34.8 C
Phnom Penh

បក្ស​ប្រឆាំង៖ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ជា​កិច្ចសន្យា​សម្រាប់​អ្នក​នយោបាយ​បញ្ចប់​ជម្លោះ​ផ្ទៃក្នុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក (CNRP USA) អះអាង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ គឺជា​កិច្ចសន្យា​ធានា​របស់​អន្តរជាតិ​លើ​អធិបតេយ្យភាព ឯករាជ្យ បូរណភាព​ទឹកដី និង​ជា​កិច្ចសន្យា​សម្រាប់​អ្នក​នយោបាយ​ខ្មែរ​ប្រើ​ដើម្បី​បញ្ចប់​ជម្លោះ ឬ​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​របស់​កម្ពុជា។

ក្រុម​នេះ កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ដើម្បី​ចូលរួម​អបអរ​ខួប​លើក​ទី​៣០ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដោយ​ជំរុញ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​បន្ត​ប្រើ​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ ក្នុង​ការ​រក្សា​អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី និង​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​ជាតិ​របស់​ខ្លួន​ផង​ដែរ។

ប្រភព​ដដែល​អះអាង​ថា កិច្ចព្រមព្រៀង​នេះ​មិន​បាន​ចែង​អំពី​ការ​អស់​សុពលភាព​នៃ​ការ​ចុះហត្ថលេខា​ទទួល​ស្គាល់​ស្ដីពី​កាតព្វកិច្ច​របស់​ហត្ថលេខី​ទាំងអស់ ក្នុង​ការ​ធានា​នូវ​អធិបតេយ្យ​ជាតិ ឯករាជភាព បូរណភាព​ទឹកដី និង​ការ​អនុវត្ត​របស់​កម្ពុជា​ឱ្យ​ស្រប​តាម​របប​ប្រជាធិបតេយ្យ សេរី ពហុ​បក្ស និង​ការ​គោរព​សិទ្ធិមនុស្ស​នោះ​ឡើយ។

គណបក្ស​ប្រឆាំង​ប្រចាំ​សហរដ្ឋ​អាមេរិក (CNRP USA) អះអាង​ថា មិន​មាន​លក្ខខណ្ឌ​ណា​មួយ​បញ្ជាក់​ថា ភាគី​ទាំងអស់​មាន​បំណង​ទទួល​យក​ការ​បដិសេធ​លើ​សន្ធិសញ្ញា ឬ​អនុញ្ញាត​ឱ្យ​សមាជិក​ហត្ថលេខី​ណា​ម្នាក់​បដិសេធ​ការ​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ​ទេ។ ជាង​នេះ​ទៀត ភាគី​ណា​មួយ​ក៏​មិន​អាច​បដិសេធ​នូវ​អំណាច និង​ឥទ្ធិពល​របស់​សន្ធិសញ្ញា​អន្តរជាតិ​នេះ​បាន​ឡើយ។

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (Paris Peace Accords) គឺជា​កិច្ចព្រមព្រៀង​មួយ​ស្ដីពី​ដំណោះស្រាយ​នយោបាយ​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​កម្ពុជា ធ្វើឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ក្នុង​គោលបំណង​ឈាន​ទៅ​រក​ការ​បង្រួបបង្រួម​ជាតិ គោរព​សិទ្ធិមនុស្ស ឯករាជភាព បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ​កម្ពុជា ដែល​នៅតែ​មាន​សុពលភាព ហើយ​ប្រទេស​ហត្ថលេខី​ទាំងអស់​មិន​អាច​បដិសេធ​ទៅ​នឹង​កាតព្វកិច្ច​ដែល​បាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​បាន​ឡើយ។

កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០២១ ការ​ប្រារព្ធ​ខួប ៣០​ឆ្នាំ​នៃ​ការ​បង្កើត​ឱ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កាលពី​ឆ្នាំ​១៩៩១ ត្រូវ​បាន​ចូលរួម​អបអរ​សាទរ​ពី​រដ្ឋាភិបាល​កម្ពុជា គណបក្ស​ក្រៅ​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល ទាំង​ក្នុង​ស្រុក និង​នៅ​ឯ​បរទេស ក្នុង​នោះ​ក៏​មាន​ការ​បញ្ចេញ​ទស្សនៈ​ខុសៗ​គ្នា​ផង​ដែរ​ក្នុង​ខួប​លើក​ទី ៣០​ឆ្នាំ​នៃ​ច្បាប់​អន្តរជាតិ​នេះ។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ក្នុង​ខួប ៣០​ឆ្នាំ​នៃ​សន្ធិសញ្ញា​អន្តរជាតិ​នេះ​ថា នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មិន​បាន​ចែង​ទាល់តែសោះ​ថា កម្ពុជា​នឹង​នៅតែ​ស្ថិត​ក្រោម​អាណាព្យាបាល​របស់​អន្តរជាតិ​បន្ត​ទៀត បន្ទាប់ពី​ដំណាក់កាល​បណ្ដោះអាសន្ន។ ពោល គឺ​បន្ទាប់ពី​បេសកកម្ម​អ៊ុនតាក់ (UNTAC) ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣ កន្លងទៅ។

ប្រភព​ដដែល​អះអាង​ថា ការ​ចាកចេញ​របស់​អង្គការ​សហប្រជាជាតិ​ពី​កម្ពុជា ពួកគេ​មិន​បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​ឱ្យ​បាន​ចប់​សព្វគ្រប់​នោះ​ឡើយ ដែល​បាន​បន្សល់​នូវ​តំបន់​ត្រួតត្រា​មួយ​ចំនួន និង​រដ្ឋាភិបាល​ពីរ ប៉ុន្តែ​ក្រោម​ការ​ដឹកនាំ​របស់​បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​ដឹកនាំ​រក​ការ​រួបរួម និង​បាន​កសាង​នូវ​សន្តិភាព​ដែល​ធ្វើ​ឱ្យ​កម្ពុជា​ស្មើ​មុខ​ស្មើ​មាត់​លើ​ឆាក​អន្តរជាតិ​ដល់​សព្វថ្ងៃ​នេះ។

ជុំវិញ​បញ្ហា​នេះ លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​កាលពី​ខែ​តុលា ឆ្នាំ​២០១៩ ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា លែង​មាន​សុពលភាព​ទៀត​ហើយ ព្រោះ​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ​បាន​ដាក់​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ អស់​ទៅ​ហើយ ដូច្នេះ​កិច្ចព្រមព្រៀង​នេះ​ក៏​លែង​មាន​សុពលភាព​លើ​កម្ពុជា​ត​ទៀត​ហើយ។

ទោះ​ជា​បែប​នេះ​ក្តី នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​លើកឡើង​ក្នុង​ថ្ងៃ​ខួប ៣០​ឆ្នាំ​នេះ​ដែរ​ថា កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១ បាន​ក្លាយ​ជា​ច្បាប់​អន្តរជាតិ​ទៅ​ហើយ ដូច្នេះ​ច្បាប់​នេះ​មិន​ស្លាប់​ជា​រៀង​រហូត ព្រោះ​ជា​កិច្ចព្រមព្រៀង​ដែល​កម្ពុជា និង​អន្តរជាតិ​ត្រូវ​គោរព​ជាដាច់ខាត។ ហេតុ​នេះ សូម​កម្ពុជា​កុំ​ព្យាយាម​បំភ្លេច​ច្បាប់​ដែល​អាច​ធានា​បាន​នូវ​អធិបតេយ្យភាព​ជាតិ​ខ្លួន​ឲ្យ​សោះ។

ចំណែក​អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​ក្នុង​ខួប ៣០​ឆ្នាំ​នេះ​ផង​ដែរ​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺជា​កិច្ចសន្យា​ដែល​អាច​បញ្ចប់​សោកនាដកម្ម​បង្ហូរ​ឈាម​ខ្មែរ​កាល​ពី​មុន​នោះ និង​ទៅ​អនាគត ដែល​នឹង​នាំ​ឲ្យ​មាន​សន្តិភាព​ឡើងវិញ​នៅ​កម្ពុជា និង​ធានា​ជា​អន្តរជាតិ​ក្នុង​ការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​រំលោភ​លើ​អធិបតេយ្យភាព ឯករាជ្យ បូរណភាព និង​ភាព​មិន​អាច​រំលោភ​បាន​នៃ​ដែនដី​សុវណ្ណភូមិ​របស់​ខ្មែរ។

ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​កម្ពុជា​ដែល​មាន​កម្រិត​ជា​អន្តរជាតិ ដោយ​មាន​ការ​ចូលរួម​ពី​អង្គការ​សហប្រជាជាតិ បណ្តា​ប្រទេស​មហាអំណាច ប្រទេស​ក្នុង​តំបន់ និង​ជាពិសេស​ដោយ​មាន​ការ​ចូលរួម​យល់ព្រម​គាំទ្រ​ពី​ភាគី​ខ្មែរ​គ្រប់​និន្នាការ​ផង​ដែរ។

លោក កឹម សុខា បញ្ជាក់​ថា មនុស្ស​ជំនាន់​ផ្សេង​គ្នា​មាន​និន្នាការ​ផ្សេង​គ្នា អាច​ឲ្យ​តម្លៃ ឬ​មិន​ឲ្យ​តម្លៃ​ទៅលើ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ​ផ្សេងៗ​ពី​គ្នា​ដែរ ប៉ុន្តែ​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ ត្រូវតែ​ខិតខំ​ដោយ​ខ្លួនឯង​រក​ការ​រួបរួម​គ្នា ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នេះ ដើម្បី​ជាតិ​ខ្មែរ​ទាំងមូល​បន្ត​ទៀត។

លោក​បន្ត​ថា កិច្ចព្រមព្រៀង​នេះ​អាច​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាញ​យក​ផលប្រយោជន៍​ជាច្រើន ទាំង​ផ្នែក​ហិរញ្ញវត្ថុ ការ​ធានា​ការពារ​នូវ​អធិបតេយ្យភាព ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី និង​ដំណើរការ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស