសំណង់ ពលរដ្ឋក៏នៅមានការព្រួយបារម្ភមួយទៀត គឺកើតមានអំពើចោរកម្មគាស់ផ្ទះ លួចម៉ូតូ គាស់កញ្ចក់រថយន្ត ដែលម្ចាស់ចតទុកមុខផ្ទះ និងកាច់កញ្ចក់រថយន្តជាដើម បើទោះបីជាប្រជាពលរដ្ឋបានបង់ថ្លៃសេវាសន្តិសុខជាប្រចាំខែទៅឲ្យកងសន្តិសុខរបស់ក្រុមហ៊ុនបុរីពិភពថ្មីក៏ដោយ។
ពលរដ្ឋដែលរស់នៅក្នុងបុរីពិភពថ្មីកំបូល បានទទូចដល់លោក ហុង ពីវ ដែលជាម្ចាស់ក្រុមហ៊ុននេះ បង្កើនការយកចិត្តទុកដាក់ និងដោះស្រាយចំពោះបញ្ហាដែលអតិថិជនរបស់ខ្លួនបានជួបប្រទះ ដូចជាការតភ្ជាប់បណ្ដាញទឹក គុណភាពសំណង់ និងបញ្ហាសន្តិសុខ ជាដើម។
សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចមានប្រភពទាក់ទងអ្នកឧកញ៉ា ហុង ពីវ ប្រធានក្រុមហ៊ុនបុរីពិភពថ្មី ដើម្បីបំភ្លឺជុំវិញកង្វល់ ក៏ដូចជាការចោទប្រកាន់របស់អតិថិជនបុរីពិភពថ្មីសាខាកំបូលនេះបានទេ នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១៕