28 C
Phnom Penh

ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ព្រមាន​ចាត់​វិធានការ​អ្នក​ពាក់ព័ន្ធ​បទល្មើស​នាំ​ពលករ​ឆ្លងដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ព្រមាន​ចាត់​វិធានការ​តឹងរ៉ឹង​តាម​ផ្លូវច្បាប់​ចំពោះ​មន្ត្រី​នគរបាល​ណា​ដែល​ឈរ​ជើង​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នាំ​មនុស្ស​ឆ្លងដែន​ទៅ​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់ ឬ​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​ថ្នាំញៀន។

តាម​ព័ត៌មាន​ផ្សាយ​ក្នុង​ទូរទស្សន៍​ជាតិ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ថា លោក សិទ្ធិ ឡោះ បាន​បញ្ជា​កម្លាំង​ទាំងអស់​រួមគ្នា​ទប់ស្កាត់​រាល់​បទល្មើស​តាម​ព្រំដែន ជាពិសេស​បទល្មើស​ក្នុង​ការ​ជួញដូរ​មនុស្ស​ឆ្លងដែន​ខុស​ច្បាប់ ពលករ​ចំណាក​ស្រុក និង​មេខ្យល់​នាំ​ពលករ​ឆ្លងដែន ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច ដូចជា​ទំនិញ​គេច​ពន្ធ និង​រថយន្ត​ចង្កូត​ស្តាំ បទល្មើស​ជួញដូរ​គ្រឿងញៀន និង​បទល្មើស​ផ្សេងៗ​ទៀត។

ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ក៏​បាន​ជំរុញ​ឱ្យ​គ្រប់​មេបញ្ជាការ​អង្គភាព​វរសេនា​តូច​ធំ សហការ​គ្នា​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​កងកម្លាំង និង​សហការ​ជាមួយ​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ និង​ភាគី​ថៃ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ការងារ និង​ទាក់ទង​គ្នា​ពេល​មាន​បទល្មើស​កើតឡើង។

ខេត្ត​បន្ទាយមានជ័យ ប្រទេស​កម្ពុជា ជាប់​នឹង​ព្រំដែន​ប្រទេស​ថៃ ដែល​មាន​ច្រក​របៀង​ច្រើន ហើយ​ពលករ​ខ្មែរ​តែងតែ​ធ្វើ​ចំណាក​ស្រុក​ដោយ​មិន​មាន​ឯកសារ​គ្រប់គ្រាន់​ទៅ​ប្រទេស​ថៃ ដើម្បី​ស្វែងរក​ការងារ​ធ្វើ និង​សកម្មភាព​របស់​ឈ្មួញ​មួយ​ចំនួន​ដឹក​ទំនិញ​គេច​ពន្ធ​ពី​ប្រទេស​ថៃ ចូល​មក​កម្ពុជា ផង​ដែរ។

ទាក់ទង​នឹង​ករណី​នេះ លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​ព្រមាន​ខ្លាំងៗ​ផង​ដែរ​កាលពី​ដើម​ឆ្នាំ​២០២១ ថា នឹង​ដក​ឋានន្តរស័ក្តិ ព្រមទាំង​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​រាជការ ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​ហ៊ាន​ដោះលែង​អ្នក​ដែល​នាំ​ពលករ​ឆ្លងដែន​ពី​ថៃ ចូល​មក​កម្ពុជា ដោយ​ខុស​ច្បាប់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស